ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងឥដ្ឋផ្នែកខាងក្រោមជុំវិញតួនិរតីប្រាសាទលលៃ ដែលមានសភាពពុកផុយខ្លាំង ហើយនេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តន៍ជាប្រចាំ ដើម្បីថែរក្សាប្រាសាទលលៃ ដែលមានអាយុកាលជាង១២០០ឆ្នាំមកហើយ ឱ្យនៅឈររឹងមាំយូរអង្វែងបន្តទៅទៀត។ បើតាមអាជ្ញាធរជាតិអប្សរា ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសបានប្រមូលបំណែកឥដ្ឋដែលបាក់បែក និងពុកផុយមករៀបផ្គុំពង្រឹងឡើងវិញ ព្រមទាំងបិទបាយអតាមចន្លោះប្រហោង ដើម្បីការពារជម្រាប ទឹកនិងពពួកសត្វល្អិតផ្សេងៗ។ ប្រាសាទលលៃស្ថិតនៅខាងជើងផ្លូវជាតិលេខ៦ (សៀមរាប-ភ្នំពេញ) ដល់ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ១៣ បត់ចុះចម្ងាយ៥០០ម៉ែត្រពីផ្លូវជាតិ ក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទនេះ ត្រូវបានកសាងឡើងនៅចុងសតវត្សទី៩ នៃគ.ស ៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍។
ប្រាសាទនេះស្ថិតនៅកណ្តាលបារាយណ៍ “ឥន្រ្ទតាដាក” ដែលមានបណ្តោយប្រវែង ៣៨០០ម៉ែត្រ និងទទឹង៣០០ម៉ែត្រ នៅជិតព្រះវិហារវត្តលលៃ។ តាមសិលាចារឹកបានឲ្យដឹងដែរថា ទឹក នៅក្នុងបារាយណ៍នេះ គឺសម្រាប់ការប្រើប្រាស់នៅទីក្រុងហរិហរាល័យ និងសម្រាប់ធ្វើស្រែចំការនៅតំបន់នេះ។ បច្ចុប្បន្នស្រះដែលនៅជុំវិញប្រាសាទបាត់អស់ ហើយក្លាយទៅជាវាលស្រែ។ ប្រាសាទលលៃ ជាប្រាសាទមួយដែលស្ថិតនៅក្នុងចំណោមក្រុមទេវស្ថាន ក្រុងហរិហរាល័យៈ។ អាចដោយហេតុថា មិនអាចពង្រីកអាណាចក្ររបស់ព្រះអង្គនៅឯក្រុងហរិហរាល័យឲ្យធំជាងនេះបាន ព្រះបាទឥន្រ្ទវរ្ម័នទី១ បានផ្លាស់រាជធានីនេះ ទៅឯ យសោធរ វិញ។ ដូច្នេះហើយបានជាឈ្មោះរបស់ក្រុងហរិហរាល័យៈត្រូវបានរលាយបាត់ តាំងពីពេលនោះមក ។ ប្រាសាទលលៃមានតួប៉ម៤ ធ្វើពីឥដ្ឋ សង់រៀងជាពីរជួរមុខក្រោយនៅលើជើងគ្រឹះដែលមានទទឹង៨០ម្រ៉ែត បណ្តោយ៩0ម៉្រែត ស្ថិតនៅលើទីទួលខ្ពស់កណ្តាល បារាយណ៍ ដោយមានសិលាចារឹកដូចប្រាសាទព្រះគោ បែរមុខទៅទិសខាងកើត ហើយមានទ្វារបពោ្ឆតបីទិស ទ្វារចូលមួយនៅលើ មេទ្វារប៉មទាំង៤ មានសិលាចារឹកចារស្មើដៃបៀ្របដូចអក្សរពុម្ព។
ចំណែកផែ្តរលើទ្វារ មានក្បាច់រចនានៅ អមមាត់ទ្វារក្នុងប្រអប់ មានចម្លាក់ជារូបប្រាសាទមានទ្វារបាលដៃកាន់ ស៊ែររីត្រីសូល៍។ តួប៉មនីមួយៗមានតម្កល់សិវលិង្គ មិនតែប៉ុណ្ណោះមានឈ្មោះ អ្នកបំរើដែលទទួលនាទីផេ្សងៗពីគ្នាក្នុងការថែទាំ និងរៀបចំកិច្ចបូជាប្រចាំប៉មនីមួយៗ។ នៅពេលបច្ចុប្បន្ន មានប៉មប្រាសាទមួយបានដួលរលំជិតអស់ហើយ គឺនៅសល់តែមួយផ្ទាំងតូចប៉ុណ្ណោះ រីឯប៉មបីទៀត មានសភាពចាស់ទ្រុឌទ្រោមខ្លាំង។ចំពោះរូបចម្លាក់នៅប្រាសាទលលៃ ទោះបីជាមានការទ្រុឌទ្រោមខ្លាំងក៏ដោយ ក៏យើងឃើញមាននូវក្បាច់ចម្លាក់ដ៏រស់រវើកតាមស៊ុមទ្វារ និង ចម្លាក់ថ្មភក់នៅលើផ្តែរ ដែលគេអាចសន្និដ្ឋានបានថា ប្រាសាទដែលនៅទិសខាងកើតមានហោងជាងរូបព្រះឥន្រ្ទគង់លើ ដំរីឯរាវ័ណ ។ ផ្នែកខាងឆ្វេង និងខាងស្តាំរបស់ក្បាលដំរីឯរាវ័ណមានកម្រងផ្កា។ នៅហោជាងលើផ្តែរជាចម្លាក់ផុសរបស់តាបសទាំងអស់ដែលមាន ៨អង្គ កំពុងតែអង្គុយសមាធិតាំងសិល្ប៏។ ចំណែកឯចម្លាក់នៅស៊ុមទ្វារធ្វើអំពីថ្មភក់ជារូបសិង្ហពាំកម្រងផ្កា។ ទោះបីជាចម្លាក់ភាគច្រើនត្រូវបានរលាយបាត់ និងត្រូវបំផ្លិចបំផ្លាញក៏ដោយក៏គេនៅតែចាត់ទុកថាសិល្បៈដ៏ស្អាត វិចិត្រក្នុងទម្រង់សិល្បៈសម័យព្រះគោ ឬក្នុងយុគសម័យអាណាចក្រហរិហរាល័យ៕