ព្រះសីហនុ ៖ ជនសង្ស័យជនជាតិចិន ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចនៃស្ងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួន ក្រោយពេលធ្វើការស្រាវជ្រាវតាមបណ្តឹងសុំជួយអន្តរាគមន៍ ស្វែងរកជនបរទេសចំនួន១នាក់ ដែលបាត់ខ្លួន។
លោកឧត្តមសេនីយ៍ ជូន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា សមត្ថកិច្ច បានចុះស្រាវជ្រាវទីតាំងជាច្រើនកន្លែងនៅក្នុងក្រុងព្រះសីហនុ និងចុងក្រោយក្រុមការងារបានធ្វើការស្រាវជ្រាវ ហើយឈានដល់ការរកឃើញជនសង្ស័យចំនួន៣នាក់ (ប្រុស) ជនជាតិចិន នៅចំណុចសណ្ឋាគារ LZ SEAVIEW RESIDENCE ដែលមានទីតាំងស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក្នុងនោះជនរងគ្រោះជាជនជាតិចិនម្នាក់ ក៏ត្រូវបានជួយសង្គ្រោះផងដែរ ។ លោកស្នងការឱ្យដឹងបន្តថា ជនសង្ស័យជនជាតិចិនទាំង៣នាក់ ដែលបានឃាត់ខ្លួនមានឈ្មោះ ៖ ១-ឈ្មោះ WANG JIANPING កើតថ្ងៃទី២៧ ខែមករា ឆ្នាំ២០០០ (គ្មានលិខិតឆ្លងដែនជាប់ខ្លួន) ពាក់ព័ន្ធករណី បង្ខាំង កាន់កាប់រក្សាទុកអាវុធដោយខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀន ។ ២-ឈ្មោះ YU YANG ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៨៥ កាន់លិខិតឆ្លងដែនលេខៈ EH4139597 ។ ៣- ឈ្មោះ ZHOU LAI ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៩៦ កាន់លិខិតឆ្លងដែនលេខៈ EF7893800 ពាក់ព័ន្ធករណី កាន់កាប់រក្សាទុកអាវុធ និងគ្រឿងញៀនដោយខុសច្បាប់ ។ជាមួយគ្នានេះ សមត្ថកិច្ចដកហូតរថយន្តចំនួន៣គ្រឿង អាវុធខ្លី GLOCK 19 GEN 4 ១០គ្រាប់ ០១ដើម អាវុធ GLOCK 17 ខ្លី ប្រើហ្គាស ០១ដើម និងសម្ភារពាក់ពន្ធ័មួយចំនួនទៀត៕