រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣នេះ បានសហការជាមួយក្រសួងទេសចរណ៍ រៀបចំពិធីប្រ កាសជាផ្លូវការទីក្រុងកំពត ជាទីក្រុងទេស ចរណ៍គ្មានផ្សេងបារី ដែលពិធីនេះ រៀបចំ ឡើងក្រោមអធិបតីភាពលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងមានការចូលរួមពីតំណាងក្រសួងសុខាភិបាល តំណាងអង្គការសុខភាពពិភពលោក តំណាងសហព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍។
បន្ទាប់ពីពិធីប្រកាសជាផ្លូវការ ទីក្រុងកំពត ជាទីក្រុងទេសចរណ៍គ្មានផ្សេងបារីរួច ថ្នាក់ដឹកនាំក្រសួង ខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ សិស្ស និស្សិត កម្លាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត សមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត ព្រមទាំងប្រជាពលរដ្ឋមកពីសង្កាត់ទាំង៥ នៃក្រុងកំពត យ៉ាងច្រើនកុះករ បានចូលរួមដង្ហែពានទីក្រុងស្អាតរំដួល៣ទង ឆ្នាំ២០២២-២០២៤ ដោយចេញដំណើរពីសាលាខេត្ត រហូតដល់រង្វង់មូលទុរេន។
សូមបញ្ជាក់ថា ជ័យលាភីដែលខេត្តកំពតទទួលបានរួមមាន៖
១-ក្រុងទេសចរណ៍គ្មានផ្សែងបារីទី១ នៅកម្ពុជា របស់សហព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្មេយ៍។
២-ពានជ័យលាភី ទីក្រុងទេសចរណ៍គ្មានផ្សែងបារី របស់ក្រសួងទេសចរណ៍។
៣-វិញ្ញាបនបត្រទទួលស្គាល់ ក្រុងកំពត ទីក្រុងទេសចរណ៍គ្មានផ្សែងបារី របស់ក្រសួងទេសចរណ៍។
ខេត្តកំពតទទួលបានរំដួល៣ ទង ក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ " ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្ដៅ" និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ៕