សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរតាំងពិព័រណ៍ថ្មគោលព្រះពាន់បុរាណនៃព្រះពុទ្ធសាសនារចនាប័ទ្មបាយ័ន១ផ្ទាំងធ្វើពីថ្មភក់ ដែលទំនងកសាងឡើងនៅអំឡុងចុងសតវត្សរ៍ទី១២ នៃគ្រីស្ដសករាជ ដើម្បីឱ្យសាធារណជន សិស្ស និស្សិត ព្រមទាំងក្រុមអ្នកស្រាវជ្រាវបានឃើញ និងអាចមកសិក្សាផងស្វែងយល់ផង។ មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរលោក វឿន វិបុលសុខុម ឱ្យដឹងថា ផ្ទាំងចម្លាក់ថ្មភក់ ដែលឆ្លាក់រឿងរ៉ាវនៃព្រះពុទ្ធសាសនារកឃើញដោយការធ្វើកំណាយនេះត្រូវបានគេកំណត់ឈ្មោះថា "ថ្មគោលព្រះពាន់" ដែលជាវត្ថុកម្រមាននៅក្នុងសិល្បៈខ្មែរ។ លោកពន្យល់ថា លក្ខណៈពិសេសរបស់ថ្មគោលនេះគឺមានរូបព្រះពុទ្ធតូចៗទាំងអស់ចំនួន១០០៨ អង្គ ដែលតំណាងឱ្យមង្គលចក្រវាលមួយទៀតអាចនិយាយបានថា ជាអនុព្យញ្ជនៈរបស់ព្រះសម្មាសម្ពុទ្ធ ឬគ្រប់សត្វទាំងអស់មាន១០០៨។
លោក វឿន វិបុលសុខុម បានអះអាងថា ថ្មគោលប្រភេទចម្លាក់បែបសាសនានេះនៅកម្ពុជាគេប្រទះឃើញចំនួន២ផ្ទាំងគឺទី១ជាថ្មគោលឆ្លាក់រូបព្រះពុទ្ធដែលដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរនាខេត្តសៀមរាប និងមួយផ្ទាំងទៀតគឺជាថ្មគោលបែបព្រហ្មមញ្ញសាសនា ដែលមានឆ្លាក់រូបព្រះនារាយណ៍សព្វថ្ងៃដាក់តាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ។ ថ្មគោលព្រះពាន់នេះមានរាងបួនជ្រុងមានកម្ពស់១២២សង់ទីម៉ែត្រ ទទឹង៥៨សង់ទីម៉ែត្រ និងកម្រាស់៤៥សង់ទីម៉ែត្រ និងទំងន់ប្រមាណជាងកន្លះតោន។ នៅតាមជ្រុងទាំង៤មានចម្លាក់ព្រះពុទ្ធសមាធិតូចៗចំនួន១០០៨អង្គ។ នៅផ្នែកខាងលើ និងខាងក្រោមមានការខូចខាតខ្លះៗដោយផ្ទៃសាច់ថ្មមានស្នាមប្រេះបញ្ឈរ និងនៅកំពូលនៃជ្រុងទាំង៤មានលម្អជាក្បាលនាគ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចមកទស្សនាស្វែងយល់បន្ថែមនៃផ្ទាំងថ្មគោលព្រះពាន់បែបព្រះពុទ្ធសាសនានេះរួមទាំងចម្លាក់ប្រតិមាផ្នែកពុទ្ធសាសនាជាច្រើនទៀត ដែលមានតាំងពិព័រណ៌បង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ៕