នៅក្នុងឱកាសបុណ្យទន្លេលើកទី៧នៅខេត្តកំពង់ធំចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣មានផលិតផលខ្មែរជាង៥០០មុខត្រូវបាននាំមកតាំងពិព័រណ៍ និងដាក់លក់ក្នុងឱកាសបុណ្យទន្លេនេះដោយសារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានចាត់ទុកថា ការរៀបចំពិព័រណ៍ផលិតផលនេះគឺជាការនាំចេញនៅនឹងកន្លែង និងជួយលើកស្ទួយផលិតផលក្នុងស្រុក។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍នេះគឺមានការតាំងពិព័រណ៍សមិទ្ធផលមហោស្រពម្ហូបអាហារនិងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ផលិតផលសហគ្រាសធុនតូច និងមធ្យមផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ ដែលមានស្ដង់សរុបចំនួន៣០០ស្តង់។
លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា "ការរៀបចំពិព័រណ៍នេះគឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ឱ្យអស់លទ្ធភាពនៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាការនាំចេញនៅនឹងកន្លែងសំដៅគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍"។ ចំណែកលោក សួង ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយក៏បានឱ្យដឹងថា នាឱកាសពិធីបុណ្យទន្លេនៅខេត្តកំពង់ធំនេះ គណៈកម្មាធិការជាតិរួមជាមួយសហគមន៍បានដឹកនាំសមាជិករបស់ខ្លួនដែលជាសិប្បករ អាជីវករ កសិករ ក្រុមហ៊ុន វេជ្ជបណ្ឌិតស្រាវជ្រាវផ្នែកឱសថនាំផលិតផលដែលខ្លួនផលិតបានមកដាក់លក់តាំងបង្ហាញ និងផ្សព្វផ្សាយនៅតាមស្ដង់ផលិតផលជាច្រើន។
លោកបញ្ជាក់ថា ស្ដង់ផលិតផលដែលនៅក្រោមគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយគឺមានស្ដង់VIPចំនួន៤ស្ដង់ និងស្ដង់របស់សមាជិកចំនួន២១ស្ដង់ ក្នុងនោះមានផលិតផលដល់ទៅជាង៥០០មុខ ដែលសុទ្ធតែជាផលិតផលស្នាដៃកូនខ្មែរ អាជីវករ សិប្បករ កសិករ ប្រជាជនខ្មែរទាំងអស់ដូចជា ដូង ទឹកដោះគោ ទឹកត្រី ប្រេងដូង ប្រេងស្លឹកគ្រៃ ប្រេងរឹតធ្វើពីស្លឹកម្លូ ក្រណាត់សូត្រ ក្រណាត់ហូល ក្រមា កាបូប ម្សៅចេក ផលិតផលដែលបានពីត្នោត ផលិតផលដែលបានពីកាកាវ គ្រាប់ស្វាយចន្ទី សាច់ក្រក ត្រីងៀត អំបុក ភេសជ្ជៈ ចម្លាក់ស្បែក គ្រឿងឧបភោគបរិភោគរបស់របរប្រើប្រាស់ ដំណាំកសិកម្ម វត្ថុអនុស្សាវរីយ៍ វត្ថុលម្អសោភ័ណភាពជាដើម។
ជាមួយគ្នានោះលោកបានលើកឡើងអំពីផ្លែដូង ឬដូងក្រអូបដែលសហគមន៍បានប្រមូលយកពីសមាជិកដែលជាកសិករនៅទូទាំងប្រទេសដើម្បីយកមកលក់ក្នុងឱកាសបុណ្យទន្លេ ឬបុណ្យសមុទ្រមុនៗក្នុងមួយថ្ងៃអាចលក់បានដល់ទៅជាង១០,០០០ផ្លែ ហើយក្នុង១ផ្លែតម្លៃ៤,០០០រៀល ៣ផ្លែចុះនៅសល់១០,០០០រៀល។ លោកថា ប្រសិនបើមានច្រើនជាងនេះក៏នៅតែលក់អស់។
លោកអគ្គលេខាធិការរងក៏បានអំពាវនាវដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ មណ្ឌលកម្សាន្ត ក្រុមហ៊ុន និងអ្នកប្រើប្រាស់នានាសូមចូលរួមគាំទ្រផលិតផលខ្មែរតាមរយៈការជួយទិញ ជួយជាវផលិតផលខ្មែរដែលខ្មែរផលិតបានយកទៅប្រើប្រាស់ក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួនក្នុងផ្ទះ ក្នុងក្រុមហ៊ុនរបស់ខ្លួន ដើម្បីបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិត។ លោករដ្ឋមន្ត្រី ថោង ខុន មានការគាំទ្រយ៉ាងពេញទំហឹងចំពោះការចូលរួមតាំងពិព័រណ៍ផលិតខ្មែរក្នុងស្រុកនៅក្នុងព្រឹត្តិការណ៍ទេសចរណ៍នានាដូចជា ពិព័រណ៍ទេសចរណ៍ ពិធីបុណ្យធំៗមានបុណ្យទន្លេ បុណ្យសមុទ្រជាដើម ក៏ដូចជាការដាក់បង្ហាញផលិតផលទាំងនោះឱ្យដល់ភ្នែកដល់ដៃទេសចរតែម្ដង។ លោករដ្ឋមន្ត្រីមានសុទិដ្ឋិនិយមថា "វិស័យទេសចរណ៍ ក៏ត្រូវបានចាត់ទុកថា ជាការនាំចេញនៅនឹងកន្លែង និងជួយដល់ផលិតផលក្នុងស្រុកផងដែរ"៕