ខ្លោងទ្វារតាកាវ បានបង្ហាញសម្រស់ និងភាពរឹងមាំ ត្រចះត្រចង់ និងឈរបង្អួតភ្ញៀវទេសចរឡើងវិញហើយក្រោយពីជួសជុលរួចហើយប្រជាពលរដ្ឋក៏អាចធ្វើដំណើរឆ្លងកាត់ទីនេះដោយសុខសុវត្ថិភាពលែងមានការលំបាកដូចមុនទៀតហើយ។ ខ្លោងទ្វារតាកាវបានចាប់ផ្តើមដំណើរការ ជួសជុលពីខែកុម្ភៈ ឆ្នាំ២០២១ ជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនហេង អភិវឌ្ឍន៍។ ស្ថាបត្យករ អ្នកបុរាណវិទូ និងក្រុមជាងគ្រប់ផ្នែក ដែលបានចូលរួមជួសជុលសំណង់ខ្លោងទ្វារតាកាវបានបង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីឃើញខ្លោងទ្វារបុរាណមួយនេះបង្ហាញសម្រស់ដ៏ល្អឯកព្រមទាំងមានភាពរឹងមាំយូរអង្វែងតទៅទៀត។
អ្នកស្រី ហាន ម៉ាច អាយុ៦៦ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើងដែលបានចូលរួមជួសជុលប្រាសាទជាច្រើននៅតំបន់អង្គរជាមួយអាជ្ញាធរជាតិអប្សរាជាង២០ឆ្នាំមកហើយក្នុងចំណោមកម្មករជាច្រើនទៀត ដែលបានទៅជួសជុលខ្លោងទ្វារតាកាវមានប្រសាសន៍ថា កាលពីដំបូងខ្លោងទ្វារតាកាវបានរងការខូចខាតជាច្រើនកន្លែងដូចជាថ្មក្រៀកចេញពីគ្នាព្រមទាំងមានជ្រុះធ្លាក់មកដីផង ហើយនៅទីតាំងកំពូលមុខព្រហ្ម ដំរីក្បាលបី ចម្លាក់រូបទេវតា និងអសុរទាញព្រ័ត្រនៅស្ពានហាលជាដើមសុទ្ធតែជាកន្លែងគ្រោះថ្នាក់មិនអាចធ្វើដំណើរឆ្លងកាត់បានទេ។
អ្នកស្រី ហាន ម៉ាច មានប្រសាសន៍ដោយសប្បាយចិត្តថា មកដល់ពេលជួសជុលរួចរាល់ឃើញថាសម្រស់ខ្លោងទ្វារតាកាវពិតជាស្អាតខ្លាំងណាស់ស្ទើរតែមិនជឿភ្នែកខ្លួនឯង។ ការងារនេះមានតម្លៃខ្លាំងណាស់ព្រោះអ្នកស្រីបានចូលរួមថែរក្សាប្រាសាទបុរាណខ្មែរយើងឱ្យស្ថិតស្ថេរយូរអង្វែងបន្តទៀត។ លោក ហឿង ឈ្លឿន អាយុ៣៩ឆ្នាំអ្នកភូមិអូរទទឹងជាកម្មករដែលបានចូលរួមជួសជុលខ្លោងទ្វារតាកាវម្នាក់ទៀតឱ្យដឹងដែរថា រយៈពេល៣ឆ្នាំមកនេះខ្លោងទ្វារតាកាវបានផ្លាស់ប្រែសភាពខុសប្លែកពីមុន ដែលធ្លាប់តែមានការបាក់បែក បែរជាត្រឡប់ទៅជារឹងមាំឡើងវិញ។
លោកបន្តថា ការជួសជុលខ្លោងទ្វារតាកាវបានជួបការលំបាកខ្លះៗដោយសារតែបាត់ថ្មជាច្រើន ដែលតម្រូវឱ្យថែមថ្មថ្មី។ ប៉ុន្តែលោកបានខិតខំបំពេញការងារដោយយកចិត្តទុកដាក់ដើម្បីរក្សាកេរមរតកដូនតាមួយនេះឱ្យបានគង់វង្សបន្តទៀត។ ជារៀងរាល់ថ្ងៃមិនថាអ្នកស្រី ហាន ម៉ាច និងលោក ហឿង ឈ្លឿន គឺក្រុមជាងធ្វើការនៅខ្លោងទ្វារតាកាវទាំងអស់តែងក្រោកពីព្រឹករៀបចំដាំបាយវេចខ្ចប់ចាកចេញពីផ្ទះដើម្បីយកទៅហូបនៅការដ្ឋាន ហើយល្ងាចទើបត្រឡប់ទៅផ្ទះវិញដោយមិនដែលនឿយហត់ និងការងារនោះឡើយ៕