ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង៤០ម៉ឺននាក់បានចូលរួមទស្សនានៅក្នុងពិធីបុណ្យទន្លេលើកទី៧នៅខេត្តកំពង់ធំរយៈពេល២ថ្ងៃដំបូងនេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់មន្ទីរទេសចរណ៍ខេត្តកំពង់ធំ។ លោក សេង អាន មន្ទីរទេសចរណ៍ខេត្ត កំពង់ធំបានថ្លែងថា ចំនួនប្រជាពលដ្ឋចូលរួមបុណ្យទន្លេនៅថ្ងៃទី០៧មានប្រមាណ១៨,៥០០នាក់ និងថ្ងៃទី០៨មានប្រមាណ៣៨៥,០០០នាក់ សរុប៤០៣,៥០០នាក់។
ចំណែកលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយនេះគឺមានការតាំងពិព័រណ៍សមិទ្ធផលមហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍សរុបចំនួន៣០០ស្តង់។ ការរៀបចំពិព័រណ៍នេះគឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ឱ្អស់លទ្ធភាពនៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាការនាំចេញនៅនឹងកន្លែងក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍។
ក្រៅពីនេះមានការសម្តែងទស្សនីយភាពសិល្បៈចម្រុះបុរាណ-សម័យ ដែលមានការចូលរួមពីសិល្បករ-សិល្បការនីជាតិ និងថ្នាក់ក្រោមជាតិព្រមទាំងមានសកម្មភាពកីឡាដែលរួមមាន៖ កីឡារត់ប្រណាំងកម្សាន្ត៣គម និង៥គម កីឡាបាល់ទាត់ឆ្នេរខ្សាច់ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាប៉េតង់ ប្រដាល់គុនខ្មែរ កីឡាបាល់ទាត់លើតុ ដែលសកម្មភាពកីឡាទាំងនេះ នឹងបង្ហាញអំពីការចូលរួមអបអរសាទរដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនៅសល់តែ៥៧ថ្ងៃទៀតប៉ុណ្ណោះកម្ពុជាយើងនឹងត្រូវធ្វើជាម្ចាស់ផ្ទះលើកដំបូង។
ទោះជាយ៉ាងណាលោករដ្ឋមន្ត្រីធ្លាប់បង្ហាញការរំពឹងទុកថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យទន្លេនៅខេត្តកំពង់ធំនេះ នឹងទទួលបានភ្ញៀវទេសចរយ៉ាងតិច១លាននាក់។ គួរបញ្ជាក់ថា ពិធីបុណ្យទន្លេលើកទី៧នៅខេត្តកំពង់ធំគឺប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ដល់១០ ខែមីនា ឆ្នាំ២០២៣ក្រោមប្រធានបទ “ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)” ប៉ុន្តែប្រជាជនបានមកទស្សនាកម្សាន្តបណ្ដើរៗមុនថ្ងៃចាប់ផ្ដើមព្រឹត្តិការណ៍ទៅទៀត៕