អាជ្ញាធរជាតិអប្សរាបានចាប់ផ្ដើមសាងសង់ហេដ្ឋារចនាសម្ពន្ធ "ភូមិបេតិកភណ្ឌវប្បធម៌" នៅបរិវេណមុខប្រាសាទអង្គរវត្ត ដែលអាជ្ញាធរជាតិអប្សរាសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងប្រារព្ធខួប១០ឆ្នាំចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខ។ លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងជាសមាជិកក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាក៏បានទទួលខុសត្រូវក្នុងគម្រោងនៃការរៀបចំកម្មវិធី "ភូមិបេតិកភណ្ឌវប្បធម៌" ដែលជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំង៤៤នៃព្រឹត្តការណ៍អង្គរសង្ក្រាន្ត។ លោក ទិន ទីណា បានឱ្យដឹងថា ក្នុងឱកាសព្រិត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ខាងមុខក្រោមប្រធានបទ "ក្តីស្រម៉ៃ និងសង្ឃឹម" សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិធីខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តសហការជាមួយអាជ្ញាធរជាតិអប្សរារៀបចំកម្មវិធីដែលមានឈ្មោះ "ភូមិបេតិកភណ្ឌវប្បធម៌" ដើម្បីចូលរួមអបអរសាទរបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរ។
លោក ទិន ទីណា បន្ថែមទៀតថា ភូមិបេតិកភណ្ឌវប្បធម៌នេះនឹងមានការបង្ហាញពីបេតិកភណ្ឌរូបី និងអរូបីតាមរយៈការបង្ហាញពីបច្ចេកទេសក្នុងការរំលីងថ្មយកមកសាងសង់ប្រាសាទមាននៅតាមចម្លាក់ប្រាសាទបាយ័ន និងបច្ចេកទេសជួសជុលប្រាសាទឥដ្ឋក្នុងរមណីយដ្ឋានអង្គររួមទាំងការរំកិលថ្ម។ រីឯបេតិកភណ្ឌអរូបីមានបង្ហាញអំពី របៀបចារសាស្ត្រាស្លឹករឹតដែលជាមរតករបស់អ្នកស្រុកពួក ដែលបង្ហាញពីរបៀបចារហើយសាធារណជនអាចសាកល្បងចារបានថែមទៀតបង្ហាញសិល្បៈការស្មូនភាជន៍ការដាប់ស្បែក ហើយអ្នកទស្សនាអាចរៀនដាប់ឆ្លាក់ចម្លាក់ស្បែកការផ្តិតសិលាចារិកឬរូបដល់អ្នកទស្សនា និងមានការប្រគំតន្ត្រីរបស់អ្នកភូមិត្បែងព្រមទាំងលេងល្បែងប្រជាប្រិយខ្មែរជាច្រើនដែររួមទាំងការតាំងផ្ទាំងព័ត៌មានបង្ហាញសមិទ្ធផលការងារ ៣០ឆ្នាំការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
លោក ទីណា បញ្ជាក់ថា ការរៀបចំភូមិបេតិកភណ្ឌវប្បធម៌ផ្តោតលើគោលគំនិតសំខាន់ៗដូចជា ផ្តល់ភាពសប្បាយរីករាយ ផ្តល់ការអប់រំ និងបណ្តុះគំនិតស្មារតីថ្មីៗ និងផ្សព្វផ្សាយពីសមិទ្ធផលស្នាដៃសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា។ ការតាំងបង្ហាញសម្បត្តិបេតិកភណ្ឌទាំងរូបី និងអរូបីទាំងនេះដើម្បីបង្ហាញដល់មហាជនបណ្ដុះគំនិតឱ្យបានយល់ដឹងក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាការពារនូវសម្បត្តិបេតិកភណ្ឌជាតិដែលមិនអាចកាត់ថ្លៃបាន៕