ការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានធ្វើឡើងកាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នៅក្នុងកិច្ចប្រជុំដើម្បីសម្រេចផែនការត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៧ ដែលគ្រោងធ្វើឡើងនៅខេត្តកំពង់ធំ នាថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ខាងមុខ។ ពិធីបុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្តទៅនៅខេត្តកំបង់ធំ ចាប់ពីថ្ងៃទី៨ដល់១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next) ក្រោមកិច្ចសហការរៀបចំរបស់គណៈកម្មការអន្តរក្រសួង។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះលោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ពិធីបុណ្យទន្លេឆ្នាំនេះនឹងផ្តល់ជូនសកម្មភាពសំខាន់ៗដូចជាការសម្ដែងទស្សនីយភាពសិល្បៈរបាំជនជាតិ ភាគតិច កួយ ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យទន្ល។ មហោស្រពម្ហូបអាហារខ្មែរព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមដងទន្លេ និងការតាំងពិព័រណ៍ផលិតផលសិប្បកម្ម កសិទេសចរណ៍ និងផលិតផលក្នុងស្រុក ភូមិ មួយផលិតមួយផលិតផលកែច្នៃរួមទាំងមានសកម្មភាពកីឡាដោយមានការចូលរួមពីសំណាក់កីឡាករ-កីឡាការនីជាតិនិងអន្តរជាតិ។ លោក ថោង ខុន បានឱ្យដឹងទៀតថា ពិធីបុណ្យទន្លេលើកទី៧នេះគឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានាតាមដងទន្លេជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេការងារអភិវឌ្ឍទេសចរណ៍សហគមន៍។
លោក ថោង ខុន ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍រដ្ឋបាលខេត្តកំពង់ធំ និងមន្ត្រីអន្តរក្រសួងស្ថាប័នពាក់ព័ន្ធត្រូវសហការគ្នាត្រៀមរៀបចំឱ្យបានរួចរាល់គ្រប់ផ្នែកទាំងអស់ទាំងការរៀបចំការតាំងពិរណ៍ទាំងផ្នែកកីឡា និងការរៀបចំផ្នែកហេដ្ឋារចនាសម្ព័ន្ធគ្រប់ផ្នែកទាំងអស់មុនពិធីបុណ្យទន្លេមកដល់។ លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ពិធីនោះត្រូវរៀបចំឱ្យមានការតាំងពិព័រណ៍ផលិតផលក្នុងស្រុកឱ្យបានច្រើន ដែលបានមកពីផលិតរបស់ប្រជាពលរដ្ឋក្នុងស្រុកក្រៅពីនេះក៏ត្រូវមានការបង្ហាញអំពីសក្ដានុពលវប្បធម៌ តំបន់ប្រវត្តិសាស្ត្រ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានយល់ថា កម្ពុជាមានប្រវត្តិសាស្ត្រមានវប្បធម៌យូរលង់មកហើយរបស់កម្ពុជាផងដែរ។ ជាមួយគ្នានោះសម្រាប់សម្មភាពក្នុងការផ្សព្វផ្សាយទេសចរណ៍សហគមន៍ក៏ត្រូវតែរៀបចំឱ្យបានផុសផុលនៅក្នុងពិធីបុណ្យទន្លេលើកទី៧នេះផងដែរ។
ចំណែក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានឱ្យដឹងដែរថា សម្រាប់ផែនការនៃការត្រៀមរៀបចំបុណ្យទន្លេលើកទី៧នេះគឺបានរៀបចំរួចហើយមួយចំនួនធំនៅសល់តែកិច្ចការចំពោះមុខតិចតួច ដែលមិនទាន់ចេញជារូបរាងតែប៉ុណ្ណោះដោយលោកក៏បានណែនាំឱ្យមន្ត្រីជំនាញរៀបចំឱ្យបានរួចរាល់ទាន់ពេលវេលាទាំងការរៀបចំអនាម័យ តាមដងផ្លូវសំខាន់ៗមួយចំនួន និងការតុបតែងភ្លើង លម្អរ ឱ្យបានរួចរាល់មុនបុណ្យទន្លេមកដល់ផងដែរ៕