ប្រាសាទភ្នំធាតុគឺជាប្រាសាទមួយមានវ័យចំណាស់រាប់រយឆ្នាំដែលអ្នកខេត្តស្ទឹងត្រែងតែងមានជំនឿថាពូកែសាកសិទ្ធ ហើយក៏ជារមណីយដ្ឋានមួយដែលទាក់ទាញអ្នកទេសចរចូលចិត្តវប្បធម៌ និងអ្នកសិក្សាឈ្វេងយល់ឡើងទៅបន់ស្រន់មើលទេសភាពនៅទីនោះផងដែរ។ តាមឯកសារបានដំណាលថា ប្រាសាទភ្នំធាតុសង់ឡើងដើម្បីដាក់ធាតុសពរបស់ស្ដេចនាម៉ឺនសព្វមុខមន្រ្តី ឬមេទ័ពដែលបានពលិកម្មដើម្បីជាតិមាតុភូមិក្នុងសម័យកាលដ៏យូរលង់មកហើយ។ មកដល់បច្ចុប្បន្នប្រាសាទភ្នំធាតុក្រៅពីចាស់ទុំក្នុងខេត្តស្ទឹងត្រែងក៏មានអ្នកដំណើរទេសចរចាប់អារម្មណ៍ឡើងទៅអុចធូបផងដែរ។
មុននឹងទៅដល់ប្រាសាទភ្នំធាតុស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង យើងត្រូវធ្វើដំណើរចេញពីរង្វង់មូលថ្មីឆ្ពោះទៅទិសខាងលិចត្រង់ ដែលមានចម្ងាយប្រហែលពីរគីឡូម៉ែត្រតាមផ្លូវចាក់បេតុង និងផ្លូវកៅស៊ូអមដោយផ្ទះតូចធំខ្ពស់ទាប។ បន្ទាប់មកយើងគ្រាន់តែធ្វើដំណើរឡើងទៅលើទួល និងដល់ប្រាសាទតូចមួយដែលគេសង់ជារោងសម្រាប់គោរពបូជាតាមជំនឿសាសនាបែបអរូបីរួមទាំងមានថ្មចម្លាក់ផ្តែនិងថ្មឥដ្ឋហាក់បីដូចជាប្រាសាទស្ថិតនៅអាថ៌កំបាំងមួយ៕