សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការតាំងពីឆ្នាំ២០០៨មក ដោយមានថែរក្សា និងអភិរក្សវត្ថុបុរាណជាច្រើនដែលបានមកពីការធ្វើកំណាយស្រាវជ្រាវនានាយកមករក្សាទុកនៅទីនេះ។ សារមន្ទីរមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នេះក្រៅពីបានបើកឱ្យសាធារណៈជនបានចូលទស្សនាហើយក៏អនុញ្ញាតឱ្យអ្នកសិក្សាស្រាវជ្រាវនានាចូលមកសិក្សាស្វែងយល់ផងដែរ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រតិភូក្រុមប្រឹក្សាកុមាយុវជនរាជធានីភ្នំពេញចំនួនប្រមាណ២៥០នាក់ បានចូលមកទស្សនាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរក្រោមការជួយសម្របសម្រួលពីសំណាក់អាជ្ញាធរជាតិអប្សរា។ មកដល់ទីនេះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះពួកគាត់បានឃើញវត្ថុសិល្បៈជាច្រើន ដែលកន្លងមកស្ទើមិនធ្លាប់បានឃើញទាល់តែសោះ។
លោកវ៉ន ដារ៉ូ នាយកសាលាទួល ស្វាយព្រៃ ក្នុងរាជធានីភ្នំពេញបានឱ្យដឹងថា បន្ទាប់ពីបានដឹកនាំសិស្សានុសិស្សមកធ្វើទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរជាពិសេសសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ព្រោះបានឃើញវត្ថុបុរាណមានតម្លៃជាច្រើនរាប់រយប្រភេទមានទាំងព្រះពុទ្ធបដិមា ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវនានា។ លោកបន្តថា សារមន្ទីរនេះបានដើរតួនាទីសំខាន់ខ្លាំងណាស់ក្នុងការថែរក្សា និងអភិរក្សវត្ថុសិល្បៈមានតម្លៃនានាដើម្បីតាំងបង្ហាញសម្រាប់សាធារណៈបានទស្សនានិងសិក្សាស្វែងយល់។ លោកគ្រូ អ្នកគ្រូ ចង់ឱ្យយុវជនជំនាន់ក្រោយចូលមកទស្សនានៅសារមន្ទីរបែបនេះព្រោះថានឹងជំរុញទឹកចិត្តយុវជនឱ្យកាន់តែស្រឡាញ់វប្បធម៌របស់ជាតិខ្លួន។
យុវជន សីខៈទី មុនី អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីមសន្ធរម៉ុករាជធានីភ្នំពេញបានឱ្យដឹងថា នេះជាលើកទីមួយហើយដែលប្អូនបានចូលមកទស្សនានៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។ មកដល់ទីនេះប្អូនបានឃើញវត្ថុសិល្បៈដ៏មានតម្លៃជាច្រើន ដែលខ្លួនមិនធ្លាប់បានឃើញកន្លងមកព្រមជាមួយការធ្វើបទបង្ហាញពីមគ្គុទេសនៅក្នុងសារមន្ទីរផងធ្វើឱ្យប្អូនបានយល់ដឹងកាន់តែច្បាស់ពីតម្លៃនៃវត្ថុសិល្បៈទាំងនោះ។
យុវជនរូបនេះបានបង្ហាញការគាំទ្រនៅពេលបានឃើញការដាក់តាំងបង្ហាញវត្ថុសិល្បៈទាំងអស់នេះព្រោះថាអាចឱ្យប្រជាពលរដ្ឋ យុវជន ឬភ្ញៀវទេសចរ ចូលមកទស្សនា និងសិក្សាស្វែងយល់។ សូមជម្រាបផងដែរថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរ បានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹកដល់ម៉ោង៤:៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖០៦៣ ៧៦៣ ៥៧៥។សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានតាំងបង្ហាញវត្ថុសិល្បៈបុរាណជាច្រើនរាប់រយប្រភេទផ្សេងៗគ្នា ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវ និងការបរិច្ចាគពីសាធារណៈជនជាដើម៕