ការស្នើសុំនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Choi Eubg-chon អគ្គនាយកនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌រវាងប្រទេសទាំងពីរ។ នៅក្នុងជំនួបនោះលោក Choi Eung-chon បានរំលឹកពីការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នបេតិកភណ្ឌវប្បធម៌កូរ៉េដែលចាប់ផ្តើមពីឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ន។ លោកក៏បានបង្ហាញពីសមិទ្ធផល ដែលសម្រេចបាននាពេលកន្លងមកនិងបង្ហាញពីគោលបំណងជួយជួសជុលខឿននៃរួតបាកាណប្រាសាទអង្គរវត្តនាពេល ខាងមុខផងដែរ។
ចំណែកលោក ហង់ ពៅ បានរំលឹកពីគម្រោងនានា ដែលស្ថាប័នកូរ៉េបាននឹងកំពុងជួយលើកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរនិងបានសម្តែងការអរគុណដល់ភាគីកូរ៉េ ដែលបានជួយបណ្ដុះបណ្ដាលមន្រ្តីអាជ្ញាធរជាតិអប្សរាដែលជាផ្នែកសំខាន់ក្នុងការពង្រឹងធនធានមនុស្សសម្រាប់កិច្ចការអភិរក្សបេតិកភណ្ឌ។ បន្ថែមពីនេះលោក ហង់ ពៅ ក៏បានស្នើទៅភាគីកូរ៉េពិចារណាចែករំលែកបទពិសោធន៍ផ្សេងៗអំពីកិច្ចការសារមន្ទីរដូចជាការគ្រប់គ្រងថែរក្សាសមុច្ច័យនានាក្នុងសារមន្ទីរឱ្យបានគង់វង្ស និងស្ថិតស្ថេរផងដែរ៕