អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញបានប្រារព្ធពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ដើម្បីបើកការដ្ឋានសាងសង់ "ភូមិបេតិកភណ្ឌវប្បធម៌" នៅកសិន្ធុខាងជើងប្រាសាទអង្គរវត្តសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ដែលគ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។ ពិធីក្រុងពាលីនេះបានធ្វើឡើងតាមទំនៀមសាសនាក្នុងនោះរួមមានពីធីថ្វាយគ្រឿងសក្ការៈចំពោះបារមីវត្ថុស័ក្តសិទ្ធដើមី្បសុំនូវសេចក្តីសុខក្នុងការរៀបចំធ្វើអង្គរសង្រ្កាន្តនៅលើទឹកដីប្រវត្តិសាស្ត្រអង្គរឱ្យបានប្រព្រឹត្តទៅប្រកបដោយភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ អន្តរជាតិបានសប្បាយរីករាយ។
លោក ទិន ទីណា អនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលស្រាវជ្រាវ និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នៅពេលខាងមុខគឺសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តរំលឹកខួបទី១០ឆ្នាំក្រោមប្រធានបទ "ក្តីស្រមៃនិងក្តីសង្ឃឹម" ហើយសហភាពសហព័ន្ធយុវជនកម្ពុជាក៏បានស្នើឱ្យអាជ្ញាធរជាតិអប្សរាជួយរៀបចំកម្មវិធីមួយឈ្មោះថាភូមិបេតិកភណ្ឌវប្បធម៌។ លោកបញ្ជាក់ថា ភូមិបេតិកណ្ឌ ដែលអាជ្ញាធរអប្សរាកំពុងរៀបចំសាងសង់នេះ នឹងដាក់បង្ហាញអំពីបេតិកភណ្ឌរូបិយដូចជាបង្ហាញឧបករណ៍បច្ចេកទេសនៃការរំលីងថ្មដើម្បីយកមកផ្គុំកសាងប្រាសាទ ដែលឃើញមាននៅតាមចម្លាក់របស់ប្រាសាទបាយ័នការបង្ហាញអំពីបច្ចេកទេសនៃការជួសជុលប្រាសាទទឹកជាដើម៕