សហរដ្ឋអាមេរិកបានព្រមានប្រទេសចិនអំពីផលវិបាកធ្ងន់ធ្ងរប្រសិនបើពួកគេបញ្ជូនអាវុធដល់រុស្ស៊ីក្នុងការគាំទ្រការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន ខណៈដែលឧត្តមសេនីយកំពូលរបស់ទីក្រុង Kyiv បានទៅទស្សនាទីក្រុងជួរមុខនៃតំបន់ Bakhmut ដែលជាកន្លែងដែលមានទាហានអ៊ុយក្រែនឈរជើងកំពុងទប់ទល់នឹងការវាយប្រហារឥតឈប់ឈរ។ ទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តណាតូកំពុងព្យាយាមរារាំងប្រទេសចិនពីការផ្ដល់ជំនួយយោធាសម្រាប់សង្គ្រាមរបស់ទីក្រុងម៉ូស្កូ ដែលធ្វើអោយមតិជាសាធារណៈជាច្រើនមានជំនឿថាទីក្រុងប៉េកាំងកំពុងពិចារណាផ្តល់សម្ភារៈសឹកសង្គ្រាមដ៍គ្រោះថ្នាក់មកកាន់រុស្ស៊ីដែលក្នុងនោះរួមមានដូចជាដ្រូនជាដើម។
ភាពភ័យខ្លាចរបស់ប្រទេសលោកខាងលិចដែលថាប្រទេសចិននឹងផ្តល់ជំនួយអាវុធមកកាន់រុស្ស៊ីបានកើតឡើងនៅពេលដែលកងកម្លាំងនៃទីក្រុងម៉ូស្កូជួបការលំបាកនៅក្នុងការតតាំងដណ្តើមយកផលប្រយោជន៍នៅជុំវិញគោលដៅសំខាន់ៗនៅតំបន់ភាគខាងកើតអ៊ុយក្រែន នៅខណៈដែលទីក្រុង Kyiv រៀបចំផែនការវាយបកមួយដោយប្រើប្រាស់អាវុធទំនើបរបស់ប្រទេសលោកខាងលិចដោយក្នុងនោះផងដែរមានដូចជារថក្រោះចម្បាំងជាដើម។ ទីក្រុងប៉េកាំងបានបដិសេធនៅក្នុងការថ្កោលទោសមកលើការវាយប្រហាររបស់ទីក្រុងម៉ូស្កូដែលធ្វើឡើងលើអ៊ុយក្រែន និងខណៈពេលថ្មីៗនេះផងដែរគឺនៅក្នុងកិច្ចប្រជុំ G20 ដែលធ្វើឡើងនៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍មុន។ ពួកគេបានចេញផ្សាយសំណើបទឈប់បាញ់ប្រហារកាលពីថ្ងៃសុក្រដែលជាខួបលើកទីមួយនៃការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ប៉ុន្តែក៏ត្រូវបានរងនូវភាពសង្ស័យ និងការមិនគាំទ្រមួយចំនួនពីប្រទេសសម្ព័ន្ធមិត្តអ៊ុយក្រែននៅលោកខាងលិច។
នាយក CIA លោក William Burns ក៏បានថ្លឹងថ្លែងផងដែរទាក់ទងនឹងប្រទេសចិននៅក្នុងបទសម្ភាសន៍មួយនៅលើកម្មវិធី “Face the Nation”របស់ប៉ុស្តិ៍ CBS ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យដោយលោកបានលើកឡើងថាទីភ្នាក់ងារសម្ងាត់អាមេរិក CIA មានទំនុកចិត្តថាទិសដៅដឹកនាំរបស់ចិនកំពុងពិចារណាផ្តល់ជំនួយអាវុធដ៍គ្រោះថ្នាក់នេះ ថ្វីបើពួកគេមិនទាន់ឃើញមានភស្តុតាងនៃការដឹកជញ្ជូនពិតប្រាកដនៃអាវុធទាំងនេះ ។ តំណាងរាស្រ្តគណបក្សសាធារណរដ្ឋ លោក Michael McCaul ដែលជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានដកស្រង់របាយការណ៍ថាដ្រូនគឺជាអាវុធមួយនៅក្នុងចំណោមអាវុធដែលចិនកំពុងពិចារណាបញ្ជូនមកប្រទេសរុស្ស៊ីនេះ។
លោក McCaul បាននិយាយថាមេដឹកនាំចិនលោក Xi Jinping កំពុងរៀបចំធ្វើទស្សនកិច្ចនៅទីក្រុងម៉ូស្កូនៅសប្តាហ៍ក្រោយនេះហើយ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ លោកពូទីនចោទប្រកាន់ឡ់ើងថាសង្រ្គាមនៅក្នុងអ៊ុយក្រែននេះគឺជា"ប្រតិបត្តិការយោធាពិសេស" ជាការប្រឈមមុខជាមួយនឹងលោកខាងលិចដែលបានគំរាមកំហែងមកលើការរស់រានមានជីវិតរបស់រុស្ស៊ីនិងប្រជាជនរុស្ស៊ី។ លោកពូទីនបានប្រាប់ទូរទស្សន៍រដ្ឋ Rossiya 1 នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធថា "ប្រទេសលោកខាងលិចមានគោលដៅធំតែមួយគត់ នោះគឺដើម្បីបំបែកអតីតសហភាពសូវៀតនិងផ្នែកមូលដ្ឋានរបស់វា - ដែលជាសហព័ន្ធរុស្ស៊ី" ។