ក្បាលស្ពានជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិរមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិដកពោធិ៍ ឃុំឃុនរាម ស្រុកបន្ទាយស្រី ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦៦ចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីសាលាស្រុកបន្ទាយស្រី និងមានចំងាយប្រមាណ៥០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបនៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាប្រវត្តិនៃការសាងសង់ទីតាំង និងជាតំបន់វប្បធម៌ប្រវត្តិសាស្រ្ត។ ក្បាលស្ពាន ដែលជារមណីយដ្ឋានផង និងជាបុរាណស្ថានផងនោះ ស្ថិតនៅជួរភ្នំគូលែន ប៉ែកខាងលិចរយៈកម្ពស់ប្រមាណ២០០ម៉ែត្រពីកម្រិតទឹកសមុទ្រ។ បច្ចុប្បន្ននៅទីនោះមានភ្ញៀវទេសចរមកលំហែកម្សាន្តមើលចម្លាក់ មើលព្រៃព្រឹក្សា ស្រូបខ្យល់បរិសុទ្ធ និងថតរូបទុកជាអនុស្សាវរីយ៍ និងសិក្សាអំពីប្រវត្តិសាស្រ្តជាដើម។ ភ្ញៀវទេសចរ ដែលចង់ទៅទីនោះត្រូវធ្វើដំណើរដោយថ្មើរជើងប្រមាណ១៥០០ម៉ែត្រចាប់ពីចំណតយានយន្តដែលស្ថិតនៅឯជើងភ្នំដើម្បីទៅទស្សនាចម្លាក់ និងអាចងូតទឹកកម្សាន្តនៅខែវស្សា និងដើមរដូវប្រាំង។ លក្ខខណ្ឌផ្លូវធ្វើដំណើរកន្លែងខ្លះជាផ្លូវរាបស្មើកន្លែងខ្លះទៀតត្រូវឡើងតាមចំរាក់ថ្ម និងតាមជណ្ដើរឈើដោយអន្លើព្រមទាំងអាចឈប់សំចតនៅតាមសាលាសំណាក់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ។
ក្នុងចំណោមបុរាណស្ថានល្បីៗ ដែលស្ថិតនៅតាមជួរភ្នំគូលែនក្បាលស្ពានក៏ជាទីតាំងប្រវត្តិសាស្ត្រមួយដ៏សំខាន់ណាស់ដែរ។ ចាប់តាំងពីដើមសតវត្សរ៍ទី២០អ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យាជាច្រើនបានធ្វើការសិក្សា និងកត់ត្រាជាបន្តបន្ទាប់។ មកដល់ដើមឆ្នាំ១៩៦៨ក្រុមការងាររបស់លោក ហ្សង់ ប៊ូលបេ (Jean Boulbet) ដែលបម្រើការនៅសាលាបារាំងចុងបូព៌ា (EFEO) ដោយមានកិច្ចសហការពីប្រជាជននៅក្នុងមូលដ្ឋានពួកគាត់ក៏បានទៅដល់តំបន់ក្បាលស្ពាននេះ និងបន្តការស្រាវជ្រាវបន្ថែមទៀត។ ព័ត៌មានដែលពួកគាត់បានកត់ត្រាមានលក្ខណៈទំលំទូលាយជាងមុន។ ឆ្នាំ២០០២លោក ឆាយ រចនា ដែលជាអតីតនិស្សិតបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានបន្តស្រាវជ្រាវដើម្បីរៀបចំឯកសារបញ្ចប់ការសិក្សាក៏បានរកឃើញបន្ថែមនូវអ្វីៗដែលអ្នកស្រាវជ្រាវមុនៗបានមើលរំលង។
ទីនោះត្រូវបានសាងសង់ឡើងក្នុងអំឡុងសតវត្សរ៍ទី១១។ តាមរយៈអក្សរថ្ម អ្នកស្រាវជ្រាវក៏បានស្គាល់ទីនេះថា សហស្សលិង្គ ដែលមានន័យថា "លិង្គមួយពាន់"។ ក្នុងទីតាំងប្រវត្តិសាស្ត្រនេះព្រះរាជាខ្មែរដែលបានមករៀបចំច្រើនជាងគេគឺព្រះបាទឧទយាទិត្យវម៌្មទេវ-ទី២ (ឧទយាទិត្យវរ្ម័ន-ទី២)។ ក្រៅពីសិលាចារឹកគេក៏ប្រទះឃើញចម្លាក់ក្រឡោតទាបដែលឆ្លាក់នៅបាតស្ទឹង និងនៅតាមពើងថ្មធំៗដែលភាគច្រើនទាក់ទងនឹងទេពនៃហិណ្ឌូសាសនា។ ចម្លាក់ទាំងនេះមានដូចជា ព្រះឥសូរ ព្រះនរាយណ៍ និងព្រះព្រហ្ម។ លើសពីនេះក៏មានចម្លាក់ពកៗឆ្លាក់នៅក្រោមផ្ទៃទឹក ដែលជារូបតំណាងឲ្យសិវលិង្គ ឬលិង្គព្រះឥសូរផងដែរ។ សិវលិង្គទាំងនេះកន្លែងខ្លះឆ្លាក់ជាលិង្គទោល និងកន្លែងខ្លះទៀតឆ្លាក់ជាក្រុម។ នៅប៉ែកខាងលើដែលជាទីចាប់ផ្ដើមនៃចម្លាក់ក៏មានសិវលិង្គមួយធំជាងគេ ដែលមានផ្ទៃរាងមូលដូចថាសឆ្លាក់ក្នុងស្នានទ្រោនីរាងបួនជ្រុង។ សិវលិង្គខ្លះ ទៀតក៏មានការឆ្លាក់បង្ហាញពីចំហៀង ដែលអាចឃើញទម្រង់បញ្ឈរ រាងទ្រវែងៗ។ រីឯចម្លាក់នៅតាមជញ្ជាំងអាងទឹកតូចមួយ ដែលស្ថិតនៅផ្នែកខាងលើទឹកធ្លាក់អាចមើលឃើញច្បាស់នៅរដូវប្រាំងពេលដែលគ្មានទឹកតែប៉ុណ្ណោះ។
ប្រភពទឹកនេះក៏ជាផ្នែកមួយដែលហូរភ្ជាប់ទៅស្ទឹងសៀមរាប។ ការរៀបចំតាមបែបជំនឿក្នុងហិណ្ឌូសាសនានាសម័យបុរាណនោះទឹកដែលបានហូរកាត់ចម្លាក់ទាំងនេះក៏បានក្លាយជាប្រភេទ "ទឹកពិសិដ្ឋ" និងប្រៀបបានទៅនឹងទន្លេគង្គា ដែលហូរចុះពីឋានសួគ៌សម្រាប់ស្រោចស្រពជម្រះនូវឧបទ្រពទាំងពួង។ តាមការសង្កេតបច្ចុប្បន្ននេះសម្រាប់ទេសចរបរទេសដែលគោរពសាសនាហិណ្ឌូពេលបានមកទស្សនាទីនេះពួកគាត់នៅតែចាត់ទុកជាកន្លែងសក្ការៈដ៏អស្ចារ្យ។ ចំណែកទេសចរក្នុងស្រុកអ្នកខ្លះដែលនៅយល់ថា ទឹកនៅទីនេះគឺជាទឹកដែលនាំមកនូវមង្គល ឬទឹកមន្តស័ក្ដិសិទ្ធពួកគេក៏តែងតែនាំយកទៅប្រើដើម្បីប្រោះព្រំបរិវេណគេហដ្ឋានទៅតាមជំនឿរៀងៗខ្លួន៕