ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សហការជាមួយមជ្ឍមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន (CJCC) មូលនិធិជប៉ុន បានរៀបចំមហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា លើកទី១២ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៧០នៃមិត្ដភាព ជប៉ុន-កម្ពុជា។ មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា២០២៣ រៀបចំឡើងក្រោមប្រធានបទ "មិត្តភាពស្រស់បំព្រងរបស់យើង" ដែលពិធីនេះ មានការចូលរួមពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា, លោក តាកិអ៊ិ ស៊ុនស៊ុកិ អនុរដ្ឋមន្ដ្រីការបរទេសជប៉ុន, លោក ចាន់ រតនា អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ និង លោកស្រី ប៉េន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
មហោស្រពនេះប្រព្រឹតទៅនៅ មជ្ឍមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន (CJCC) ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគោលបំណងបង្ហាញពីវប្បធម៌ ជប៉ុន និងកម្ពុជាក៏ដូចជា ជួយឲ្យប្រជាជនបានយល់ដឹងកាន់តែស៊ីជម្រៅទៅលើ វប្បធម៌ខ្មែរ និងជប៉ុនតាមរយៈការចូលរួមកម្មវិធីនានាក្នុងមហោស្រពនេះ ។ ថ្លែងនៅក្នុងពិធីនោះលោកអនុរដ្ឋមន្ដ្រីការបរទេសជប៉ុនបានលើកឡើងថា ឆ្នាំនេះគឺជាឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្ដភាពជប៉ុន និងកម្ពុជាក្នុងរយៈពេល៧០ឆ្នាំមកនេះចំណងមិត្ដភាពរឹងមាំរបស់ប្រទេសទាំងពីរបានរីកចម្រើនតាមរយៈកិច្ចសហប្រតិបត្ដិការក្នុងដំណើរការស្វែងរកសន្ដិភាពនៅកម្ពុជាការកសាងប្រទេសឡើងវិញ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា។ លោកបន្ថែមថា កម្ពុជាមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ នៅក្នុងវិស័យសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធទាក់ទាញអ្នកវិនិយោគជប៉ុនជាច្រើនហើយកិច្ចសហប្រតិបត្ដិការកំពុងត្រូវបានពង្រីកជាបន្ដបន្ទាប់។
ចំណែកលោក ហង់ជួន ណារ៉ុន បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១២មក មហោស្រពគីហ្សូណាបានផ្ដល់ជូននូវឱកាសមួយសម្រាប់ប្រជាជនកម្ពុជា និងជប៉ុនដើម្បីទទួលបានបទពិសោធន៍ដ៏មានតម្លៃពីទម្រង់បែបប្រពៃណី និងទំនើបនៃសិល្បៈខ្មែរ-ជប៉ុន ដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់ទស្សនិកជន និងស្វែងយល់ពីសកម្មភាពតាមរយៈសិល្បៈ និងសិល្បៈច្នៃប្រឌិត។ លោកបានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង និងថ្លែងអំណរគុណចំពោះ "មហោស្រពគីហ្សូណា២០២៣" ព្រោះវាបានរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជារិតចំណងមិត្ដភាពល្អរបស់យើង ហើយវាក៏បានដើរតួនាទីមួយក្នុងការនាំយកមកឲ្យយើងទាំងអស់គ្នានូវវប្បធម៌ចម្រុះគ្នារួមទាំងនិស្សិកម្ពុជា និងជប៉ុន។
ដោយឡែកលោកស្រី ប៉េន មុនីមករា បានឲ្យដឹងថា ឆ្នាំ២០២៣នេះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅដោយត្រូវបានផ្លាស់ប្ដូរពីទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ដ្រទៅជាទំនាក់ទំនងភាពដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ ហើយការផ្លាស់ប្ដូរទំនាក់ទំនងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរនឹងត្រូវបានលើកកម្ពស់ជាបន្ដ។ លោកស្រីបន្តថា ក្នុងរយៈពេល៧០ឆ្នាំនេះប្រទេសទាំងពីរបានឆ្លងកាត់នូវប្រវត្ដិសាស្ដ្ររួមគ្នាជាច្រើន និងធ្លាប់បានជួយគ្នាទៅវិញទៅមកលើគ្រប់រូបភាពដើម្បីនាំយកមកវិញនូវសុខសន្ដិភាពការអភិវឌ្ឍន៍ និងការរីកចម្រើន ដែលមានជាប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ។ កម្ពុជា និងជប៉ុនមានទំនាក់ទំនងជាមួយគ្នាដ៏ល្អ ជាមិត្ដភក្ដិដ៏ល្អ ដែលបានជួយគ្នាទៅវិញទៅមកនាគ្រាលំបាក៕