អាជ្ញាធរជាតិអប្សរាសហការជាមួយសាលាអនុគណក្រុងសៀមរាប សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ក្រុមហ៊ុន ULS ក្រុមហ៊ុន AJE កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បាននាំគ្នាដាំស្មៅ និងដើមឈើចម្រុះប្រមាណ២,០០០ដើម លើផ្ទៃដីសរុបជិត២ហិកតានៅបរិវេណខាងជើងស្រះត្រពាំងសេសនៃរមណីយដ្ឋានអង្គរដើម្បីកែលម្អរដីទំនេរទាំងនោះឡើងវិញជាប្រយោជន៍ដល់សាធារណៈជនទូទៅក្រោយពីប្រជាពលរដ្ឋបានចាកចេញ។
ក្នុងឱកាសនិមន្តចូលរួមក្នុងពិធីដាំកូនឈើនាឱកាសនោះព្រះតេជគុណព្រះនាម បវិរោ កែវ ខួយ ព្រះគ្រូចៅអធិការវត្តពោធិ៍លង្ការបានសង្ឃដីការថា នេះមិនមែនជាលើកទី១ទេ ដែលព្រះអង្គបានចូលរួមក្នុងការការដាំដើមនៅតំបន់អង្គរ ហើយព្រះអង្គពិតជាមានព្រះទ័យសប្បាយរីករាយជាខ្លាំងនៅពេលឃើញអាជ្ញាធរជាតិអប្សរាបំផុសការងារដាំដើមឈើឡើងវិញនៅលើផ្ទៃដីដែលប្រជាពលរដ្ឋចាកចេញពីតំបន់អង្គរដើម្បីឱ្យទីនេះមានទេសភាពបៃតង និងផ្តល់ប្រយោជន៍ជាច្រើនសម្រាប់តំបន់អង្គរទាំងមូល។ ព្រះអង្គបន្តថា សកម្មភាពទាំងនេះជាការបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរទូទៅបានយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃព្រៃឈើកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាននៅជុំវិញ។
ចំណែកយុវតីទួនជាលីល័យ អាយុ១៨ឆ្នាំជានិស្សិតឆ្នាំទីមួយនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជានៅក្នុងក្រុងសៀមរាបបានឱ្យដឹងថា ប្អូនពិតជាសប្បាយរីករាយ និងគាំទ្រសកម្មភាពដាំស្មៅ និងដើមឈើឡើងវិញដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញ។ កញ្ញាបន្តថា ព្រៃឈើមិនត្រឹមតែទាក់ទាញទេសចរប៉ុណ្ណោះទេវាបានជួយឱ្យគុណភាពជីវិតរបស់មនុស្សនិងសត្វល្អប្រសើរ ដូច្នេះក្រៅពីតំបន់រមណីយដ្ឋានអង្គរគួរតែមានការដាំដើមឈើឡើងវិញឱ្យបានច្រើន។
ក្នុងឱកាសអញ្ជើញជាអធិបតីនៃយុទ្ធនាការខាងលើលោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្លែងថា រមណីយដ្ឋានអង្គរមានតម្លៃមិនអាចកាត់ថ្លៃបានដែលភ្ញៀវទេសចរមកពីប្រទេសនានាលើសាកលលោកតែងតែប្រាថ្នាចង់មកទស្សនា។ ដូច្នេះការងាររៀបចំសោភ័ណភាពនៅជុំវិញតំបន់អង្គរនេះគឺជាករណីចាំបាច់ដែលត្រូវគិតគូខ្ពស់។ លោកបន្តថា អនុវត្តតាមទិសដៅនិងការចង្អុលបង្ហាញពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារតម្រង់ទិសបានណែនាំឱ្យមានការដាំដើមឈើ និងស្មៅឡើងវិញដើម្បីរក្សាភាពស្រស់ស្អាត។ នៅលើផ្ទៃដីដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរទៅរស់នៅទីតាំងថ្មី ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។
លោកបញ្ជាក់ទៀតថា ការដាំដើមឈើនិងស្មៅនៅទីនេះជាផ្នែកមួយតូចប៉ុណ្ណោះព្រោះថា នៅមានផ្ទៃដីជាច្រើនទីតាំងទៀតដែលត្រូវដាំដុះឡើងវិញ។ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីបង្កើនភាពបៃតងនៅជុំវិញតំបន់រមណីយដ្ឋានអង្គរ។ ខណៈក្នុងខែមេសាខាងមុខនេះ នឹងមានប្រារព្ធធ្វើនូវព្រឹត្តិការណ៍អង្គរសង្រា្កន្ត ដោយរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាយ៉ាងច្រើនកុះករ៕