រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងនៅក្នុងជំនួបទ្វេភាគីជាមួយលោក សិន តានយ៉ាង (Shen Danyang) អភិបាលរងខេត្តហៃណាននៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា កម្ពុជាចង់រៀបចំឲ្យមានការសម្តែងក្បាច់គុនល្បុកត្តោ និងក្បាច់គុនសៅលីញរួមគ្នានៅរាជធានីភ្នំពេញ ឆាប់ៗខាងមុខនេះមុនព្រឹត្តិការណ៍ស៊ីហ្គេមមកដល់ដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាឲ្យបានច្រើន។
លោក ថោង ខុន បានលើកឡើងថា នាឱកាសខួបទី៦៥នៃចំណងការទូតនៃប្រទេសទាំងពីរឆ្នាំ២០២៣ក្រសួងទេសចរណ៍និង CAMSOC កំពុងគិតគូររៀបចំការងារមួយចំនួនដោយមានការពិភាក្សាគ្នារវាងថ្នាក់អគ្គនាយកអន្តរជាតិនៃក្រសួងទេសចរណ៏កម្ពុជា ជាមួយក្រសួងវប្បធម៌ និងទេសចរណ៍ចិនរួចហើយក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅប្រទេសចិនកាលពីថ្មីៗនេះដូចជាការសម្ដែងសិល្បៈរួមគ្នា ក្បាច់គុនសៅលិញ និងល្បុកក្តោ មុនព្រឹត្តិការណ៍ស៊ីហ្គេមមកដល់។
បើតាមលោករដ្ឋមន្ត្រីលោកក៏ចង់ឲ្យមានការរៀបចំនូវការប្រយុទ្ធគ្នា៤-៥គូរវាងអ្នកហាត់ក្បាច់គុនសៅលិញ និងអ្នកហាត់ក្បាច់គុនខ្មែរទៀតផង។ ជាមួយគ្នានេះលោកបានស្នើឲ្យភាគីចិនបញ្ជូនអ្នកហាត់ក្បាច់គុនសៅលិញមកសម្តែងជាមួយអ្នកហាត់ក្បាច់គុនល្បុកត្តោ និងអញ្ជើញគណៈប្រតិភូខេត្តហៃណានមកចូលរួមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
សូមជម្រាបថា ក្បាច់គុនល្បុក្កតោត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ល្បុក្កតោជាក្បាច់គុនបុរាណខ្មែរ ដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សរ៍មកហើយ និងបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ននេះ។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។
ដោយឡែកសៅលិញគឺជាក្បាច់ដ៏ចំណាស់បំផុត និងល្បីបំផុតនៃក្បាច់គុនកុងហ្វូរបស់ចិន។ ហើយបើតាមឯកសារចិន សៅលិញ មានប្រភពដើម និងត្រូវបានបង្កើតឡើងនៅក្នុងប្រាសាទសៅលិញ (Shaolin) ក្នុងខេត្តហឺណាន់ (Henan) នៃប្រទេសចិនក្នុងអំឡុងប្រមាណ១៥០០ឆ្នាំមុន៕