ចំនួនសត្វស្វារស់នៅតំបន់រមណីយដ្ឋានអង្គរមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការផ្លាស់ប្ដូរជីវិតបែបធម្មជាតិពីស្វាព្រៃមកជាស្វាស្រុក ដែលហាក់មានភាពស៊ាំជាមួយមនុស្ស។ ពួកវាលែងចូលព្រៃដើម្បីស្វែងរកចំណីទៀតហើយគឺរង់ចាំចំណីពីមនុស្ស និងពេលខ្លះឆក់ចំណីពីភ្ញៀវទេសចរ ដែលបង្កការភ័យខ្លាចទៀតផង។ លោក ឡេក គិមលីន ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្តបានឱ្យដឹងថា ចំនួនសត្វស្វានៅប្រាសាទអង្គរវត្តមានការកើនឡើងនារយៈពេលមួយឆ្នាំចុងក្រោយនេះ។ ស្វាទាំងនោះបានបង្កការរំខានដល់ភ្ញៀវទេសចរស្ទើរៀងរាល់ថ្ងៃ និងមានពេលខ្លះបានខាំភ្ញៀវផងដែរ។ លោកអះអាងថា វាខាំមនុស្សនៅពេលវាដណ្ដើមឥវ៉ាន់ពីភ្ញៀវ ហើយដណ្តើមមិនបានក៏ខាំតែម្តង។ ក្រៅពីនោះសត្វស្វាក៏បានកកាយរកចំណីតាមធុងសំរាម ដែលធ្វើឱ្យប៉ះពាល់ដល់អនាម័យបរិស្ថានផងដែរ។
ដូចគ្នានេះដែរនៅតំបន់ក្រុងអង្គរធំសត្វស្វាក៏កំពុងបង្កការរំខាន និងហានិភ័យ ដល់ភ្ញៀវទេសចរ ក៏ដូចជាថ្មប្រាសាទផងដែរ។ លោក សៀន បណ្ឌិត ប្រធានក្រុមភ្នាក់ងារទេសចរណ៍ប្រចាំក្រុងអង្គរធំប្រាប់ឱ្យដឹងថា តាមការអង្កេតពីក្រុមការងាររបស់លោកសត្វស្វានៅតំបន់អង្គរធំអាចមានរាប់រយក្បាល។ ពួកសត្វស្វាទៅខាំភ្ញៀវទាញរបស់របរភ្ញៀវ ទាញទូរស័ព្ទ ទាញកាបូប ប្រតោងលើប្រាសាទធ្វើឲ្យខូចខាតបរិក្ខាទេសចរណ៍ និងជ្រុះថ្មមកក្រោម។ ក្រៅពីនេះសត្វស្វាដែលតែងមានចរិតរពឹសបានតោងឡាន និងធ្វើឱ្យបាក់កញ្ចក់ និងបាក់ផ្លិតរថយន្ត។ អាជ្ញាធរជាតិអប្សរាបានសំណូមពរឱ្យសាធារណជនទាំងអស់បញ្ឈប់ផ្តល់ចំណី ដើម្បីថតរូបភាពសត្វស្វាយកទៅធ្វើអាជីវកម្ម ឬក៏ផ្តល់ចំណីដល់សត្វស្វា ដើម្បីឱ្យស្វាទាំងនោះរស់បែបធម្មជាតិ និងមិនរំពឹងលើការឲ្យចំណីដោយមនុស្ស៕