សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរកំពុងដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ ដែលមានទម្ងន់ប្រមាណ៣តោននៅក្នុងសារមន្ទីរនេះក្នុងគោលបំណងផ្ដល់នូវការស្រាវជ្រាវ សិក្សាស្វែងយល់អំពីព័ត៌មានសំខាន់ៗជាច្រើនដល់សិស្ស និស្សិត ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទូទៅឱ្យយល់ដឹងចំពោះការគោរពសាសនា សិល្បៈ ប្រវត្តិសាស្ត្រ ជាមួយនិងព្រឹត្តិការណ៍ ដែលបានកើតមានកាលពីជាង៦០០-៧០០ឆ្នាំមុននៅក្នុងតំបន់អង្គរផង។ ការដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ ដែលជាកេរដំណែលសល់ក្រោយពីសម័យអង្គរនេះបានធ្វើឡើងរយៈពេលជិត១ឆ្នាំមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០២២ មកដល់បច្ចុប្បន្ននេះបើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរា។
ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរខេត្តសៀមរាបលោក គុន ផល្លី ឱ្យដឹងថា ព្រះពុទ្ធបាទបុរាណធ្វើពីថ្មភក់មួយនេះ បានកសាងឡើងតាំងពីអំឡុងសតវត្សទី១៤-១៦នៃគ្រីស្តសករាជមកម៉្លេះ។ វត្ថុសម្រាប់សក្ការបូជានេះមានទម្ងន់ប្រមាណជា៣តោននេះមានបណ្តោយមានប្រវែង២,១០ ម៉ែត្រ ទទឹង១,១៥ម៉ែត្រ និងមានកម្ពស់៣១សង់ទីម៉ែត្រ។ លោក គុន ផល្លី ឲ្យដឹងទៀតថា ព្រះពុទ្ធបាទនេះមានលាបម្រ័ក្សណ៍ព័ណ៌ខ្មៅ ក្រហម និងទឹបទឹកមាសតាំងពីពេលកសាងមក។
តាមការសិក្សាស្រាវជ្រាវបង្ហាញថា តាំងអតីតកាលពុទ្ធបាទនេះត្រូវបានប្រជាជនខ្មែរចាត់ទុកជាវត្ថុសក្តារៈគោរពបូជាយ៉ាងសំខាន់ចំពោះព្រះពុទ្ធសាសនាថេរវាទ និងបានដាក់តម្កល់នៅក្នុងរួតព្រះពាន់នាអំឡុងសតវត្សរ៍ទី១៤ រហូតដល់ឆ្នាំ១៩៨៥។ លុះក្រោយមកព្រះពុទ្ធបាទធ្វើពីថ្មភក់ត្រូវបានក្រុមអភិរក្សយកទៅរក្សាទុក និងជួសជុលនៅអភិរក្សដ្ឋានអង្គរ ហើយក្រោយមកលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាបានទៅទស្សនានៅអភិរក្សអង្គរឃើញថា ពុទ្ធបាទនេះបានជួសជុលរួចរាល់ហើយ ទើបលោកជំទាវណែនាំឱ្យក្រុមអភិរក្សយកវត្ថុនេះទៅដាក់តាំងបង្ហាញដល់សាធារណជនដើម្បីបានទស្សនាសិក្សាស្វែងយល់ពីវត្ថុសិល្បៈខ្មែរពិសេសពុទ្ធបដិមាសម័យក្រោយអង្គរ។
លោក គុន ផល្លី បញ្ជាក់ថា នៅចំកណ្តាលពុទ្ធបាទមានរូបកងចក្រចំនួន១៦កាំ និងនៅជុំវិញកងចក្រមានឆ្លាក់ចម្លាក់ផ្សេងៗចំនួន១០៨ ដែលគេយល់ថា អាចជាសិរីមង្គលនៅក្នុងក្រុមធំៗចំនួន៥ទាក់និងសញ្ញាសិរីមង្គលទាំង១០៨នេះ។ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរនេះបានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ វេលាម៉ោង៨ និង៣០ នាទីព្រឹក ដល់ម៉ោង៤ និង៣០ ល្ងាច។ ការទស្សនាសារមន្ទីរព្រះនរោត្តមសីហនុ ក្រៅតែពីបានទស្សនាព្រះពុទ្ធបាទភ្ញៀវក៏អាចទស្សនាវត្ថុសិល្បៈជាច្រើនរាប់រយប្រភេទផ្សេងទៀត ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវ និងការបរិច្ចាគពីសាធារណជនផងដែរ៕