សារមន្ទីរវាយណភ័ណ្ឌប្រពៃណីអាស៊ីបាននាំយកកីតម្បាញចំនួន១រួមទាំងអ័ក្សចំនួន២ ដែលជាឧបករណ៍សម្រាប់ផាត់សូត្រ ឬវែកសូត្រក្រោយស្រាវសូត្រចេញពីសំបុកនាង មកដាក់តាំងបង្ហាញដល់សាធារណជនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនាស្វែងយល់ និងរួមចំណែកថែរក្សាឧបករណ៍តម្បាញខ្មែរតាំងតែពីអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៣មកម៉្លេះ។
នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោក សែន គឹមស៊ុន បាឱ្យដឹងថា សមិទ្ធិផលដែលដាក់តាំងបង្ហាញនេះទទួលបានពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងអង្គការយូណេស្កូប្រចាំកម្ពុជាតាមរយៈមូលនិធិរបស់អង្គការ GIZ នៃប្រទេសអាល្លឺម៉ង់។ ឧបករណ៍កីតម្បាញសម្រាប់ត្បាញសូត្រ មានហូល និងផាមួងនេះ ថ្វីត្បិតតែធ្វើឡើងថ្មីក៏ប៉ុន្តែវាត្រឹមត្រូវតាមក្បួនខ្នាតដោយមានឆ្លាក់ក្បាច់លម្អយ៉ាងប្រណិតផង។
លោក គឹមស៊ុន បន្តថា វត្តមានកីតម្បាញខ្មែរនៅសារមន្ទីរវាយណភ័ណ្ឌប្រពៃណីអាស៊ីជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាអភិរក្សឧបករណ៍កីតម្បាញបុរាណខ្មែរជាមួយសិប្បកម្មតម្បាញនៅទូទាំងប្រទេសមិនឱ្យបាត់បង់ព្រោះវិស័យតម្បាញមានភស្តុតាងមនុស្សសម័យបុរេប្រវត្តិដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ មានចំណេះដឹងក្នុងការត្បាញសម្រាប់ប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃរួចទៅហើយ។
លោក គឹមស៊ុន បញ្ជាក់ទៀតថា កីតម្បាញតាមបែបបុរាណខ្មែរនេះអាចផ្តល់ជាប្រយោជន៍ចំពោះសាធារណជនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យការសិក្សាស្វែងយល់ពីកេរដំណែលស្នាដៃបុព្វបុរសខ្មែរ ដែលមានជាយូរលង់មកហើយ។ ការតាំងបង្ហាញកីតម្បាញនោះទៀតសោតក៏មិនមែនត្រឹមតែឱ្យភ្ញៀវចូលទៅទស្សនាឧបករណ៍តែប៉ុណ្ណោះទេ គឺ អ្នកជំនាញរបស់សារមន្ទីរ នឹងពន្យល់ទៅតាមដំណាក់កាលនីមួយៗនៃដំណើរការត្បាញហូល ដើម្បីបង្ហាញជូនភ្ញៀវទស្សនាផង និងអាចឱ្យភ្ញៀវសាកល្បងត្បាញផងក៏បាន ដើម្បីស្វែងយល់កាន់តែច្បាស់ពីរបៀបត្បាញតាមបែបបុរាណខ្មែរ។
សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ីមានលក្ខណពិសេសជាងសារមន្ទីរផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាគឺការដាក់តាំងបង្ហាញកីតម្បាញមកពីប្រទេសជាច្រើនដូចជាប្រទេសឥណ្ឌា ប្រទេសឡាវ ប្រទេសភូមា ហើយឧបករណ៍ទាំងនោះមានលក្ខណៈពិសេសរៀងៗខ្លួនដោយបច្ចេកទេសធ្វើឡើងទៅតាមលក្ខខណ្ឌបរិបទនៃបរិស្ថានផ្សេងៗគ្នា។ នៅពេលអនាគតសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ីក៏មានបំណងនាំយកឧបករណ៍តម្បាញមួយចំនួនមកពីតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជាមកតាំងបង្ហាញដល់សាធារណជនផងដែរ។ គួររំលឹកថា ទីតាំងនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីស្ថិតនៅភូមិបឹងដូនប៉ាតាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ស្លក្រាម ក្រុងសៀមរាប៕