អនុលោមតាមកិច្ចព្រមព្រៀងនាខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បះជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូគ្លីស ឡាតហ្វដ (Douglas Latchford) វត្ថុបុរាណខ្មែរទាំងអស់ ដែលកាន់កាប់រក្សាទុកដោយគ្រួសារលោក ឡាតហ្វដ នឹងត្រូវប្រគល់ជូនមកកម្ពុជាវិញនេះបើតាមការឲ្យដឹងពីក្រសួងវប្បធម៌នៅថ្ងៃទី២០ ខែកុម្ភៈ។ ក្រសួងវប្បធម៌បញ្ជាក់ថា បន្ទាប់ពីវត្ថុបុរាណខ្មែរធ្វើពីថ្ម និងសំរឹទ្ធមួយចំនួនដែលបានទទួលពីប្រទេសអង់គ្លេសកាលពីខែកញ្ញា ឆ្នាំ២០២១កន្លងមក នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ទទួលបន្ទុកវិស័យអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ព្រមទាំងមន្ត្រីជំនាញកម្ពុជាបានអញ្ជើញទៅកាន់ប្រទេសអង់គ្លេស ដើម្បីនាំយកគ្រឿងអលង្ការបុរាណខ្មែរសរុបចំនួន៧៧គ្រឿងថែមទៀតពីក្រុមគ្រួសារលោកឡាតហ្វដ។
ការប្រគល់ទទួលរតនវត្ថុទាំងនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់គណៈប្រតិភូកម្ពុជាដឹកនាំដោយលោក ហ៊ុន ម៉ានី តំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស និងតំណាងនាយកដ្ឋានអាស៊ីអាគ្នេយ៍នៃក្រសួងការបរទេសនៃចក្រភពអង់គ្លេស អង្គភាពសិល្បៈ និងបុរាណវត្ថុនៃស្នងការដ្ឋានគរបាលក្រុងឡុងដ៍ និងក្រុមប្រឹក្សាសិល្បៈអង់គ្លេស។ គ្រឿងអលង្ការបុរាណខ្មែរនេះបានបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានដូច ជា ក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង ស្ថិតក្នុងសម័យមុនអង្គរ និងសម័យអង្គរជាគ្រឿង អលង្ការមាស និងលោហៈមានតម្លៃមួយចំនួនធ្លាប់បានផ្សព្វផ្សាយក្នុងសៀវភៅ Khmer Gold: Gifts of the Gods និពន្ធរួមដោយលោកស្រី Emma C. Bunker និងលោក Douglas A.J. Latchford នាឆ្នាំ២០០៨ ដែលវត្ថុភាគច្រើនសាធារណជនពុំធ្លាប់បានឃើញពីមុនមក។
រាជរដ្ឋាភិបាលកម្ពុជាបានសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលមានសុឆន្ទៈ ខ្នះខ្នែង និងសហការបានល្អប្រសើរជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្របសម្រួលប្រគល់វត្ថុបុរាណទាំងនេះជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ ដែលសរបញ្ជាក់ពីយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសហការជិតស្និទ្ធជាមួយបណ្តាប្រទេសនានាក្នុងសកលលោក។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលើកឡើងអំពី “សារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនយោបាយតាមរយៈនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជាបានផ្ដល់ឱកាសឱ្យកម្ពុជាអាចនាំយកមកវិញនូវព្រលឹងដូនតាខ្មែរ និងរតនសម្បត្តិដ៏មានតម្លៃនានា ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំក្នុងអំឡុងនៃសង្គ្រាមច្រើនទសវត្សរ៍កន្លងទៅនេះ។ លោកស្រីរដ្ឋមន្ត្រីក៏បានបញ្ជាក់ទៀតថា “ការវិលត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ជាតិទាំងនេះបានបើក ទំព័រថ្មីមួយទៀតក្នុងការស្វែងយល់ និងសិក្សាស្រាវជ្រាវអំពីចក្រភពអង្គរ និងសារៈសំខាន់នៃបេតិកភណ្ឌទាំងនោះសម្រាប់ពិភពលោក។
លោកស្រីរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់បុគ្គលឯកជន ដល់សារមន្ទីរក៏ដូចជាស្ថាប័ននានាលើសកលលោក ដែលកំពុងតាំងបង្ហាញ និងរក្សាទុកវត្ថុបុរាណរបស់កម្ពុជាសូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឬតាមរយៈស្ថានទូតកម្ពុជាប្រចាំការក្នុងប្រទេសនីមួយៗក្នុងការប្រគល់ត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកាយវិការនេះថា ជាទង្វើដ៏ថ្លៃថ្លាដ៏គួរឲ្យគោរពមួយ ដែលមិនត្រឹមតែបង្ហាញពីក្រមសីលធម៌ក្នុងការចូល រួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេតែក៏បានចូលរួមចំណែកដ៏ឧត្តុង្គឧត្តមក្នុងការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជាដែលឆ្លងកាត់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងរងគ្រោះពីសោកនាដកម្ម និងទារុណកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។
ទន្ទឹមនេះលោកស្រីបណ្ឌិតសភាចារ្យក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងជាប់ជាប្រចាំនៃគណៈកម្មការទី៧នៃរដ្ឋសភាដឹកនាំដោយលោក ហ៊ុន ម៉ានី និងក្រុមការងារក្រសួងវប្ប ធម៌និងវិចិត្រសិល្បៈ រួមជាមួយលោក Bradley J. Gordon និងលោក Steven Heimberg ទីប្រឹក្សាផ្នែកច្បាប់ ដែលបានចូលរួមយ៉ាងសកម្មជាមួយក្រសួង ក្នុងការបញ្ជួនវត្ថុដ៏មានតម្លៃនៃបេតិកភណ្ឌជាតិត្រឡប់មកកម្ពុជាវិញ។ ក្រសួងនឹងបន្តធ្វើការស្រាវជ្រាវ និងនាំយកសម្បត្តិវប្បធម៌ជាតិដែលបានបាត់បង់ត្រឡប់មកកម្ពុជាវិញ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងមនុស្សជាតិនានាលើពិភពលោក៕