រដ្ឋបាលយោធាទីក្រុង Kyiv បាននិយាយឡើងថាពួកគេបានបាញ់ទម្លាក់បាឡុងរុស្ស៊ីចំនួន ៦គ្រឿងដែលបានបង្ហាញខ្លួននៅលើរដ្ឋធានីអ៊ុយក្រែននៅក្នុងអំឡុងពេលចេញសំលេងព្រមានអំពីការវាយប្រហារតាមអាកាសកាលពីថ្ងៃពុធកន្លងទៅនេះ។កត់សម្គាល់ផងដែរថាបាឡុងស្រដៀងគ្នានេះត្រូវបានលេចឡើងនៅតំបន់ផ្សេងទៀតនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យនេះផងដែរ។
លោក Yuriy Ihnat អ្នកនាំពាក្យរបស់កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា បាឡុងនេះផ្គុំឡើងដោយជ្រុងត្រីកោណដែកមួយចំនួននិងព្យួរឡើងដោយខ្សែនៅពីក្រោមវា ដោយនិយាយថារូបរាងរបស់វាគឺគ្រប់គ្រាន់ហើយដែលបង្ហាញការលេចចេញដូចជាកាំជ្រួចចូល ឬដ្រូនសំដៅចូលមកលើរ៉ាដារបស់អ៊ុយក្រែន។
លោកបាននិយាយតាមទូរទស្សន៍ជាតិថា"រុស្ស៊ីចង់ឱ្យអ៊ុយក្រែនចំណាយគ្រាប់រំសេវឥតប្រយោជន៍របស់ខ្លួនមកលើបាឡុងទាំងនេះ ដែលធ្វើអោយពួកគេមិនត្រូវខាតបង់អ្វីទាំងអស់" ។
ក្រុមអ្នកវិភាគយោធាបាននិយាយថា រុស្ស៊ីអាចនឹងមានកម្រិតទាបលើចំនួនមីស៊ីល និងដ្រូន ដើម្បីវាយប្រហារអ៊ុយក្រែន។ ទន្ទឹមនឹងនេះផងដែរកាំជ្រួចមីស៊ីលការពារដែនអាកាសផ្គត់ផ្គង់ដោយលោកខាងលិចនីមួយៗ អាចមានតម្លៃដល់ទៅ 4 លានដុល្លា។
លោក Ihnat បាននិយាយថា កងកម្លាំងទ័ពអាកាសអ៊ុយក្រែននឹងដកប្រើប្រាស់យន្តហោះចម្បាំងរបស់ពួកគេ ដើម្បីទាញទម្លាក់ធ្វើការវាយប្រហារមកលើបាឡុងទាំងនោះបន្ថែមទៀតនាពេលខាងមុខដោយចាំបាច់ត្រូវការថែរក្សាធនធាន ខណៈដែលទីក្រុង Kyiv កំពុងនិយាយថាត្រូវការអាវុធបន្ថែមទៀតពីណាតូ។
អតីតមេបញ្ជាការកងទ័ពជើងទឹកអ៊ុយក្រែន លោក Andriy Ryzhenko បានប្រាប់សារព័ត៌មាន TSN របស់អ៊ុយក្រែនថា ការបោកបញ្ឆោតរបស់រុស្ស៊ី គឺជារឿងដ៏ការបោកប្រាស់ដែលមានប្រសិទ្ធភាពមួយនៅខណៈពេលដែលបណ្តាប្រទេសនៅអឺរ៉ុបខាងកើតមួយចំនួនកំពុងតែមានការព្រួយបារម្ភអំពីការកើនឡើងសកម្មភាពរបស់រុស្ស៊ីនៅក្នុងនិទាឃរដូវនេះ។
កាលពីថ្ងៃអង្គារ ប្រទេសម៉ុលដាវី បានបិទដែនអាកាសរបស់ខ្លួនមួយរយៈខ្លី បន្ទាប់ពីមានសេចក្តីរាយការណ៍ថា បាឡុងរុស្ស៊ីបានហោះហើរមកដល់ប្រទេសរបស់ខ្លួន។ មួយថ្ងៃមុននេះបន្តិច ប្រធានាធិបតីម៉ុលដូវ៉ា លោក Maia Sandu បានចោទប្រកាន់ទីក្រុងមូស្គូពីការរៀបចំរដ្ឋប្រហារយោធានៅទីនោះផងដែរ។
ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានចង្អុលបង្ហាញពីភាពស្រដៀងគ្នារវាងបាឡុងរុស្ស៊ីទាំងនេះទៅនឹងបាឡុងចារកម្មរបស់ចិនដែលបានបង្ហាញខ្លួននៅអាមេរិកខាងជើងនោះ គ្មានមន្ត្រីណាម្នាក់បាននិយាយថាឧបទ្ទវហេតុទាំងនេះអាចពាក់ព័ន្ធនឹងគ្នានោះទេ។
ទោះជាយ៉ាងណារដ្ឋបាលយោធាទីក្រុងកៀវបាននិយាយថាយានបាឡុងទាំងនេះមួយចំនួនប្រហែលជាមានឧបករណ៍ឃ្លាំមើលផងដែរដែលបច្ចេកវិទ្យានេះត្រូវបានរុស្ស៊ីធ្លាប់បានត្រូវដាក់ពង្រាយប្រើប្រាស់រួចមកហើយពីមុនមក ជាពិសេសនៅប្រទេសស៊ីរី។
រុស្ស៊ីនៅមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញការបាញ់ប្រហារបាឡុងនេះនៅឡើយទេនៅក្នុងប្រទេសអ៊ុយក្រែន។