ក្រុមការងារសិក្សាហានិភ័យនៃអាជ្ញាធរជាតិព្រះវិហារ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញបានចុះសិក្សាផលប៉ះពាល់ផ្លូវវង់ទស្សនាថ្មី ដែលមានប្រវែង១០.៩គីឡូម៉ែត្រ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែលគ្រោងបង្កើតថ្មីដើម្បីបញ្ចៀសផលប៉ះពាល់ចំពោះកំណាត់ផ្លូវចាស់ដែលបានសាងសង់ក្បែរសំណង់ប្រាសាទមួយចំនួន។ ការសិក្សានេះត្រូវបានចែកជាក្រុមៗមានមន្ត្រីបច្ចេកទេសចម្រុះនាយកដ្ឋានដូចជា៖
ទី១. ក្រុមសិក្សាផែនទី និងកំណត់បង្គោលអ័ក្សផ្លូវថ្មីក្រុមនេះបានបោះបង្គោលកំណត់អ័ក្សទ្រូងផ្លូវថ្មីចេញពីខាងមុខប្រាសាទបន្ទាយពីរជាន់ឆ្ពោះទៅកាត់ភូមិកោះកេរ និងបន្តឆ្ពោះទៅខាងក្រោយប្រាសាទធំរួចបញ្ចប់ត្រឹមផ្លូវប្រសព្វបត់ទៅប្រាសាទខ្នារបានចំនួន៨២បង្គោល (ទ្រូងផ្លូវមានទំហំ១០ម៉ែត្រ) និងបង្គោលកំណត់ពីអ័ក្សទ្រូងផ្លូវ២៥ម៉ែត្រសងខាងបានចំនួន១៦៤បង្គោល ដើម្បីឲ្យក្រុមការងារចុះពិនិត្យពីផលប៉ះពាល់ផ្សេងៗ។
ទី២. ក្រុមសិក្សាផ្នែកបុរាណវិទ្យាក្រុមនេះបានចុះពិនិត្យតាមបណ្តាយអ័ក្សផ្លូវថ្មីដើម្បីសិក្សាពីផលប៉ះពាល់លើទីតាំងដែលមានស្លាកស្នាមបុរាណវិទ្យារួមមានទីទួលបុរាណ ទំនប់បុរាណ និងសំណល់គ្រឹះសំណង់បុរាណ បានរកឃើញសរុបចំនួន១៣ទីតាំង។ ក្នុងចំណោម១៣ទីតាំងនោះទីតាំងដែលត្រូវសិក្សាលម្អិតមានចំនួន៤ទីតាំងសំខាន់ ដែលត្រូវការអង្កេតលម្អិត និងប្រមូលទិន្នន័យបន្ថែមដើម្បីផ្ដល់យោបល់បច្ចេកទេស និងសិក្សាពីលទ្ធភាពអាចធ្វើបាន ឬត្រូវបង្កើតផ្លូវវាងថ្មី។
ទី៣. ក្រុមសិក្សាផ្នែកបរិស្ថាន ព្រៃឈើ និងទឹក ក្រុមនេះបានចុះសិក្សាផលប៉ះពាល់លើផ្នែកបរិស្ថានតាមបណ្តោយផ្លូវនោះ។ ក្រុមការងារបានចុៈពិនិត្យ និងសិក្សាទីតាំងដើម ឈើនៅលើអ័ក្សផ្លូវថ្មីដើម្បីកំណត់ប្រភេទដើមឈើដែលអាចដកហូត និងរក្សាទុកចំពោះប្រភេទដើមឈើកម្រ និងបានសិក្សាផលប៉ះលើទីតាំងដែលជាត្រពាំង អូរ ប្រឡាយតូចធំសរុបចំនួន៥ទីតាំង។
ទី៤. ក្រុមសិក្សាផ្នែកទេសចរណ៍ក្រុមនេះបានចុះសិក្សាលើផលប៉ះពាល់ផ្នែកទេសចរណ៍ គិតគូរពីការរៀបចំណតបណ្តោះអាសន្នតាមប្រាសាទនីមួយៗក្នុងវង់ទស្សនាថ្មី និងបានសិក្សាលើទីតាំងដែលមានទេសភាពទាក់ទាញមួយចំនួនក្បែរដងផ្លូវថ្មីនេះ៕