តំណាងក្រសួងទេសចរណ៍ លោក សុខ សង្វារ អនុរដ្ឋលេខាធិការ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំមួយដើម្បីផ្សព្វផ្សាយផែនការត្រៀមទទួលទេសចរចិន (China Ready) ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តសៀមរាបដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធមានអាជ្ញាធរខេត្ត អាជ្ញាធរជាតិអប្សរាតំណាងគ្រឹះស្ថានអង្គរ មន្ទីរទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ១. ដើម្បីផ្សព្វផ្សាយការត្រៀមទទួលទេសចរចិនមកខេត្តសៀមរាបនៅដើមខែមីនា ឆ្នាំ២០២៣ ២. ជំរុញប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាបដែលទទួលទីផ្សារចិនពង្រឹងសេវាកម្មទេសចរណ៍ទទួលភ្ញៀវចិនតាមរយៈការស្នើសុំការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន ៣. ដើម្បីប្រមូលបញ្ហាប្រឈមនានារបស់ប្រតិបត្តិករទទួលទីផ្សារចិនក្នុងខេត្តសៀមរាប។
របាយការណ៍ពីក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិពី ៣-៤លាននាក់ ដែលមានទេសចរចិនពី៨០ម៉ឺន-១លាននាក់ក្នុងនោះប្រមាណជិត៣០ភាគរយនៃទេសចរចិន នឹងរំពឹងថាមកទស្សនាខេត្តសៀមរាបខណៈដែលឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានទេសចរចិនតែ១៨,៧៦៣នាក់ កើនឡើង ២៣៧.១៦ភាគរយធៀបនឹងឆ្នាំ២០២១ ដែលឈរនៅលំដាប់ទីផ្សារអាទិភាពទី៤ក្នុងខេត្តសៀមរាប។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះលោក សុខ សង្វារ បញ្ជាក់ថា ក្រោយប្រទេសចិនប្រកាសបើកប្រទេសកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣មកកម្ពុជាបន្តទទួលជើងហោះហើរត្រង់ជាបន្តបន្ទាប់ពីគោលដៅប្រទេសចិនចូលមកកាន់កម្ពុជាពិសេសរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ដោយឡែកខេត្តសៀមរាបពុំទាន់មានជើងហោះហើរត្រង់ពីប្រទេសចិននៅឡើយ ហើយចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ តទៅ អាចរំពឹងថានឹងមានជើងហោះហើរត្រង់ចូលមកខេត្តសៀមរាបជាបន្តបន្ទាប់ ដែលកិច្ចការទាំងនេះទាមទារឱ្យប្រតិបត្តិករទេសចរណ៍ទទួលទីផ្សារចិនទាំងអស់ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីពង្រឹងគុណភាពសេវាឱ្យស្របតាមតម្រូវការរបស់ទេសចរចិន និងការកំណត់នានាដែលមានចែងក្នុងសៀវភៅស ស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា ដែលបានដាក់ឱ្យអនុវត្តដោយក្រសួងទេសចរណ៍កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។
លោកក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរ អំពីដំណឹងថ្មីបំផុត ដែលមានការអនុញ្ញាតជាផ្លូវការពីរាជរដ្ឋាភិបាលក្នុងការបញ្ចុះតម្លៃតេស្ត PCR សម្រាប់ទេសចរចិនពី១៣០ ដុល្លារ មកត្រឹម៥០ដុល្លារវិញ។ ទន្ទឹមនឹងនោះក្រសួងទេសចរណ៍នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាន និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដោះស្រាយបញ្ហាប្រឈមនានាដើម្បីបង្កើនភាពទាក់ទាញទេសចរចិនមកកម្សាន្តគោលដៅទេសចរណ៍វប្បធម៌ខេត្តសៀមរាបឱ្យបានច្រើន។ គួររំលឹកថា កម្ពុជាបានរៀបចំទទួល ស្វាគមន៍ភ្ញៀវចិន ចំនួន២លើកមកហើយក្រោយរដ្ឋាភិបាលចិនបើកឱ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ដោយលើកទី១ នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ និងលើកទី២នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន១២៥នាក់មកពីក្រុងប៉េកាំង៕