ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអំពាវនាវដល់មាតា បិតា អាណាព្យាបាល ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ចូលរួមផ្សព្វផ្សាយ, អប់រំ, ពន្យល់ណែនាំ, ក្រើនរំលឹកដល់បងប្អូន, កូន, ចៅ ជាពិសេសយវជនកុំឲ្យប្រើប្រាស់ទិវានៃក្តីស្រឡាញ់ (ថ្ងៃទី១៤ កុម្ភៈ) ធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់ និងសេចក្តីថ្ងៃថ្នូរដ៏ផូរផង់របស់ខ្មែរ។ សេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌ និងវិចិត្របានឲ្យដឹងថា ថ្ងៃទី១៤ ខែកុម្ភៈ ដែលមនុស្សមួយចំនួនជាពិសេសគ្រិស្តសាសនិកជនបានកំណត់ថា ជាទិវានៃក្តីស្រឡាញ់នោះបច្ចុប្បន្នទិវានេះបាននិងកំពុងជ្រៀតចូលមកក្នុងសង្គមជាតិកម្ពុជាជាពិសេសក្នុងស្រទាប់យុវជនបណ្តាលឱ្យមនុស្សមួយចំនួនបានទទួលយក និងប្រើប្រាស់ដោយភាពភ័ន្តច្រឡំនាំឱ្យមានផលប៉ះពាល់ដល់វប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិទៀតផង។
ក្រសួងវប្បធម៌ អះអាងថា ក្នុងបរិការណ៍នេះប្រជាជនជាពិសេសយុវជនកម្ពុជាត្រូវសិក្សាឈ្វេងយល់ឱ្យស៊ីជម្រៅចំពោះ វប្បធម៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាយើងព្រមទាំងត្រូវសិក្សាឱ្យគ្រប់ជ្រុងជ្រោយពីខ្លឹមសារ និងឥទ្ធិពលនៃវប្បធម៌ ទំនៀមទម្លាប់ពីខាងក្រៅដើម្បីបន្សំចូលទៅក្នុងឥរិយាបថ និងបរិបទសង្គមរបស់ខ្លួនក្នុងគោលដៅរក្សាឱ្យបាននូវអត្ថិភាពជាប្រជាជាតិថ្លៃថ្នូរមួយដែលមានវ័យចំណាស់រាប់ពាន់ឆ្នាំមកហើយនៅទ្វីបអាស៊ីនេះ។
បើតាមក្រសួងវប្បធម៌ ទិវានៃក្តីស្រឡាញ់នៅកម្ពុជាគួរជាឱកាសក្នុងការចែកចាយ និងធានានូវក្តីស្រឡាញ់ប្រកបដោយភាពទូលំទូលាយ និងសន្ដានចិត្តស្មោះសរចំពោះមនុស្សដែលនៅជុំវិញខ្លួនដូចជា៖ ក្រុមគ្រួសារ, ឪពុកម្តាយ, ប្ដី ប្រពន្ធ, កូន,ចៅ និងចំពោះអ្នកដែលនៅក្នុងសង្គមជាមួយគ្នាដូចជា៖ ជនពិការ, កុមារកំព្រា, និងអ្នកដែលខ្សត់ខ្សោយជាងខ្លួនជាដើមក្រោមរូបភាពការជួបជុំពិភាក្សាគ្នា ឬទទួលទានអាហាររួមគ្នាដោយក្តីសោមនស្សរីករាយ, ការសរសេរលិខិតជូនពរ, ការជូនអំណោយផ្សេងៗ... ដើម្បីបញ្ជាក់ពីភាពកត្តញ្ញូតាធម៌ពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់ខ្លួនចំពោះអ្នកមានគុណ, បុព្វការីជនចំពោះមនុស្សដែលខ្លួនស្រឡាញ់ និងចំពោះសង្គមជាតិ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអំពាវនាវដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជាពិសេសយុវជនសូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ ណែនាំក្រើនរំលឹកដល់បងប្អូន កូនចៅ ក្នុងគោលបំណងប្រើប្រាស់ទិវានេះអោយស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់គ្រួសារ ពិសេសដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពនៃសង្គមជាតិ។
គួររំលឹកថា ថ្ងៃទី១៤ ខែកុម្ភៈ ជាទិវានៃសេចក្ដីស្រឡាញ់ប៉ុន្តែយុវវ័យមួយចំនួនធំនៅតែយល់ច្រឡំថា វាគឺជាថ្ងៃបុណ្យសង្សារទៅវិញ ហើយបានក្លាយជាវប្បធម៌នៃការជូនកាដូ វត្ថុអនុស្សាវរីយ៍ ឬផ្កាដល់គូស្នេហ៍ ឬសង្សារ ទៅវិញទៅមក។ កន្លងមកនៅពេលដល់ថ្ងៃទី១៤ ខែកុម្ភៈ គេសង្កេតឃើញថា យុវវ័យដែលស្ថិតក្នុងសម្លៀកបំពាក់ជាស៊ីវិលធម្មតាផងជាឯកសណ្ឋានសិស្សផងបាននាំគ្នាទិញផ្កា ឬយកកាដូធ្វើដំណើរប្រសេចប្រសាចតាមដងផ្លួវខ្វះភាពថ្លៃថ្នូរយ៉ាងខ្លាំង ហើយការសប្បាយភ្លើតភ្លើនខ្វះការពិចារណានេះក៏បានធ្វើឲ្យយុវ័យមួយចំនួនធ្លាក់ខ្លួនចាញ់បោកដៃគូ អស់ទាំងខ្លួនប្រាណ អស់ទាំងទ្រព្យសម្បត្តិ ហើយសម្រេចបញ្ចប់ជីវិតតាមរយៈការលោតទឹកជាដើម៕