អ៊ីរ៉ង់ត្រូវបានរាយការណ៍មកថាកំពុងកែប្រែក្បាលគ្រាប់នៃដ្រូនវាយប្រហាររបស់ខ្លួនផ្គត់ផ្គង់ទៅកាន់ប្រទេសរុស្ស៊ីដើម្បីឈានឆ្ពោះទៅរកការទទួលបានទំហំខូចខាតជាអតិបរមានៅលើសំណង់ហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន។ ព័ត៌មានលំអិតត្រូវបានលាតត្រដាងឡើងដោយការត្រួតពិនិត្យលើក្បាលគ្រាប់ដែលបានផ្ទុះពីដ្រូនShahed-131 ដែលត្រូវបានរកឃើញនៅទីក្រុងកំពង់ផែ Odesaកាលពីខែតុលាមុន។ ការស្រាវជ្រាវត្រូវបានធ្វើឡើងដោយអង្គការស៊ើបអង្កេតស្រាវជ្រាវពីជម្លោះអាវុធមានមូលដ្ឋាននៅចក្រភពអង់គ្លេសជាមួយនឹងក្រុមយោធារបស់អ៊ុយក្រែន។ អ្នកវិភាគជឿជាក់ថាក្បាលគ្រាប់ទាំងនេះត្រូវបានកែប្រែឡើងជាមួយនឹងស្រទាប់បំណែកលោហៈមួយចំនួនតម្រៀបមិនសូវបានល្អដែលអាចបង្កផលប៉ះពាល់លើអង្កត់ផ្ចិតដ៏ធំមហាសាល។
ជាងនេះទៅទៀតនោះ វាក៏មានបន្ទុកតូចៗទាំងអស់ចំនួន១៨នៅជុំវិញបរិវេនក្បាលគ្រាប់ផងដែរ។ បន្ទុកទាំងនេះនៅពេលដែលត្រូវបានរំលាយដោយការផ្ទុះ អាចធ្វើអោយពុះជ្រែករបាំងពាសដែក និងបង្កើតបន្ទុះដ៏ធំមួយដែលមានទំហំ 360ដឺក្រេ។ ការប្រមូលផ្តុំនូវធាតុទាំងនេះអាចមានសារៈសំខាន់ធ្វើអោយសមត្ថភាពរបស់ក្បាលគ្រាប់កើនឡើងកំរិតអតិបរមាដែលអាចបំបែកគោលដៅ និងធ្វើអោយការជួសជុលឡើងវិញមានភាពពិបាក។ អ្នកស្រាវជ្រាវក៏បានអះអាងឡើងផងដែរថារុស្ស៊ីកំពុងប្រើប្រាស់ក្បាលគ្រាប់ផ្សេងៗគ្នាដើម្បីកំនត់គោលដៅលើរថក្រោះ រឺគ្រឿងសព្វាវុធផ្សេងទៀតនៅលើសមរភូមិ។ រុស្ស៊ីបានប្រើប្រាស់ដ្រូនអ៊ីរ៉ង់ដើម្បីកំនត់គោលដៅលើបណ្តាញថាមពល និងរោងចក្រថាមពលរបស់អ៊ុយក្រែន ដើម្បីធ្វើអោយមានផលខូចខាតមហាសាល។
ការវាយប្រហាររបស់រុស្ស៊ីមកលើសំណង់ហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនបានបន្សល់ទុកអោយអ៊ុយក្រែននូវការរស់នៅដោយគ្មានកម្តៅ អគ្គិសនី រឺទឹកប្រើប្រាស់នៅក្នុងរដូវរងារជាច្រើនខែ។ ក្រុមហ៊ុនម៉ាស៊ីនភ្លើងរដ្ឋដែលមានឈ្មោះថា Ukrenergoបាននិយាយឡើងកាលពីខែតុលាមុនថាការផ្គត់ផ្គង់ថាមពលអគ្គិសនីប្រមាណជាង៤០%ត្រូវបានកាត់ផ្តាច់ដោយសារតែការវាយប្រហារពីរុស្ស៊ី។ នៅខណៈនោះផងដែរ CEO នៃក្រុមហ៊ុនផ្គត់ផ្គង់ថាមពល YASNO លោក Sergey Kovalenkoក៏បាននិយាយប្រាប់សារព័ត៌មាន CNNថាការបំផ្លាញនេះវាកើតឡើងលឿនជាងសមត្ថភាពដែលអ៊ុយក្រែនអាចជួសជុលទាន់ពេលវេលាទៅទៀត។ រុស្ស៊ី និងអ៊ុយក្រែនត្រូវបានរាយការណ៍ថាបានព្រមព្រៀងគ្នាបង្កើតរោងចក្រផលិតដ្រូននៅក្នុងប្រទេសរុស្ស៊ីដើម្បីអនុញាតិអោយទីក្រុងម៉ូស្កូបំពេញតំរូវការរបស់ខ្លួនលឿនជាងនេះ។ នៅខណៈនោះផងដែរ ក្រសួងការពារជាតិរបស់រុស្ស៊ីក៏បានចោទប្រកាន់សហរដ្ឋអាមេរិចដែលបានការកែប្រែទំរង់ដ្រូនក្នុងសម័យសហភាពសូវៀតទៅជាដ្រូន Kamikazeផងដែរ។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើងបន្ទាប់ពីដ្រូន Tupolev Tu-141 Strizh បានធ្លាក់មកលើតំបន់ Kaluga របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅនេះ។
ការធ្លាក់មួយនេះបានបង្ហាញពីក្បាលគ្រាប់ផ្ទុះកំរិតខ្ពស់ថ្មី និងក៏បានបង្ហាញថាការកែប្រែថ្មីបន្ថែមពីអ៊ុយក្រែននេះពិតជាអាចធ្វើអោយមានប្រសិទ្ធភាពក្នុងដំណើរការមែន។ យោងទៅតាមអត្ថបទរបស់ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ Zvezda អំពីការចេញផ្សាយនៃក្រសួងការពារជាតិរុស្ស៊ីបង្ហាញថាវិស្វកររបស់អ៊ុយក្រែនមិនអាចធ្វើកំណែទំរង់នេះបានឡើយ។ អត្ថបទនេះក៏បានបន្តទៀតថាការកែប្រែនេះមិនអាចធ្វើទៅបានឡើយប្រសិនបើគ្មានវិស្វករអាមេរិចពីក្រុមហ៊ុន RaytheonTechnologies។ ការចោទប្រកាន់ស្រដៀងគ្នានេះក៏បានធ្វើឡើងដោយលោក Konstantin Gavrilov ដែលជាប្រធានគណៈប្រតិភូរុស្ស៊ីនៅទីក្រុង Vienna សម្រាប់ការគ្រប់គ្រងអាវុធ។ រុស្ស៊ីបានចោទប្រកាន់ក្រុមហ៊ុន Raytheonអំពីការជួយអ៊ុយក្រែនក្នុងការដាក់តំឡើងប្រព័ន្ធបើកបញ្ជាទំនើប និងអ្វីដែលអាចទៅរួចគឺក្បាលគ្រាប់នៃដ្រូននេះ។ អ៊ុយក្រែនត្រូវបានរាយការណ៍ថាបានប្រើប្រាស់ដ្រូនសម័យសហភាពសូវៀតដើម្បីវាយប្រហារមូលដ្ឋានទ័ពអាកាស EngelsនិងDyagilevoរបស់រុស្ស៊ីកាលពីឆ្នាំមុននៅថ្ងៃទី៥ និងទី២៦ ខែធ្នូ។