ប្រាសាទ "លាក់នាង" ជាប្រាសាទតូចមួយស្ថិនៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជ្រុងឥសាននៃប្រាសាទប្រែរូប។ ប្រាសាទនេះមានទីតាំងស្ថិតនៅស្ទើរតែជាប់ប្រាសាទប្រែរូបផ្នែកខាងឥសានមានចំងាយប្រហែល១០០ម៉ែត្រនៅខាងកើតផ្លូវចូលទៅភូមិតាព្រៃ។ បើតាមអាជ្ញាធរអប្សរា ប្រាសាទលាក់នាង ត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ដោយព្រះបាទជ័យរវ្ម័នទី៧។ ទីនេះគឺជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យជាច្រើន ដែលសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះធ្វើអំពីថ្មភក់បែរមុខទៅទិសខាងកើតមានរាងដូចប្រាសាទតាព្រហ្មកិលដែលនៅខាងលិចអង្គរវត្ត។
ប្រាសាទលាក់នាងជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត ។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងក្នុងបរិវេណឧទ្យានអង្គរ ដែលមានចំងាយប្រមាណជា២៧ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាប្រវត្តិនៃការសាងសង់ទីតាំង និងរចនាបទ។ នៅទីនោះភ្ញៀវទេសចរអាចទៅលំហែលកម្យាន្តមើលប្រាសាទ ចម្លាក់ក្បូក្បាច់ ព្រៃព្រឹក្សា និងប្រវត្តិសាស្រ្ត។
បើសិនមានបំណងទៅទស្សនាប្រាសាទនេះយើងគ្រាន់តែធ្វើដំណើរចាប់ពីខ្លោងទ្វាជ័យហួសប្រាសាទចៅសាយទេវតា នឹងប្រាសាទធម្មនន់ហើយធ្វើដំណើរបន្តហួសស្ពានថ្មនឹង ឆ្លងកាត់ស្ពានស្ទឹងសៀមរាប រហូតដល់ទិសខាងលិចនៃប្រាសាទតាកែវ ហើយងាក់ទៅខាងស្តាំដៃ ឬខាងលិចផ្លូវយើងនឹងឃើញប្រាសាទតូចមួយដែលលាក់ខ្លួននៅក្នុងព្រៃស្ងាត់តែម្នាក់ឯងនោះគឺជាប្រាសាទលាក់នាង ដែលជាអតីតមន្ទីរពេទ្យរបស់ព្រះបាទជ័យរវ្ម័នទី៧៕