ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនបាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងសិល្បៈបន្ថែមទៀតហើយក្នុងនោះផលិតករភាពយន្តចិន នឹងយកទឹកដីកម្ពុជាសម្រាប់ថតខ្សែភាពយន្តដោយមានបញ្ចូលវប្បធម៌ ប្រពៃណីខ្មែរ ហើយក៏មានការបណ្តុះបណ្តាលលើជំនាញជំនាញដូនតាផងដែរ។ នេះជាការលើកឡើងរបស់លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិនដើម្បីអបអរសាទរឆ្នាំមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៣។
នៅក្នុងកិច្ចសម្ភាសន៍លោកស្រី ភឿង សកុណា បានលើកឡើងពីទំនាក់ទំនងដ៏យូរលង់រវាងប្រទេសទាំងពីរ និងបានអះអាងថា វប្បធម៌ និងសិល្បៈបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកស្រីបានចាប់អារម្មណ៍ចំពោះការលើកឡើងរបស់ប្រធានាធិបតីចិន Xi Jinping ដែលបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីទំនុកចិត្តនៃវប្បធម៌របស់ប្រជាជាតិទាំងពីរហើយតែងតែតស៊ូមតិអំពីតម្រូវការដើម្បីលើកកម្ពស់ "ភាពចម្រុះនៃអរិយធម៌របស់មនុស្សជាតិ"។
បើតាមលោកស្រីរដ្ឋមន្ត្រីនៅក្នុងក្របខណ្ឌទ្វេភាគីនៃវិស័យវប្បធម៌និងសិល្បៈប្រទេសទាំងពីរ នឹងបន្តខិតខំពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការក៏ដូចជាការសាកល្បងថ្មីនូវផ្នែកខ្លះរួមមាន៖
ទី១- ជម្រុញការប្រែក្លាយកម្ពុជាជាទឹកដីស្វាគមន៍សម្រាប់ការថតខ្សែភាពយន្តពីសំណាក់ផលិតករបរទេសក៏ដូចជាផលិតករចិនអាចមកផលិតខ្សែភាពយន្តរបស់ខ្លួនជាពិសេសខ្សែភាពយន្តបរទេសដែលមានការបញ្ចូលនូវវប្បធម៌ ប្រពៃណីខ្មែរ។
២- សហការបណ្តុះបណ្តាលលើជំនាញដែលមានស្រាប់ប្រកបដោយនិរន្តរភាព (ជំនាញដូនតា)។
៣- បណ្តុះបណ្តាលការប្រើប្រាស់បច្ចេកវិទ្យាលើវិស័យវប្បធម៌និងសិល្បៈសម្រាប់ព្រឹត្តិការណ៍ធំៗបន្ថែមលើតម្លៃវប្បធម៌ដែលមានស្រាប់…។
ជាមួយគ្នានោះលោកស្រីក៏បានប្រកាសស្វាគមន៍ចំពោះអ្នកទេសចរចិន ដែលជ្រើសរើសកម្ពុជាជាគោលដៅនៃដំណើរទស្សនកិច្ចរបស់ខ្លួនខណ:ពេលថ្មីៗនេះរដ្ឋាភិបាលចិនបានអនុញ្ញាតអោយមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេសឡើងវិញដោយបានផ្តល់នូវកាលានុវត្តភាពដល់បណ្តាប្រទេសគោលដៅនៅលើពិភពលោករួមទាំងកម្ពុជា៕