ជារៀងរាល់ឆ្នាំពោលគឺនៅខែមាឃ អ្នកភូមិសំបូរ និងអ្នកភូមិកោះកេរ ឋិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ តែងប្រារព្វពីធីសែនព្រេនឡើងអ្នកតា ឬពិធីដេញរមល់របាល (ដេញព្រាយបិសាចឧបទ្រពចង្រៃចេញពីភូមិ) ព្រោះពួកគាត់មានជំនឿថា ការធ្វើបែបនេះបាននាំមកនូវសេចក្តីសុខសេចក្តីចម្រើនដល់អ្នកភូមិ និងមិនមានឧបទ្រពចង្រៃ បញ្ហាផ្សេងៗ ជំងឺកាចសាហាវរាតត្បាត ចូលភូមិឡើយ។ នេះបើយោងតាមក្រុមការងារនាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងតម្កល់ឯកសារនៃអាជ្ញាធរជាតិព្រះវិហារប្រចាំតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ដែលបានចុះសិក្សា និងអង្កេតនៅភូមិបុរាណចំនួន២គឺភូមិកោះកេរ និងភូមិសំបូរ។
តាមការស្រាវជ្រាវនោះបង្ហាញថា ប្រជាជននៅទីនោះតែងតែមានការគោរពប្រតិបត្តិនូវជំនឿជីវចលរបស់ខ្លួនក្នុងនោះមានពិធីមួយក្នុងពិធីជាច្រើនទៀត ដែលគេតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំក្នុងខែមាឃគេហៅថា “ពិធីឡើងអ្នកតា” ។ ពិធីឡើងអ្នកតានៅភូមិសំបូរមានភាពស្រដៀងគ្នាទៅនិងពិធីឡើងអ្នកតានៅភូមិកោះកេរដែរពោលគឺមានគោលបំណងរួមដូចគ្នាទី១ គេធ្វើឡើងដើម្បីសុំសេចក្ដីសុខក្នុងការរស់នៅ និងការប្រកបមុខរបរចិញ្ជឹមជីវិតតាមរយៈការធ្វើស្រែចម្ការឲ្យកាន់តែបានផលច្រើនពីម្ចាស់ទឹកម្ចាស់ដី (អ្នកតា) ដែលថែរក្សាក្នុងតំបន់របស់ពួកគេរស់នៅ ដែលមានកិច្ចបញ្ជាន់រូបដើម្បីប្រាស្រ័យទាក់ទងគ្នាជាមួយអ្នកតា ។ ទី២ ពិធីនេះធ្វើឡើងក្នុងគោលបំណងដេញនូវឧបទ្រពចង្រៃនានាពីក្នុងសហគមន៍របស់ពួកគេរស់នៅតាមរយៈកិច្ចមួយ ក្នុងពិធីឡើងអ្នកតានោះដែលគេហៅថា កិច្ចដេញរមល់របាល ឬហៅថា “កិច្ចដេញព្រាយបិសាចឧបទ្រពចង្រៃចេញពីភូមិ”។
នៅពេលខាងមុខនេះនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារនៃអាជ្ញាធរជាតិព្រះវិហារនឹងចងក្រងឯកសារប្រវត្តិនៃការធ្វើពិធីនេះ ដើម្បីផ្សព្វផ្សាយដល់មនុស្សជាតិបានសិក្សាស្វែងយល់កាន់តែច្បាស់ពីកេរតំណែលរបស់ដូនតានៃជំនឿសាសនា បែបអរូបិយរបស់ប្រជាជននៅភូមិទាំងពីរនេះ។ អាជ្ញាធរជាតិព្រះវិហារចាត់ទុកថា ការរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីតាំងពីដូនតានៃពិធីឡើងអ្នកតារបស់អ្នកភូមិសំបូរ និងភូមិកោះកេរក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរនេះបានជួយលើកស្ទួយវិស័យទេសចរណ៍នៃជំនឿសាសនាបែបអរូបិយបានមួយផ្នែក និងជាអត្តសញ្ញាណមួយដែលបន្សល់ទុកតាំងពីដូនតាមកសម្រាប់កូនខ្មែរជំនាន់ក្រោយក៏ដូចជាមនុស្សជាតិទូទាំងសកលលោកបានដឹងនិងសិក្សាស្វែងយល់ពីវប្បធម៌ ទំនៀបទម្លាប់ ប្រពៃណី សាសនារបស់ដូនតាខ្មែរកាន់តែច្បាស់៕