កោះអាចម៍សេះ មានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប និងត្រូវធ្វើដំណើរតាមរយៈទូករបស់ប្រជាពលរដ្ឋ ដែលមានរយៈពេលប្រមាណពី៤០នាទីទៅ១ ម៉ោង អាស្រ័យទៅតាមអាកាសធាតុ។ កោះនេះគឺជាកោះអភិរក្សមួយស្ថិតក្នុងតំបន់គ្រប់គ្រងជលផលនៃប្រជុំកោះពោធិ៍ និងកោះទន្សាយមានចម្ងាយប្រមាណ១៣គីឡូម៉ែត្រពីក្រុងកែប។
បច្ចុប្បន្ននេះពុំសូវមានភ្ញៀវទេសចរទៅកម្សាន្តនៅកោះនេះច្រើននៅឡើយទេពីព្រោះពួកគេមិនសូវបានដឹងអំពីធនធានចម្រុះដ៏សម្បូរបែប ដែលកំពុងលាក់ខ្លួននៅលើទឹកដីដ៏ស្រស់សោភានៃខេត្តកែបនេះ។ នៅលើកោះនេះមានព្រៃឈើដ៏ខៀវស្រងាត់ ទឹកសមុទ្រថ្លាឈ្វេង មានគ្រួសតូចៗចម្រុះ ពណ៌គ្នារួមជាមួយនឹងសំឡេងរលកសមុទ្រ ដែលបន្លឺឡើងពីកម្លាំងខ្យល់ប្រៀបដូចជាចម្រៀងធម្មជាតិសម្រាប់បំពេរអារម្មណ៍អ្នកទេសចរគ្រប់រូប ដែលមកកម្សាន្ដនៅទីនេះឱ្យភ្លេចអស់នូវទុក្ខកង្វល់ទាំងឡាយ និងបន្សល់នូវតែស្នាមញញឹម។
អ្វីដែលពិសេសបំផុតនោះគឺភ្ញៀវទេសចរអាចមុជទឹកមើលជីវៈចម្រុះនៅបាតសមុទ្រផ្សេងៗដូចជា ស្មៅសមុទ្រ ផ្កាថ្មដែលមានរូបរាងប្លែកៗ ត្រីសមុទ្រដែលមានពណ៌ចម្រុះ ផ្សោតសមុទ្រ រួមជាមួយនឹងសេះសមុទ្រដ៏គួរឱ្យស្រឡាញ់ថែមទៀតផង។ ភ្ញៀវទេសចរដែលមានគម្រោងទៅលេងកម្សាន្ដនៅកោះនេះគួរត្រៀមនូវឡេការពារកម្ដៅថ្ងៃ ទឹកផឹកព្រមទាំងត្រូវមើលពីការព្យាករណ៍អាកាសធាតុ និងត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការលេងទឹកផងដែរ។
សូមបញ្ជាក់ថា សមុទ្រខេត្តកែបមានកោះចំនួន១២ និងថ្មប៉ប្រះទឹក១រួមមាន៖ ១-កោះទន្សាយ, ២-កោះត្បាល់, ៣-កោះស្វាយ, ៤-កោះពោធិ៍, ៥-កោះម៉ាក់ប្រាង, ៦-កោះអាចម៍សេះ, ៧-កោះអង្រ្កង់, ៨-កោះស្វាយព្រៃ, ៩-កោះហាលត្រី, ១០-កោះការ៉ាង, ១១-កោះកុក,១២-កោះម្ទេស និងទី១៣-គឺថ្មប៉ប្រះទឹក។ ហើយក្នុងចំណោមកោះទាំងអស់ មានកោះមួយចំនួនមានប្រជាពលរដ្ឋរស់នៅក្នុងនោះក៏មានកោះអាចម៍សេះនៅផងដែរ នេះបើតាមមន្ត្រីជាន់ខ្ពស់ខេត្តកែប។ ក្រៅពីនោះមានកោះខ្លះត្រូវបានអភិរក្ស និងកោះមួយចំនួនក៏មានក្រុមហ៊ុនកំពុងសិក្សាគម្រោងដើម្បីធ្វើការអភិវឌ្ឍន៍ផងដែរ៕