គម្រោងស្រាវជ្រាវព្រះវិហារសម័យអង្គររបស់សាកលវិទ្យាល័យតូរិនតូប្រទេសកាណាដាក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាកំពុងធ្វើកំណាយស្រាវជ្រាវនៅខឿនព្រះវិហារបុរាណមួយស្ថិតនៅខាងកើតប្រាសាទបាយ័ន ចម្ងាយប្រមាណ២០០ម៉ែត្រ ដែលការស្រាវជ្រាវនេះធ្វើទ្បើងក្នុងគោលបំណងស្វែងយល់អំពីតួនាទីរបស់រចនាសម្ពន្ធ និងតួនាទីរបស់សំណង់បុរាណនានា ដែលក្នុងនោះរួមមាន ខឿនព្រះវិហារ ខឿនកាកបាទស្ថិតខាងលិចជាប់នឹងព្រះវិហារ និងសំណង់ខឿនព្រះធាតុជាដើម។ ជាពិសេសគឺស្វែងយល់អំពីសម័យកាលវិវត្តន៍នៃការគោរពបូជាព្រះពុទ្ធសាសនានាចុងសម័យអង្គរ។
លោក Andrew Harris ជាប្រធានគម្រោងស្រាវជ្រាវព្រះវិហារសម័យអង្គរ (Angkor Vihara Project) បានឱ្យដឹងថា គម្រោងកំណាយស្រាវជ្រាវនេះជាគម្រោងលើកទី៣លើខឿនព្រះវិហារនៅក្នុងក្រុងអង្គរធំ។ លោកពន្យល់ថា កំណាយស្រាវជ្រាវនេះធ្វើឡើងក្នុងបំណងស្វែងយល់ពីតួនាទីខឿនកាកបាទ និងខឿនព្រះពុទ្ធសាសនាដែលស្ថិតនៅជ្រុងខាងកើតដើម្បីដឹងពីអាយុកាល និងតួនាទីនៃសំណង់ទាំងនោះ។ លោកថា ការងារលើកនេះគឺរួមបញ្ចូលទាំងការសិក្សាអំពីតួនាទីមុខងារអាយុកាលរបស់ខឿនព្រះធាតុ ដែលស្ថិតនៅដាច់អំពីសំណង់ព្រះវិហារបុរាណ និងជាពិសេសគឺស្វែងយល់អំពីទំនាក់ទំនងប្រើប្រាស់របស់សំណង់ព្រះវិហារទៅជាមួយនឹងសហគមន៍មនុស្សរស់នៅជុំវិញជាដើម។
កំណាយស្រាវជ្រាវក្នុងរយៈពេលជិតមួយខែកន្លងមកលោក Andrew Harris បានរកឃើញគំនរបំណែកក្បឿងនៅលើខឿនកាកបាទ ដែលជាសក្ខីភាពបញ្ជាក់អំពីសំណង់ឈើប្រក់ក្បឿងមានវត្តមាននៅលើខឿននេះ។ ជាទូទៅក្រៅអំពីបំណែកកុលាលភាជន៍ខ្មែរ និងភាជន៍ចិនដែលជាភស្តុតាងការប្រើប្រាស់នាសម័យអង្គរក្រុមការងារក៏ជួបប្រទះនូវភស្តុតាងនៃការប្រើប្រាស់កុលាលភាជន៍សម័យក្រោយអង្គរ (នាសតវត្សរ៍ទី១៦ទៅ១៧) នៅក្នុងស្រទាប់ជិតព្រះវិហារ។ ជាពិសេសចាស់បុរាណនាសម័យក្រោយអង្គរលោកបានបញ្ចុះធាតុអ្នកស្លាប់ក្នុងកូនក្រឡកប់ក្នុងដីបរិវេណខឿនកាកបាទទៅតាមទំនៀមទម្លាប់ជំនឿព្រះពុទ្ធសាសនា។ ជាងនេះទៅទៀតគេក៏ប្រទះឃើញស្លាកស្នាមទឹកហូរចេញចូលពីស្រះទឹកដ៏ធំមួយក្បែរនោះទៅមុខព្រះវិហារផងដែរ។
កិច្ចការសហការសិក្សាស្រាវជ្រាវសំណង់ខឿនព្រះវិហារសម័យអង្គរនេះបង្ហាញនូវភស្តុតាងមួយចំនួនទាក់ទងនឹងការវិវត្តសង្គមសាសននាចុងសម័យអង្គរ និងសង្គមមនុស្សបន្តរស់នៅក្រោយការរផ្លាស់ប្ដូររាជធានីទៅភាគខាងត្បូង។ លោក Andrew Harris ពន្យល់បន្ថែមថា កន្លងមកអ្នកស្រាវជ្រាវយល់ថារាជធានីអង្គរត្រូវបានគេបោះបង់ចោល និងពុំមានមនុស្សរស់នៅ។ តែតាមរយៈការសិក្សាថ្មីៗរបស់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិរួមទាំងការស្រាវជ្រាវទាំងបីលើកក្នុងគម្រោងព្រះវិហារអង្គរក៏បានបន្ថែមនូវភស្តុតាងសំខាន់ៗមួយចំនួន ដែលអាចបញ្ជាក់អំពីការផ្លាស់ប្តូរជំនឿសាសនា និងការស្ថាបនាសំណង់សាសនាតាមបែបទស្សនៈព្រះពុទ្ធសាសនា ដែលអាចរាប់ចាប់ពីចុងសតវត្សរ៍ទី១៣ ដល់ទីបញ្ចប់សតវត្សរ៍ទី១៤ និងជាពិសេសនៅសតវត្សរ៍ទី១៦តរៀងមក។
តាមរយៈសិល្បៈសំណង់ព្រះវិហារនីមួយៗក្នុងក្រុងអង្គរធំបញ្ជាក់នូវអាយុកាលនៃការស្ថាបនានាចុងសម័យអង្គរ និងមានសំណង់មួយចំនួនតូចទាក់ទងនឹងសម័យក្រោយអង្គរ។ ជាការពិតណាស់ព្រះវិហារមួយចំនួនត្រូវបានកែលម្អ ឬស្ថាបនាក្រោយវត្តមានព្រះបាទអង្គចន្ទ ព្រះរាជវង្ស និងព្រះពុទ្ធសាសនឹងត្រលប់មកកាន់រាធានីចាស់។ របកគំហើញថ្មីៗរបស់ក្រុមស្រាវជ្រាវជាតិ និងអន្តរជាតិផ្តល់លទ្ធភាពក្នុងការចងក្រងប្រវត្តិសាស្រ្តមួយបែបថ្មី ដែលកន្លងមកតែងយល់ថាព្រះវិហារក្នុងរាធានីអង្គរត្រូវបានស្ថាបនាទ្បើងនាសម័យក្រោយអង្គរស្របជាមួយការត្រទ្បប់មកវិញរបស់ព្រះបាទអង្គចន្ទយាងមកជួសជុលទីសការៈបូជាក្នុងប្រាសាទអង្គរវត្ត។ ជាសក្ខីភាពដូចជាជួសជុលកែប្រែប្រាសាទអង្គរវត្តស្ថាបនាព្រះពុទ្ធរូបធំៗលើភ្នំបាខែង និងប្រាសាទបាភួន និងព្រះវិហារជុំវិញប្រាសាទបាយ័ន។
តាមការស្រាវជ្រាវកន្លងមកគេបានសន្និដ្ឋានថា សំណង់ខឿនព្រះវិហារព្រះពុទ្ធសាសនាក្នុងកំពែងក្រុងអង្គរធំមានចំនួនចន្លោះពី៦២ទៅ៧២។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះការស្រាវជ្រាវនៅទួលព្រះវិហារទាំងនោះមានចំនួនតិចតួចនៅទ្បើយ និងជាប្រធានបទថ្មីមួយសម្រាប់ក្រុមស្រាវជ្រាវជាតិ និងអន្តរជាតិសហការគ្នាដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីសង្គមរស់នៅរបស់បុព្វបុរសខ្មែរលើរាជធានីអង្គរនាចុងសម័យអង្គរ និងក្រោយអង្គរ៕