ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យអ្នកទេសចរចិនធ្វើការទូទាត់លុយយ៉ន់លើសេវាសណ្ឋាគារ ភោជនីយដ្ឋាន និងគ្រប់សេវាកម្មទេសចរណ៍ទាំងអស់នាអំឡុងពេលធ្វើទស្សនកិច្ចនៅកម្ពុជា។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងពិធីទទួលស្វាគមន៍ជើងហោះហើរដឹកអ្នកទេសចរចិនមកកម្ពុជានាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យមានការទូទាត់ជាលុយយ៉ន់នៅគ្រប់សណ្ឋាគារ គ្រប់ភោជនីយដ្ឋាន គ្រប់សេវាទាំងអស់ នាអំឡុងពេលដែលពួកគេមកលេងនៅកម្ពុជា។
លោកបានលើកឡើងថា ក្រសួងទេសចរណ៍បានត្រៀម និងរៀបចំជាស្រេចក្នុងការទទួលភ្ញៀវទេសចរចិនតាមរយៈការចងក្រងសៀវភៅ “China Ready” សម្រាប់ស្វាគមន៍អ្នកទេសចរចិនដោយបានបណ្តុះបណ្ដាលគ្រប់សេវាកម្មដើម្បីសម្រួលដល់អ្នកទេសចរចិនឱ្យទទួលបានអារម្មណ៍រីករាយក្នុងការដើរកម្សាន្តក្នុងប្រទេសកម្ពុជា ជាពិសេសការប្រើប្រាស់លុយចិននៅកម្ពុជា។ ជាមួយគ្នានេះលោក ថោង ខុន បានព្យាករណ៍ថា នឹងមានអ្នកទេសចរចិនប្រមាណ៨០ម៉ឺនទៅ១លាននាក់មកលេងកម្ពុជា៕