ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបើកវគ្គបណ្តុះបណ្តាលរយៈពេល៧ថ្ងៃ (០៧ កុម្ភៈ-១៣ កុម្ភៈ) ស្តីពីការការពារការត្រួតពិនិត្យ និងការចងក្រងឯកសារនៃអំពើចោរកម្មលើសម្បត្តិវប្បធម៌ក្នុងប្រទេសកម្ពុជា (Training Course on Cambodia Site Protection and Looting Documentation)។
វគ្គបណ្តុះបណ្តាលនេះក្រោមការឧបត្ថម្ភមូលនិធិដោយក្រសួងការបរទេសសហរដ្ឋអាមេរិក និងបានចាប់ផ្តើមបើកកាលពីថ្ងៃទី០៧ ខែកុម្ភៈ ម្សិលមិញ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញក្រោមអធិបតីភាពលោកស្រី ប៉ែន មុន្នីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងជាតំណាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនដែលអញ្ជើញមកពីក្រសួងការបរទេសសហរដ្ឋអាមេរិក, អង្គភាព FBI, Legal Attache’, FBI Cambodia និងមន្ត្រីជំនាញផ្នែកវប្បធម៌, អង្គការមរតកវប្បធម៌ខ្មែរដោយមានការអញ្ជើញចូលរួមជាសិក្ខាកាមពីក្រសួងស្ថាប័នអង្គភាពមួយចំនួនដែលមានសមត្ថកិច្ចការពារ ថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ក្នុងប្រទេសកម្ពុជា។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានថ្លែងថា តាំងពីឆ្នាំ១៩៩៧មកសហរដ្ឋអាមេរិកបានបញ្ជូនត្រឡប់មកវិញនូវវត្ថុបូរាណចំនួនជាង១០០ ដុំហើយឆ្នាំនេះមានបញ្ជូនមកបន្ថែមទៀត។ កិច្ចការនេះដំណើរការទៅបានដោយសារមានការខិតខំរួមគ្នារបស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិកនៅថ្នាក់សហព័ន្ធ និងថ្នាក់មូលដ្ឋាន។ បូរាណវិទូអាមេរិកបានរួមចំណែកជាការស្រាវជ្រាវសំខាន់ៗក្នុងការជួយធ្វើឲ្យយល់ពីសិល្បៈបូរាណខ្មែរ។
បើតាមលោក W. Patrick Murphy អ្នកជំនាញកម្ពុជាជាច្រើនបានសិក្សា ឬធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីចែករំលែកព័ត៌មាន និងសហការជាមួយអ្នកឯកទេសទាំងនោះ និងអ្នកឯកទេសអាមេរិកដទៃទៀត។ សហរដ្ឋអាមេរិកនៅបន្តជួយគាំទ្រកិច្ចប្រឹងប្រែងអភិរក្សប្រាសាទព្រះវិហារ និងបានបផ្ដល់ជំនួយជាង៣,៥លានដុល្លារ ក្នុងការជួសជុលប្រាសាទភ្នំបាខែងឡើងវិញ។ សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះក៏បានផ្តល់ជំនួយឥតសំណងដល់កិច្ចប្រឹងប្រែងនៃការអប់រំដល់សហគមន៍នៅប្រាសាទសំបូរព្រៃគុក។ ជាពិសេសអ្នកជំនាញជនជាតិអាមេរិកមកទីនេះនាថ្ងៃនេះដើម្បីផ្តល់ការបណ្តុះបណ្តាលគឺជាសមាជិកនៃក្រុមការងារបេតិកភណ្ឌវប្បធម៌ (CATF) ពួកគេមានមកពីទីក្រុងនានានៃសហរដ្ឋអាមេរិក ដែលមានបទពិសោធន៍សំខាន់ក្នុងផ្នែកបុរាណវិទ្យា ការអនុវត្តច្បាប់ និងបេតិកភណ្ឌវប្បធម៌។ ការបណ្ដុះបណ្តាលនេះនឹងណែនាំនូវការបង្កើតនិងរក្សាទុកនូវឯកសារសម្រាប់ទីតាំងអភិរក្ស និងសម្រាប់តាមដាននូវការអនុត្តនានា។ គោលដៅគឺដើម្បីឱ្យកម្ពុជាបង្កើតបាននូវប្រព័ន្ធសារពើភណ្ឌទីតាំងថ្នាក់ជាតិ។
ចំណែកលោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការតំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថា ជាច្រើនឆ្នាំមកនេះ ប្រទេសកម្ពុជាបាននឹងកំពុងចាត់វិធានការសំខាន់ៗដើម្បីការពារបេតិកភណ្ឌរបស់ខ្លួន។ ប្រទេសកម្ពុជាគឺជាប្រទេសអាស៊ីដំបូងគេដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការយូណេស្កូឆ្នាំ1970ស្តីពីមធ្យោបាយនៃការហាមឃាត់ និងទប់ស្កាត់ការនាំចូលការនាំចេញ និងការផ្ទេរកម្មសិទ្ធិដោយខុសច្បាប់នៃកម្មសិទ្ធិវប្បធម៌។ ចំណែកនៅថ្នាក់ជាតិ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តច្បាប់ស្តីពីការការពារសម្បត្តិវប្បធម៌។ ក្របខណ្ឌច្បាប់នេះគឺជាមូលដ្ឋានសំខាន់មួយដើម្បីការពារការបាត់បង់ទ្រព្យសម្បត្តិវប្បធម៌នាពេលអនាគត និងដើម្បីស្ដារឡើងវិញនូវបេតិកភណ្ឌដែលបានបាត់បង់។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងរាប់មិនអស់ដើម្បីទប់ស្កាត់ការជួញដូរសិល្បៈខុសច្បាប់។ ជាអកុសលទោះបីជាយើងខិតខំការពារបេតិកភណ្ឌវប្បធម៌របស់យើងក៏ដោយការលួចប្លន់ និងការបំផ្លិចបំផ្លាញទីតាំងបុរាណវត្ថុនៅតែមាន។
ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់លើវត្ថុវប្បធម៌ប្រកបដោយប្រសិទ្ធភាពយើងត្រូវសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង និងជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន អង្គការ និងប្រទេសផ្សេងៗ។ វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីប្រឆាំងការជួញដូរវត្ថុបុរាណ និងវត្ថុវប្បធម៌ខុសច្បាប់អាស្រ័យទៅលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងអន្តរកម្មរវាងភាគីពាក់ព័ន្ធសំខាន់ៗរួមមាន អាជ្ញាធរវប្បធម៌ នគរបាល គយ និងរដ្ឋាករ សារមន្ទីរ ឈ្មួញ និងអ្នកជំនាញសិល្បៈ និងវប្បធម៌។
កិច្ចសហប្រតិបត្តិការនៅតាមបណ្តាប្រទេសផ្សេងៗគ្នាក្នុងចំណោមប្រទេសជិតខាងគឺមានសារៈសំខាន់សម្រាប់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរវត្ថុបុរាណខុសច្បាប់ និងថែរក្សាប្រវត្តិសាស្ត្រ និងវប្បធម៌របស់យើង។ ការអភិរក្សវត្ថុបុរាណរបស់យើងគឺជាការអភិរក្សប្រវត្តិសាស្រ្តរបស់យើងអនុញ្ញាតឱ្យមនុស្សជំនាន់ក្រោយយល់ពីភាពសម្បូរបែបនៃវប្បធម៌របស់ពួកគេ និងលើកទឹកចិត្តឱ្យពួកគេការពារបេតិកភណ្ឌរបស់ពួកគេ។ គួររំលឹកថា គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ប៉ុន្តែដោយសារជួបវិបត្តិកូវីដ-19 បានអាក់ខានមួយរយៈដោយមានធូរស្បើយពីជំងឺកូវីដ-19ទើបយើងចាប់ផ្តើមដំណើរការឡើងវិញ៕