ភ្នំពេញ៖ គោលដៅជាយុទ្ធសាស្ត្រចំនួន៥ត្រូវបានគណបក្សប្រជាជនកម្ពុជាដាក់ចេញសម្រាប់អនុវត្តរយៈពេល៥ឆ្នាំ និងឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ សេចក្តីសម្រេចលទ្ធផលនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាកាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា គោលដៅជាយុទ្ធសាស្ត្រទាំង៥ដែលបានអនុម័តរួមមាន៖
ទី១, ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលន សង្គមជាតិ ឱ្យបានគង់វង្សស្ថិតស្ថេរ។
ទី២, កសាងព្រះរាជាណាចក្រកម្ពុជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំ ដែលផ្អែកលើច្បាប់មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងសមធម៌ ប្រជាជនមានជីវភាពសម្បូរសប្បាយបានរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងមានការគោរពសិទ្ធិមនុស្ស។
ទី៣, កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្នប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុដែលធានាការផ្ដល់ការគាំពារដល់ប្រជាជនក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗ ដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌនៃការងារ និងការរស់នៅ។
ទី៤, ជំរុញការអនុវត្ត “កម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥ និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះឱ្យបានជាអតិបរមានិងទី៥, បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានាហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕