ប្រាសាទជ្រុង(និរតី)កសាងក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលកសាងនៅចុងសតវត្សរ៍ទី១២ដើម្បនីឧទ្ទិសថ្វាយព្រះពោធិសត្វលោកេស្វរៈក្នុងរចនាបថបាយ័ន។ ប្រាសាទជ្រុងគឺជាហោត្រ័យ ឬបណ្ណាល័យដែលមានទំហំប្រហែល១៥មx១០ម ហើយមានកម្ពស់ប្រហែល៥៧០សម បែរមុខមកទិសខាងកើតដែលសម្រាប់តម្កល់ទុកនូវផ្ទាំងសិលាចារឹក និងគម្ពីក្បួនច្បាប់ដ៏សំខាន់ដែលពិពណ៌នាយ៉ាងពិស្តារអំពីការស្ថាបនាកសាងមហាកំពែងកសិណទឹកព័ទ្ធជុំវិញ និងទ្វារចូលរាជធានីអង្គរធំក្នុងរជ្ជកាលព្រះមហាវីរក្សត្រជ័យវរ្ម័នទី៧។
ប្រាសាទជ្រុងជាប្រាសាទតូចមួយដែលស្ថិតក្នុងបរិវេណកំពែងខាងក្រៅនៃប្រាសាទបាយ័ននៅត្រង់កន្លែងកាច់ជ្រុងនៃទន្លេអុំ (ស្ថិតនៅទិសនិរតីនៃកំពែងនគរធំ)។ នៅខ្លោងទ្វារចូលផ្នែកខាងត្បូងនៃប្រាសាទអង្គរធំ ហើយបត់ខាងឆ្វេងដៃធ្វើដំណើរតាមមាត់ទន្លេអុំឆ្ពោះទៅទិសខាងលិចដល់កន្លែងកាច់ជ្រុងនៃកំពែងប្រាសាទយើងនឹងឃើញប្រាសាទតូចមួយទីនោះហើយជាប្រាសាទជ្រុង។ ប្រាសាទជ្រុងជាកន្លែងអាចទស្សនាទេសភាពថ្ងៃលិចដ៏ពិសិដ្ឋ និងគួរឱ្យចាប់អារម្មណ៍។
សម្រាប់ភ្ញៀវទេសចរ ដែលប្រាថ្នាទស្សនាពន្លឺដ៏ស្រទន់នៃព្រះសូរិយាពេញភ្នែកពួកគេគួរតែធ្វើដំណើរដោយថ្នើរជើង ឬកង់ ម៉ូតូ ចូលតាមខ្លោងទ្វារផ្នែកខាងត្បូងនៃប្រាសាទអង្គរធំរួចបត់ខាងឆ្វេងដៃបណ្ដោយទន្លេអុំទៅទិសខាងលិចរហូតដល់កន្លែងកាច់ជ្រុងនៃកំពែងប្រាសាទចម្ងាយប្រមាណ៣គីឡូម៉ែត្រ។ ជាទូទៅភ្ញៀវទេសចរគ្រប់ជនជាតិទាំងអស់មិនថា អាស៊ី អឺរ៉ុប ឬអាហ្រ្វិក រាប់ពាន់នាក់ ដែលប្រាថ្នាចង់ឃើញពន្លឺព្រះអាទិត្យពណ៌លឿងទុំចាំងជះលើប្រាង្គប្រាសាទរំលេចជាទស្សនីយភាពដ៏ស្រស់ត្រកាលបានមកជួបជុំគ្នាតាំងពីព្រឹកងងឹតដើម្បីជ្រើសរើសទីតាំងល្អបំផុតក្នុងការទស្សនាអរុណោទ័យនៅលើកំពូលប្រាសាទអង្គរវត្ដ។
ក្រៅពីទីឋានគយគន់ព្រះសូរិយាចាំងឆ្លុះប្រឹថពីនៅប្រាសាទអង្គរវត្ដ ប្រាសាទជ្រុងជាទីកន្លែងទស្សនាថ្ងៃហៀបអស្ដង្គតមួយរួមនឹងប្រាសាទប្រែរូប ប្រាសាទបាខែង និងភ្នំក្រោមជាដើម។ ភាគច្រើនក្រុមភ្ញៀវទេសចរដែលធ្វើដំណើរតាមផ្លូវគោកប្រាថ្នាទស្សនាប្រាសាទជ្រុងផងព្រះអាទិត្យលិចផងព្រមទាំងថតរូបភាពប្រាសាទថ្ងៃលិចគងលើព្រៃព្រឹក្សា និងទន្លេអុំយ៉ាងច្បាស់ក្រឡែត។ ភ្ញៀវទេសចរតែងតែលាន់មាត់ថា ប្រាសាទជ្រុងជាទីកន្លែងគយគន់ថ្ងៃលិចដ៏ស័ក្ដិសមបំផុត ហើយក៏អាចទស្សនាទិដ្ឋភាពដងទន្លេបុរាណ ប្របរុក្ខជាតិតូចធំ និងទូកកម្សាន្ដអូសខ្លួនត្រសងហាក់ដូចជារូបភាពក្នុងផ្ទាំងគំនូរ។ ប្រាសាទជ្រុងជាទីកន្លែងគយគន់ថ្ងៃលិចផង និងជិះទូកកម្សាន្ដបណ្ដែតខ្លួនលើទន្លេអុំផងដែរ។
ចំពោះភ្ញៀវទេសចរដែលមិនខ្លាចនឹងចំណាយប្រាក់ និងចង់រួមដំណើរជាមួយក្រុមគ្រួសារព្រមទាំងក្មេងតូចៗបែបរ៉ូមែនទិកពួកគេអាចជ្រើសរើសយកការជិះទូកតាមដងទន្លេអុំគយគន់ថ្ងៃលិចតាំងពីចេញដំណើររហូតដល់បរិវេណប្រាសាទជ្រុង។ ប្រាសាទជ្រុង ដែលត្រូវបានកសាងនៅចុងសតវត្សរ៍ទី១២ដោយព្រះមហាវីរក្សត្រព្រះបាទជ័យវរ្ម័នទី៧ មានក្បាច់រចនាផ្កាភ្ញីរស់រវើកអមដោយចម្លាក់អាទិទេពជាច្រើននៅគ្រប់ផ្នែកនៃប្រាសាទ។ តួប៉មប្រាសាទនេះបែរមុខទៅទិសខាងកើតខណ្ឌជាបន្ទប់ៗសាងសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម។ នៅក្នុងសម័យអង្គរ ប្រាង្គប្រាសាទជ្រុង គឺជាហោត្រ័យ ឬបណ្ណាល័យតម្កល់ទុកនូវផ្ទាំងសិលាចារឹកដ៏សំខាន់ដែលបានពិពណ៌នាយ៉ាងពិស្តារអំពីការស្ថាបនាកសាងមហាកំពែងកសិណទឹកព័ទ្ធជុំវិញ និងទ្វារចូលរាជធានីអង្គរធំក្នុងរជ្ជកាលព្រះមហាវីរក្សត្រជ័យវរ្ម័នទី៧។ រហូតមកទល់ពេលនេះប្រាសាទជ្រុងទទួលរងការបាក់បែកផ្នែកខ្លះៗដោយសារអាយុកាល និងការបំផ្លិចបំផ្លាញរបស់មនុស្ស។
លោក មាស សុផា ជាមគ្គុទ្ទេសក៍ទេសចរម្នាក់បាននិយាយថា នៅតាមខ្នងកំពែងខាងកើតប្រាសាទប្រមាណ២០០ម៉ែត្រមានរូងទ្វារសម្ងាត់ចំនួនប្រាំដែលអ្នកស្រុកហៅថា រន្ធត្រដេវតាំងពីយូរណាស់មកហើយពីព្រោះមានសត្វត្រដេវធ្វើសម្បុកនៅទីនោះ។ តាមលក្ខណៈភូមិសាស្ត្ររូងនេះគឺជាច្រកទឹកចេញចូលរវាងទន្លេអុំ និងបឹងតូចៗនៅភាគនិរតីនៃអង្គរធំ ហើយវាក៏ប្រាកដជាច្រកសម្ងាត់សម្រាប់ការរត់ភៀសខ្លួនរបស់ស្តេច ឬមន្ត្រីនៅក្នុងករណីមានភយន្តរាយណាមួយជាយថាហេតុផងដែរ។ រូងទាំងប្រាំនោះត្រូវបានសង់ទម្លុះមហាកំពែងដ៏រឹងមាំរបស់អង្គរធំ ដែលស្ថិតនៅជាប់ៗគ្នាប៉ុន្តែវាមានទំហំមិនស្មើគ្នាទេដោយរូងកណ្តាលធំហើយខ្ពស់ជាងគេបន្តិចគឺទទឹងទំហំប្រមាណ១,៥ម៉ែត្រ និងកម្ពស់២ម៉ែត្រ៕