ភ្នំពេញ៖ បណ្ដាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យនឹងត្រូវចុះត្រជាក់ខ្លាំងជាងសព្វមួយដងដោយសីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់១៤-១៦អង្សារសេ។នេះបើយោងតាមសេចក្តីជូនដំណឹងបន្ថែមស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម។ សេចក្តីជូនដំណឹងបានឲ្យដឹងថា ចាប់ថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្តបន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរទៅខ្លាំងមកលើកម្ពុជា។
ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុបន្តចុះត្រជាក់បន្ថែមជាពិសេសនៅថ្ងៃទី២៩-៣០ ខែមករា ដែលនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យធាតុអាកាសនឹងចុះត្រជាក់ខ្លាំងជាងសព្វមួយដងដោយសីតុណ្ហភាពអប្បបរមានៅបណ្តាខេត្តទាំងនោះអាចធ្លាក់ចុះដល់១៤-១៦អង្សារសេ។ រីឯបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាមានពី១៧-២១អង្សារសេ។ ចំណែកនៅរាជធានីភ្នំពេញសីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់២០អង្សារសេ។ បន្ទាប់ពីនោះរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ សីតុណ្ហភាពនឹងវិលមកជាធម្មតាវិញ៕