ភ្នំពេញ៖ មន្រ្តីនគរបាលចរាចរណ៍ម្នាក់ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្នើរសុំទៅថ្នាក់ដឹកនាំ ដើម្បីបន្ថយឋានន្តរសក្តិមួយថ្នាក់ក្រោយពេលធ្វើសកម្មភាពដេញតាមរថយន្តរបស់អ្នកដំណើរទាំងយប់ដោយមិនមានគោលការណ៍ ឬបទបញ្ជាពីប្រធានអង្គភាព។ នគរបាលដែលរងវិន័យមានឈ្មោះ ជឹម សាលីន អត្តលេខ៧៨៦៦៥ឋានន្តរសក្តិអនុសេនីយ៍ទោ និងជាមន្រ្តីចំណុះការិយាល័យចរាចរណ៍ផ្លូវគោកត្រូវបានបន្ថយឋានន្តរសក្តិមកត្រឹមអនុសេនីយ៍ត្រី។ តាមសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះថា មន្រ្តីរូបនេះត្រូវបានអនុវត្តវិន័យកងកម្លាំងដោយផ្ទេរចេញពីការិយាល័យចរាចរណ៍ទៅកងអន្តរាគមន៍ជាពិសេស។
សូមបញ្ជាក់ថា ការដាក់វិន័យនិងបន្ថយឋានន្តរសក្តិនគរបាលខាងលើបានកើតឡើងក្រោយពេលដែលមន្រ្តីនគរបាលរូបនោះបានជិះម៉ូតូម្នាក់ឯងតាមរថយន្ត១គ្រឿង កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០២:០០រំលងអាធ្រាតនៅចំណុចស្ដុបចំការមន។ ពេលនោះអ្នកនៅក្នុងរថយន្តសួរទៅមន្រ្តីនគរបាលឈ្មោះ ជឹម សាលីន តើខ្ញុំខុសអី ? ហើយលោកអនុសេនីយ៍ទោ ជឹម សាលីន តបថា បងស្រីអត់ពាក់ខ្សែរក្រវ៉ាត់សុវត្ថិភាព និងកុំថតអីសម្រួលបានអត់ក្នុងន័យកុំឲ្យថតប៉ុណ្ណោះ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចាត់ទុកការចុះអនុវត្តនេះមិនមានគោលការណ៍ ឬបទបញ្ជាពីប្រធានអង្គភាពនោះទេហើយការធ្វើនេះក៏មិនត្រឹមត្រូវតាមម៉ោងនៃការអនុវត្តច្បាប់ផងដែរទើបសម្រេចធ្វើការដាក់វិន័យតែម្ដង៕