ចាប់តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២មក អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមដំណើរការរៀបចំធ្វើកម្រាលផ្លូវដើរនៅមុខប្រាសាទអង្គរវត្តក្នុងគោលដៅកាត់បន្ថយភាពសឹករិចរឹលរបស់ថ្ម នឹងគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរចូលមកទស្សនាក្នុងប្រាសាទឱ្យមានភាពល្អប្រសើរនេះបើតាមមន្រ្តីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា គោលដៅចម្បងនៃការរៀបចំកម្រាលផ្លូវដើរនៅបរិវេណប្រាសាទអង្គរវត្តនេះដើម្បីកាត់បន្ថយភាពសឹករិចរឹលនៃថ្មប្រាសាទដោយសារកន្លងមកជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់បណ្តាលឱ្យមានភក់ជាប់មកជាមួយនូវបាតស្បែកជើងជាហេតុនាំយកដីទាំងនោះទៅកកិតជាមួយនឹងថ្ម។ ម្យ៉ាងទៀតគឺដើម្បីគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរឱ្យសមរម្យចៀសវាងការដើរនៅលើស្មៅ និងលើដីរក្សាបានរបៀបរៀបរយ និងរួមចំណែកលើកកម្ពស់សោភណ្ឌភាពប្រាសាទអង្គរវត្តឱ្យមានភាពបៃតងគ្រប់រដូវកាល។
បើតាមលោក សេង សុធារ៉ា គម្រោងរៀបចំកម្រាលផ្លូវដើរនៅប្រាសាទអង្គរវត្តត្រូវបានអនុវត្តចំនួន៣ដំណាក់កាលដោយដំណាក់កាលទី១នេះអាជ្ញាធរជាតិអប្សរាទទួលបានថវិកាឧបត្ថម្ភពីមូលនិធិរបស់ GIZ ក្រោមការសម្រួលរបស់អង្គការយូណេស្កូប្រចាំប្រទេសកម្ពុជាសម្រាប់រៀបចំកម្រាលផ្លូវដើរមានប្រវែងសរុប៤៧៦ម៉ែត្រ។ ជំហានដំបូង ដំណើរការរៀបចំកម្រាលសម្រេចលទ្ធផលប្រមាណ៦០ភាគរយហើយមកដល់ពាក់កណ្តាលខែមករានេះ ដោយរំពឹងថា នឹងអាចរួចរាល់ជាស្ថាពរនៅចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ។ លោកបានបន្តទៀតថា កម្រាលផ្លូវដើរថ្មីដែលអាជ្ញាធរជាតិអប្សរាធ្វើការរៀបចំនេះមានចំនួន៤កន្លែងផ្សេងគ្នាចំណែកកម្រាលឈើចាស់ក៏នៅរក្សាទុកដដែល។
លោកសង្ឈឹមថា ក្រោយពេលរៀបចំកម្រាលផ្លូវថ្មីរួចរាល់ភ្ញៀវទេសចរទាំងអស់ និងធ្វើដំណើរនៅលើកម្រាលផ្លូវនេះចៀសវាងការដើរជាន់លើវាលស្មៅ និងចូលរួមគោរពទៅតាមក្រមប្រត្តិបត្តិអង្គរ។ ក្នុងនោះដែរលោកសំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមថែរក្សាបរិស្ថាននៅក្នុងតំបន់រមណីយដ្ឋានអង្គរទាំងអស់គ្នាដោយដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ៕