សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គ្រោងនឹងដាក់តាំងពិព័រណ៌ផលិតផលសូត្រខ្មែរចំនួន១១មុខនៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះហើយផលិតផលធ្វើពីសូត្រខ្មែរចំនួន១១មុខ ដែលមានកន្សែងសូត្រចំនួន៤ និងសំពត់ហូលចំនួន៥ ហូលពិតានចំនួន២ ជាអំណោយផ្តល់មកពីវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ នឹងត្រូវដាក់តាំងនៅទីនោះ។ ការដាក់តាំងពិព័រណ៌វត្ថុដ៏មានតម្លៃទាំងនេះក្នុងបំណងអភិរក្សថែរក្សាសិល្បៈតម្បាញហូលពិតានខ្មែរស្របពេលដែលចំនួនអ្នកប្រើប្រាស់ហូលពិតានក្នុងសង្គមខ្មែរសម័យថ្មីកំពុងថយចុះគួរឱ្យព្រួយបារម្ភ។ ម្យ៉ាងវិញទៀតក៏ដើម្បីបង្ហាញដល់សាធារណជន សិស្ស និស្សិត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែង យល់ពីកេរ្តិ៍ដំណែល និងស្នាដៃរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកមក។
នាយករងស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី លោក សែន គឹមស៊ុនឱ្យដឹងថា សមច្ច័យទាំងនេះមានប្រវត្តិនៅជាប់ជាមួយនឹងបុព្វបុរសខ្មែរជាយូរយារណាស់មកហើយ ប៉ុន្តែមួយផ្នែកធំវាត្រូវបានបំផ្លិចបំផ្លាញដោយសាររបបប៉ុលពត ហើយបច្ចុប្បន្នមិនសូវមានអ្នកនិយមប្រើទេដូចជាហូលពិតានជាដើមនោះទើបធ្វើឱ្យវិស័យតម្បាញហូលពិតានបានធ្លាក់ចុះ។ ក្រុមអ្នកជំនាញផ្នែកប្រពៃណីនិងវប្បធម៌ពន្យល់ថា ហូលពិតានមានលក្ខណៈពិសេសខុសពីហូលធម្មតាព្រោះវាមានចងក្បាច់លើកគោមជារូបផ្សេងៗយ៉ាងពិសិដ្ឋ ដែលទាក់ទងទៅនឹងជំនឿសាសនា។ ពីបុរាណកាលបានហាមអ្នកស្រុកមិនឱ្យយកហូលប្រភេទនេះទៅប្រើឬស្លៀកដូចហូលធម្មតាទេបើទោះបីជាហូលនោះនៅថ្មីមិនទាន់បានអភិសេកក៏ដោយ។ គោមដែលប្រើនៅលើហូលពិតានខ្លះក៏មិនត្រូវអនុញ្ញាតឱ្យយកទៅត្បាញលើហូលសម្រាប់ស្លៀកពាក់ធម្មតាបានដូចគ្នា។
លោក សែន គឹមស៊ុន បញ្ជាក់ថា ការផលិតហូលពិតានមួយៗត្រូវការចំណាយពេលវេលាយូរត្រូវការកម្លាំងមនុស្សច្រើនបច្ចេកទេសចងគោម និងប្រើវត្ថុធាតុដើមសុទ្ធសឹងផលិតចេញពីសសៃសូត្រធម្មជាតិហើយជ្រលក់ពណ៌ធម្មជាតិដែលផ្សំឡើងពីរុក្ខជាតិទៅតាមបច្ចេកទេសបុរាណមិនប្រើសារធាតុគីមីឡើយ។ សូមបញ្ជាក់ថា ទីតាំងនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីស្ថិតនៅភូមិបឹងដូនប៉ាតាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញាសុខ អាន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរនេះបានបើកដំណើរការតាំងតែពីអំឡុងខែមេសា ឆ្នាំ២០១៤ ក្រោមកិច្ចសហប្រតិបត្តិការពីបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ទន្លេគង្គារដោយមានប្រទេសចំនួន៦ចូលរួមដូចជា ប្រទេសកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្នុងគោល បំណងថែរក្សាប្រពៃណីនៃការផលិតវាយនភណ្ឌក៏ដូចជាការបង្ហាញពីទំនាក់ទំនងរវាងអរិយធម៌ វប្បធម៌ និងពាណិជ្ជកម្មរបស់ប្រទេសជាសមាជិក ដែលមានរយៈពេលជាច្រើនសតវត្សមកហើយ៕