ចាប់តាំងពីឆ្នាំ២០១៦មកដល់ឆ្នាំ២០២៣នេះអាជ្ញាធរជាតិអប្សរាសហការណ៍ជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បាននិងកំពុងកំពុងអនុវត្តគម្រោងជួសជុលដំណាក់កាលទី២ស្ពានហាលខាងមុខប្រាសាទអង្គរវត្តដើម្បីលើកតម្លៃ រក្សាទម្រង់ដើមរបស់សំណង់បុរាណមួយនេះឱ្យមានសភាពរឹងមាំឡើងវិញ។ លោក សាតុរឹ មីវ៉ា (Satoru MIWA) តំណាងមជ្ឈមណ្ឌលអាស៊ី សូហ្វីយ៉ា និងជាប្រធានការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្តមានប្រសាសន៍ថា គម្រោងជួសជុលស្ពានហាលប្រាសាទអង្គរវត្តដំណាក់កាលទី២នេះ មានប្រវែងសរុបជិត១០០ម៉ែត្រខណៈដំណាក់កាលទី១បានជួសជុសប្រវែង១០០ម៉ែត្ររួចមកហើយនៅផ្នែកខាងកើតខណៈការងារជួសជុលនៅផ្នែកខាងលិចក៏ជិតរួចរាល់ជាស្ថាពរ។ លោកបន្តថា បើពិនិត្យតាមស្ថានភាពជាក់ស្តែងដំណើរការជួសជុលស្ពានហាលមកដល់ខែមករាឆ្នាំ២០២៣នេះ សម្រេចបានប្រមាណ៩០ ភាគរយហើយក្នុងនោះក្រុមការងារអាច នឹងប្រើប្រាស់ពេលវេលាបន្តយ៉ាងហោចណាស់១ឆ្នាំទៀតដើម្បីបញ្ចប់ការងារទាំងនេះ។
បើតាមលោក Satoru MIWA ក្នុងដំណើរការជួសជុលស្ពានហាលប្រាសាទអង្គរវត្តបញ្ហាប្រឈមខ្លះៗតែងតែជួបប្រទះដូចជា៖ ទោះបីស្ថិតក្នុងស្ថានភាពនៃជំងឺឆ្លងកូវីដ១៩ រយៈពេល២ឆ្នាំជាង ប៉ុន្តែសកម្មភាពនៃការជួសជុលនៅតែបន្តបញ្ហាទឹកភ្លៀងនារដូវវស្សាជាពិសេសស្ពានហាលមានកសិន្ធុទឹកព័ទ្ធជុំវិញពិបាកក្នុងការជួសជុល។ លោកសាតុរឹ មីវ៉ាតំណាងមជ្ឈមណ្ឌលអាស៊ីសូហ្វីយ៉ា បានសម្តែងក្តីសប្បាយរីករាយនៅពេលបានជួយដល់កម្ពុជាក្នុងការងារជួសជុលស្ពានហាល និងគម្រោងអភិរក្សផ្សេងៗទៀត។ ក្នុងនោះលោកសង្កេតឃើញថា អាជ្ញាធរជាតិអប្សរាបានខិតខំយ៉ាងខ្លាំងក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរជាពិសេសការកសាងសមត្ថភាពធនធានមនុស្សរហូតដល់ការអនុវត្តគម្រោងនៅតាមការដ្ឋាននីមួយមិនចាំបាច់ពឹងផ្អែកលើបរទេសដូចពេលមុនឡើយ។
សូមជម្របថា ចាប់តាំងពីឆ្នាំ១៩៨៩មកសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរាធ្វើសកម្មភាពជាច្រើនជួយដល់មរណីយដ្ឋានអង្គរទាក់ទងនិងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្មការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទបន្ទាយក្តីកម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម៕