ក្រុមការងារអភិរក្សអណ្តើក នៃអង្គការ WCS និងរដ្ឋបាលជលផល បានរកឃើញពងអណ្តើកហ្លួងចំនួន៤សម្បុក ក្នុងនោះ នៅថ្ងៃទី១៦ ខែមករា រកឃើញ១សម្បុក និងថ្ងៃទី១៩ រកឃើញ៣សម្បុក សរុបចំនួន៥៤គ្រាប់ នៅលើឆ្នេរខ្សាច់សិប្បនិម្មិត ក្បែរស្រះបង្កាត់ពូជមួយ ក្នុងមជ្ឈមណ្ឌលអភិរក្ស សត្វល្មូនខេត្តកោះកុង។
នេះបើតាមប្រភពពីអង្គការ WCS ។ អអង្គការនេះបានបញ្ជាក់ថា យោងតាមរូបភាព ដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលក្រុមការងារបានដាក់នៅលើឆ្នេរខ្សាច់នោះ បានបង្ហាញថា មានអណ្តើកមេជាច្រើនក្បាល បានឡើងពីស្រះបង្កាត់ពូជ មកកាយខ្សាច់ទម្លាក់ពង នៅវេលាចន្លោះម៉ោង៩យប់ ដល់ពាក់កណ្តាលយប់ ថ្ងៃទី១៦ និងទី១៨ ខែមករា ។
បើតាមអង្គការ WCS នេះគឺជាឆ្នាំទី៣ ហើយ ដែលអណ្តើកហ្លួងចិញ្ចឹម បានពងនៅក្នុងមជ្ឈមណ្ឌលក្នុងប្រទេសកម្ពុជា។ក្រុមការងាររំពឹងថា នឹងរកឃើញពងអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌលនេះបន្ថែមទៀត ក្នុងរដូវពងកូនឆ្នាំនេះ ចាប់ផ្តើមពីខែមករា រហូតដល់ខែមីនា ។
គួររំលឹកថា កាលពីឆ្នាំ២០២២ ក្រុមការងារ បានរកឃើញពងអណ្តើកហ្លួងនៅលើឆ្នេរខ្សាច់ដដែលនេះ ចំនួន៩ សម្បុក មានពងសរុបចំនួន៨១គ្រាប់ និង ញាស់បាន៣៣កូន។ ការបង្កាត់ពូជអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌល គឺជាគោលដៅអភិរក្សរបស់អង្គការ WCS និងរដ្ឋបាលជលផល សំដៅស្តារចំនួនអណ្តើកប្រភេទនេះ ឱ្យមានច្រើននៅក្នុងធម្មជាតិឡើងវិញ ។
បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង មានអណ្តើកហ្លួងចំនួន១៨៤ ក្បាល។ ចាប់តាំងពីឆ្នាំ២០១៥ ក្រុមការងារ បានលែងអណ្តើកហ្លួងជំទង់ ចំនួន១៤៧ក្បាល ចូលក្នុងទីជម្រកធម្មជាតិវិញ។ អណ្តើកជំទង់ និងស្ទើរជំទង់ នៅក្នុងមជ្ឈមណ្ឌល ត្រូវបានក្រុមការងារចិញ្ចឹមថែទាំនៅក្នុងស្រះបង្កាត់ ពូជចំនួន៤ ចំណែកឯកូនអណ្តើកតូចៗ ត្រូវបានដាក់ចិញ្ចឹមនៅក្នុងធុងប្លាស្ទិក មុននឹងផ្ទេរចូលក្នុងស្រះ បង្កាត់ពូជ។
អណ្តើកហ្លួង មានឈ្មោះជាភាសាអង់គ្លេសថា Southern River Terrapin និងឈ្មោះវិទ្យាសាស្ត្រ ថា Batagur Affinis ។ អណ្តើកប្រភេទនេះ ត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUC ថាជា ប្រភេទជិតផុតពូជបំផុត ។
កាលពីនៅឆ្នាំ២០០៥ រាជរដ្ឋាភិបាលកម្ពុជា បានចេញព្រះរាជក្រឹត្យ ចាត់ចំណាត់ថ្នាក់សត្វប្រភេទនេះ ជាសត្វល្មូនជាតិ តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា៕ (មានជ័យ)