ខេត្តបាត់ដំបង គឺជាខេត្តមួយដែលសំបូរទៅដោយរមណីដ្ឋានទាំងប្រវត្តិសាស្ត្រ វប្បធម៌ កែច្នៃ និងធម្មជាតិ ហើយរបស់របរហូបចុក រួមទាំងសណ្ឋាគារក៏មានតម្លៃសមរម្យ ដូច្នេះអ្នកទេសចរ ឬប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្ត នៅខេត្តបាត់ដំបង កុំភ្លេចនឹកដល់រមណីដ្ឋានមួយ ដែលមានឈ្មោះថា ទឹកធ្លាក់បរឡាង ឬគេច្រើនហៅថា ជ្រោះបរឡាង ដែលមានទីតាំងស្ថិតនៅក្នុង ស្រុក សំឡូត ខេត្តបាត់ដំបង។ រមណីដ្ឋាននេះ ស្ថិតនៅក្នុងតំបន់អភិរក្ស ដែលមានចំងាយពីក្រុងបាត់ដំបងប្រមាណ៨៦ គីឡូមែត្រ ពីក្រុងបាត់ដំបង តាមផ្លូវជាតិលេខ៥៧។ មានចម្ងាយពីផ្សារប៉ាងរលឹម ៨គីឡូមែត្រ នៅលើផ្លូវកៅស៊ូ ហើយបន្តតាមផ្លូវដីក្រហម១0 គីឡូមែត្រទៀត។
ទឹកធ្លាក់បរឡាង ជាតំបន់ទេសចរណ៍មួយបែបធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ជាមួយនឹងព្រៃភ្នំធម្មជាតិ និងទឹកធ្លាក់មកពីលើភ្នំដែលបានបង្កើតបានជាទស្សនីយភាពសម្រាប់អ្នកទេសចរដែលចូលចិត្តធម្មជាតិ ហើយស្តាប់សំលេងទឹកធ្លាក់មកពីលើកំពូលភ្នំបានធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ជាមួយការងូតទឹកលេងកម្សាន្ត។ តំបន់នេះបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរមកលេងយ៉ាងច្រើនកុះករ ទៅទស្សនានៅទីនេះ។ ទឹកធ្លាក់បរឡាង ស្ថិតនៅក្នុងប្រភេទ ទឹកជ្រោះ ឬទឹកធ្លាក់ ហើយចំណុចសំខាន់ៗនៅ ទឹកធ្លាក់បរឡាង មានដូចជា៖ ហែលទឹក ឬលេងទឹក, ពិកនិច, ដើរលេងថ្មើរជើង និងចំណុចផ្សេងៗទៀត។
ទឹកធ្លាក់បរឡាង ត្រូវបានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ចុះពិនិត្យ និងសិក្សា និងធ្វើបច្ចុប្បន្នភាព ជាមួយតាមគោលដៅទេសចរណ៍ផ្សេងៗជាច្រើនទៀត នៅក្នុងស្រុកសំឡូត ដើម្បីត្រៀមផ្សព្វផ្សាយលើកកម្ពស់សន្ទុះវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង ក្រោយវិបត្តិកូវីដត្រូវបានបញ្ចប់ និងដើម្បីជំរុញឲ្យបានខ្លាំងក្លាបន្ថែមទៀត នៅក្នុងមូលដ្ឋានខេត្តបាត់ដំបង ឲ្យក្លាយជាខេត្ត ដែលមានជម្រើសទេសចរណ៍កាន់តែសម្បូរបែប និងអាចពន្យារពេលស្នាក់នៅរបស់ទេសចរផងដែរ។
បើតាមលោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង គោលដៅទេសចរណ៍ ដែលគ្រោងនិងរៀបចំបន្ថែមនេះ អាចនឹងទាក់ទាញអារម្មណ៍អ្នកទេសចរតាមរយៈសក្ដានុពលសម្បូរបែបក្នុងដំណាក់កាលថ្មីនេះ គឺសម្រស់ធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកសំឡូត ដែលពោរពេញទៅដោយចម្ការរុក្ខជាតិទុរេន ចម្ការប័រ,មង្ឃុត,តាង៉ែន,ចម្ការសាវម៉ាវ នៅរដូវហុចផលក្រៅពីនេះ ក៏មានដងព្រៃភ្នំបឹងបួជ្រោះ ជ្រងជ្រលងដងអូរជាច្រើន សណ្ឋានសាកសមជាមេដែកដ៏ខ្លាំងក្លា ក្នុងការអន្ទងចិត្តភ្ញៀវឲ្យចូលមកទស្សនាកម្សាន្តសម្រាកលំហែកាយ និងស្រាវជ្រាវផ្សេងៗតាមចំណង់ជំនាញរបស់អ្នកទេសចរ។ បច្ចុប្បន្ន អ្នកវិនិយោគទុន ក៏កំពុងផ្តោតការចាប់អារម្មណ៍លើវិស័យទេសចរណ៍ នៅតំបន់មួយនេះផងដែរ។
លោក អ៊ុច អ៊ុំភីនីស្សារ៉ា អះអាងថា គោលដៅទេសចរណ៍ថ្មីៗដែលមន្ត្រីជំនាញបានចុះពិនិត្យនិងសិក្សានេះរួមមាន តំបន់វាលចម្បាំងខេមសាយ ឋិតក្នុងភូមិព្រៃធំឃុំកំពង់ល្ពៅមានសក្ដានុពលទេសភាពព្រៃភ្នំ និងទីវាលចម្ការមានម៉ូតូកង់៤ សម្រាប់ជួលជិះកម្សាន្តតាមដងព្រៃព្រឹក្សា និងបោះតង់តំបន់ដាយមិនរីស៊ត ឋិតក្នុងភូមិបរឡាង ដែលមានសក្ដានុពលទេសភាពទឹកធ្លាក់ស្ទឹងបរឡាង ដើម្បីទាញអារម្មណ៍អ្នកទេសចរឲ្យឋិតក្នុងភាពស្រស់ស្រាយរីករាយ ដែលមិនអាចបំភ្លេចបាននៅថ្ងៃខាងមុខបន្តទៀត។
គួររំលឹកថា ទឹកធ្លាក់បរឡាង ស្ថិតនៅក្នុងចំណោមទឹកធ្លាក់៥កន្លែងនៅកម្ពុជា មានឈ្មោះពីរោះៗប្លែក និងស្អាតៗបំផុតគួរទៅឱ្យបានម្ដងក្នុង១ជីវិតគឺ៖
ទី១. ទឹកធ្លាក់ចាក់អង្រែក្រោម (ទឹកធ្លាក់អន្លង់ស្វាយ) ស្ថិតនៅលើ ភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ។ ទឹកធ្លាក់ចាក់អង្រែក្រោម ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលលាក់ខ្លួនពួនអាត្មានៅលើភ្នំត្បែង និយាយពីសម្រស់វិញ ស្រស់ស្អាតមិនចាញ់ទឹកជ្រោះកន្លែងផ្សេងៗ ដែលមានលើភ្នំត្បែងនោះទេ។ ជាតំបន់ទឹកធ្លាក់ បែបកំដៅសាច់ដុំ គឺបើចង់ទៅទឹកធ្លាក់មួយកន្លែងនោះ ត្រូវធ្វើដំណើរឡើងភ្នំចុះភ្នំ ស្ថានភាពផ្លូវ មិនសូវស្រួលទេ ត្រូវតែស៊ូបន្តិចទើបទៅដល់។
ទី២. ទឹកធ្លាក់បរឡាង ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ជាមួយនឹងរុក្ខជាតិខៀវស្រងាត់ ព្រៃភ្នំព័ទ្ធជុំជិត ជាទឹកធ្លាក់ពីលើភ្នំ ដែលបង្កើតបានជាទស្សនីយភាព សម្រាប់អ្នកទេសចរដែលចូលចិត្តធម្មជាតិ ស្តាប់សំលេងទឹកធ្លាក់មកពីលើកំពូលភ្នំ និងងូតទឹកលេងកម្សាន្ត។
ទី៣. ទឹកធ្លាក់ជ្រោះភ្នំ៥៣ ស្ថិតនៅលើភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាប់ព្រំដែនកម្ពុជា- ថៃ។ ទីនោះមិនត្រឹមតែជាតំបន់ដែលមានទឹកធ្លាក់ជាប់នឹងជញ្ជាំងភ្នំ តែជាតំបន់រមនីយដ្ឋានដែលមានកន្លែងអង្គុយញ៉ាំអាហារជួបជុំគ្រួសារ អង្គុយមើលទេសភាពនោះទេ គឺមានរូងភ្នំ ជម្រៅជ្រៅ ដែលធ្លាប់មានអ្នកសច្ចំ ចូលទៅតាំងសម្មាធិថែមទៀតផង។
ទី៤. ទឹកធ្លាក់លែងអង លែងឃិន មានទីតាំងស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ចម្ងាយ២៦ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ លែងអង និងលែងឃិន ជាតំបន់ទឹកធ្លាក់ធម្មជាតិ ដែលហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាចម្រុះតូចធំ ជាមួយទឹកត្រជាក់ល្ហឹម អំណោយផលដល់អ្នកទេសចរ ងូតទឹកកម្សាន្ត លម្ហែកាយស្រស់ស្រាយចុងសប្តាហ៍។
ទី៥. ទឹកធ្លាក់បុស្សស្បូវ មានទីតាំងនៅភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ទឹកធ្លាក់បុស្សស្បូវ ជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញមួយ ដែលលាក់ខ្លួននៅជើងភ្នំដងរែក ខេត្តព្រះវិហារ។ ទឹកធ្លាក់ដែលមានធម្មជាតិស្រស់បំព្រង អមព្រៃឈើតូចធំ លាយឡំជាមួយនឹងផ្ទាំងថ្ម តូច-ធំ៕
(មានជ័យ)