អត្ថបទ៖លាង ឡា
ភ្នំពេញ៖ ជនសង្ស័យចំនួន៦៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន៣៤ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។
យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៦៣នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួន ក្នុងនោះរួមមាន ៖ ការជួញដូរ ចំនួន១៦ករណី ឃាត់ខ្លួន ២៦នាក់,ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ខ្លួន៨នាក់,បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ខ្លួនម្នាក់ និងករណីប្រើប្រាស់ ១០ករណី ឃាត់ខ្លួនចំនួន២៨នាក់ ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន (Ice) ទម្ងន់ ៣៩២៣២,២៦ក្រាម និង២២កញ្ចប់តូច, អ៊ិចស្តាស៊ី (mdma)ទម្ងន់ ២៥៧៥៦,៣៧ក្រាម និងអាសេតូម (Acetom) ទម្ងន់ ៣៣,០ក្រាម ។
សូមបញ្ជាក់ដែរថា នាពេលថ្មីៗនេះ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានដាក់ចេញទិសដៅចំនួន៤ចំណុច ជាយុទ្ឋសាស្រ្ត ដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀន ឱ្យបានជោគជ័យ ខណៈនិន្នាការ នៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគ ដែលកំពុងមានការកើនឡើង៕