អ៊ុយក្រែនបានក្លាយទៅជាកន្លែងសាកល្បងមួយសំរាប់អាមេរិច និងសម្ព័ន្ធមិត្តអាវុធ និងបច្ចេកវិទ្យាយោធារបស់គេយោងទៅតាមសេចក្តីរាយការណ៍មួយ។ ការរាយការណ៍របស់ CNN បានលើកឡើងពាក្យសំដីរបស់រដ្ឋមន្រ្តីអាមេរិចថា«មន្ទីរពិសោធន៍ Pentagon បានសិក្សាយ៉ាងស៊ីជំរៅអំពីជំលោះនេះសំរាប់មេរៀននាពេលអនាគត»។ យោងទៅតាមអ្នកជំនាញ អ៊ុយក្រែនបានក្លាយជាទីពិសោធន៍សង្គ្រាមមួយដ៏គួរអោយចាប់អារម្មណ៍ ដែលសូម្បីតែលោកពូទីនខ្លួនឯងក៏បាននិយាយឡើងដូច្នេះដែរ។ ប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែនបានផ្តល់អោយអាមេរិច និងសម្ព័ន្ធមិត្តរបស់គេនូវឳកាសកំរមួយដើម្បីសិក្សាថាតើប្រព័ន្ធអាវុធរបស់ពួកគេអាចដំណើរការបានកំរិតណា។ លោកខាងលិចត្រូវបានរាយការណ៍មកថាកំពុងកត់សម្គាល់ពីប្រតិបត្តិការនៃសព្វាវុធរបស់ពួកគេនៅក្រោមការប្រើប្រាស់ដ៏លើសលប់ និងសិក្សាអំពីគ្រាប់រំសេវដែលទាំងសងខាងបានប្រើប្រាស់ផងដែរដើម្បីទទួលបានជ័យជំនះ។ សំរាប់យោធាអាមេរិច ជំលោះនៅអ៊ុយក្រែនបានក្លាយទៅជាប្រភពទិន្នន័យអំពីសមត្ថភាពប្រើប្រាស់នៃប្រព័ន្ធអាវុធរបស់ពួកគេ យោងទៅតាមប្រភពពត៌មាន CNN។ រដ្ឋមន្រ្តីយោធាអាមេរិចក៏បានធ្វើការតាមដានពីរបៀបដែលរុស្ស៊ីអាចប្រើប្រាស់ដ្រូនថោកៗរបស់ខ្លួន និងទទួលបានជោគជ័យថែមទៀតផង។ សង្គ្រាមនៅអ៊ុយក្រែននៅតែក្លាយជាសង្គ្រាមទន្រ្ទានញាំញីមួយដ៏ធំធេងជាមួយនឹងការវាយប្រហារដោយអាវុធធន់ធ្ងន់ជារឿយៗ និងយុទ្ធសាស្រ្តនៃសម័យកាលសង្គ្រាមលោកលើកទី២ផ្សេងៗទៀត។ ប៉ុន្តែថ្វីបើសង្គ្រាមបុរាណបែបនេះត្រូវបានដឹកនាំហើយក៏ដោយ ក៏ការធ្វើទំនើបកម្មបច្ចេកវិទ្យា និងថ្នាក់បណ្តុះបណ្តាលនៅអ៊ុយក្រែនក៏ត្រូវបានត្រួតពិនិត្យឡើងជានិច្ចផងដែរ។ មានទូកបញ្ជា អាវុធប្រឆាំងដ្រូន និងប្រព័ន្ធការពារដែនអាកាសកំណែទំរង់មួយចំនួនបន្ថែមទៀតកំពុងត្រូវបានប្រើប្រាស់ឡើងផងដែរ។
ប្រព័ន្ធក្នុងកំរិតប្រូហ្វាល់ខ្ពស់ៗមួយចំនួនត្រូវបានផ្តល់ទៅអោយអ៊ុយក្រែនដូចជា ដ្រូន Switchblade 300 និងមីស៊ីល បានប្រែក្លាយទៅជាអាវុធដែលមិនសូវផ្តល់ប្រសិទ្ធភាពខ្ពស់នៅក្នុងសមរភូមិទៅវិញ។ ប្រព័ន្ធ M142 រឺប្រព័ន្ធ Himars វិញបានក្លាយជាគន្លឹះជោគជ័យដ៏សំខាន់មួយសំរាប់អ៊ុយក្រែន។ អាវុធសំខាន់មួយទៀតគឺអាវុធ M777 Howitzer ក៏ផ្តល់អំណាចដល់ការក្តោបក្តាប់ហ្គេមនៅក្នុងសមរភូមិផងដែរ។ ត្រូវបានសិក្សាដឹងថាធ្មុងកាំភ្លើងរបស់ប្រព័ន្ធ Howitzer នឹងបាត់បង់សន្ទះគូថខ្យងខាងក្នុងរបស់វាប្រសិនបើមានគ្រាប់បែកជាច្រើនត្រូវបានទំលាក់មកជាច្រើនក្នុងរយៈពេលខ្លី។ មន្រ្តីប្រតិបត្តិការម្នាក់បានលើកឡើងថាមេរៀនមួយដែលអាមេរិចបានរៀនពីជំលោះមួយនេះគឺកាំភ្លើងធំប្រហែលជាត្រឹមរឿងនៅក្នុងអតីតកាលប៉ុណ្ណោះ។ អ្នកជំនាញនិយាយថាប្រព័ន្ធអាវុធទាំងនោះពិតជាមានការលំបាកក្នុងការផ្លាស់ទីភ្លាមៗដើម្បីចៀសពីការរងភ្លើងត្រលប់មកវិញ និងនៅក្នុងពិភពដែលដ្រូន និងការអង្កេតការណ៍ពីលើមាននៅគ្រប់ទីកន្លែង។ អាមេរិចបានធ្វើការសិក្សាយ៉ាងស៊ីជំរៅអំពីជំលោះនេះដើម្បីស្វែងយល់ពីមេរៀនធំៗពីរបៀបដែលសង្គ្រាមរវាងប្រទេសទំនើបទាំងពីរនេះអាចនឹងបញ្ចេញអនុភាពរបស់ខ្លួនឡើងនៅក្នុងសតវត្សរ៍ទី២១។ អ៊ុយក្រែនបានរិះរកដំណោះស្រាយយុទ្ធសាស្រ្តមួយចំនួនជាមួយនឹងការប្រើប្រាស់អាវុធកែច្នៃបណ្តោះអាសន្ន ដែលជាញឹកញាប់កើតឡើងដោយសារកង្វះធនធាន និងកាត់បន្ថយការផ្គត់ផ្គង់។ ស័ហ្វវ៉ែមួយរបស់អ៊ុយក្រែនត្រូវបានក្លាយជាកម្មវិធីដែលអាចរកប្រើប្រាស់បាននៅក្នុង Tablet Computer និងស្មាតហ្វូនហើយ ជាមួយនឹងមុខងារអាចកំណត់គោលដៅជាក់លាក់បានយ៉ាងឆ្លាតវៃ។ ជាលទ្ធផលវាគឺជាកម្មវិធីទូរស័ព្ទដៃមួយនេះដែលផ្តល់រូបភាពផ្កាយរណប និងពត៌មានសំងាត់ផ្សេងៗទៀតទៅជាវិធីកំណត់គោលដៅបាននៅក្នុងពេលវេលាជាក់ស្តែង។ កម្មវិធីស័ហ្វវ៉ែមួយនេះអាចជួយដល់ក្រុមឈរជើងនៅជួរកំលាំងខាងមុខអាចធ្វើការបាញ់ប្រហារបានទៅលើគោលដៅជាក់លាក់ណាមួយ ជាមួយនឹងការកាត់បន្ថយពេលវេលាបានដោយសារតែការ Update យ៉ាងរហ័សរបស់ប្រព័ន្ធ។
អ្នកបច្ចេកទេសអ៊ុយក្រែនក៏បានប្តូរផ្លាស់ឡានដឹកទំនិញធម្មតាៗទៅជាប្រព័ន្ធបាញ់បង្ហោះមីស៊ីលដែលអាចចល័តផងបានដែរ។ ករណីផ្សេងទៀតផងដែរមានដូចជាវិស្វករបានដឹងពីរបៀបបំពាក់កាំជ្រួចមីស៊ីលទំនើបៗរបស់អាមេរិចទៅលើយន្តហោះចម្បាំងរបស់សូវៀតចាស់ៗដូចជា MiG-29។ អ៊ុយក្រែនក៏បានផលិតអាវុធប្រឆាំងនាវារបស់ខ្លួនឯង Neptune ដោយផ្អែកទៅលើការរចនានៃកាំជ្រួចសូវៀតដែលអាចកំណត់គោលដៅបានពីចម្ងាយជិត២០០ម៉ាយ។ អ្នកជំនាញយោធាអាមេរិចយល់ឃើញថាដំណោះស្រាយកែច្នៃវត្ថុរបស់អ៊ុយក្រែន និងមានតំលៃធូរថ្លៃបែបនេះនឹងបំពេញចន្លោះខ្វះខាតរបស់សព្វាវុធលោកខាងលិចដែលទំនើបជាង និងធំជាង។ ពួកគេយល់ឃើញថាអ៊ុយក្រែនបានក្លាយជាទីពិសោធន៍នៃសមរភូមិដែលបានប្រើប្រាស់អាវុធថោកតែក្នុងប្រសិទ្ធភាពខ្ពស់។ អ្នកម៉ៅការនៃក្រសួងការពារជាតិក៏បានធ្វើការកត់សម្គាល់ទៅលើឳកាសថ្មីមួយដើម្បីសិក្សាទីផ្សារដ្រូន និងប្រព័ន្ធរបស់វាផងដែរ។ នៅក្នុងរយៈកាលនៃជំលោះថ្មីៗ ភ្នាក់ងាររដ្ឋាភិបាលអាមេរិចបានធ្វើការផ្ញើនូវដ្រូនស៊ើបអង្កេតការណ៍កំរិតរូបភាពច្បាស់ និងមានទំងន់ស្រាលចំនួន៥ផងដែរ។ ដ្រូនទាំងនេះត្រូវបានផ្ញើទៅកាន់ក្រុមប្រតិបត្តិការពិសេសរបស់អាមេរិចនៅអឺរ៉ុបនៅក្នុងករណីដែលវាអាចទៅដល់ដៃអ៊ុយក្រែនបាន។ ប្រធានភ្នាក់ងារសំងាត់ National Geospatial-Intelligence Agency (NGA) ក៏ធ្លាប់បានធ្វើការផ្សព្វផ្សាយឡើងថាអាមេរិចបានបណ្តុះបណ្តាលដៃគូយោធានៅអឺរ៉ុបរួចហើយអំពីប្រព័ន្ធនេះ។ ថ្វីបើមានការខិតខំប្រឹងប្រែងពីក្រុមតូចមួយនៃរដ្ឋមន្រ្តីអាមេរិចយ៉ាងណា ក៏មិនប្រាកដច្បាស់ថាដ្រូននេះនឹងអាចយកទៅដល់ក្នុងចម្បាំងបានដែរ។ យោងទៅតាមសារព័ត៌មាន CNN បានរាយការណ៍មកថាដ្រូនដែលអាចធន់នៅក្នុងការវាយប្រហារដែលមានតំលៃថោក ជាអាវុធប្រើប្រាស់បានតែម្តង បានក្លាយទៅជាអាទិភាពខ្ពស់មួយសំរាប់អ្នកម៉ៅការនៃក្រសួងការពារជាតិ។