ភ្នំពេញ៖ បញ្ហាធំៗចំនួនពីរត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាលើកឡើងដោយសំដែងក្ដីបារម្ភ និងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ននាអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ នៅក្នុងពិធីជួបសំណេះសំណាលក្នុងការដ្ឋាន «មន្ទីរពេទ្យជាតិ តេជោសន្ដិភាព» នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បញ្ហាដែលសម្ដេចបារម្ភគឺគ្រោះថ្នាក់ចរាចរណ៍ និងអគ្គិភ័យ។
សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជាបានដាស់តឿន និងអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ទ្រូងផ្លូវទាំងអស់ឱ្យគោរពច្បាប់ចរាចរណ៍ និងត្រូវប្រុងប្រយ័ត្នខ្ពស់អំពីករណីអគ្គិភ័យនៅក្នុងអំឡុងពិធីសែនដូនតា។ របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ធ្លាប់បានឲ្យដឹងថា នៅរាល់ពិធីបុណ្យចូលឆ្នាំចិនតែងកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារការបើកបរល្មើសល្បឿន និងបើកបរក្នុងស្ថានភាពស្រវឹង។ ដោយឡែកនាឱកាសពិធីបុណ្យចូលឆ្នាំចិនកាលពីឆ្នាំ២០២២ក៏មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ តូបលក់ដូរ និងបន្ទប់ចំនួន៧ករណីដែរ ប៉ុន្តែមិនបង្កឱ្យមនុស្សរបួស និងស្លាប់នោះទេ៕