អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យហាវ៉ៃបានសហការគ្នាធ្វើកំណាយស្រាវជ្រាវពីការវិវត្តស្តីពី "ការគោរពពុទ្ធសាសនាថេរវាទ" ដោយផ្តោតលើការវិវត្តរបស់សហគមន៍មនុស្សក្នុងតំបន់នេះតាំងពីសម័យមុនអង្គររហូតមកដល់សម័យកណ្តាលថា មានការផ្លាស់ប្តូរដូចម្តេចខ្លះនាពេលដែល "វត្ត" មកជំនួសប្រាសាទសម័យអង្គរ ដោយបានក្លាយជាស្នូលរបស់សហគមន៍។ តាមរយៈទិន្នន័យ LiDAR បង្ហាញថា មានទួលលំនៅនៅផ្នែកពាយព្យប្រាសាទអង្គរវត្តនាសតវត្សរ៍ទី១២ត្រូវឈូសពង្រាបប្រហែលនៅសម័យកណ្តាល។
លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរាបានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃធ្វើកំណាយស្រាវជ្រាវនេះគឺក្នុងគោលបំណងដើម្បីស្វែងយល់ពីមូលហេតុនៃការប្រែប្រួលរចនាសម្ព័ន្ធទីក្រុង និងប្រជាសាស្ត្រក្នុងតំបន់អង្គរពីសតវត្សរ៍ទី១៣រៀងមក។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងគោលបំណតខាងលើនេះបានក្រុមការងារស្រាវជ្រាវបានបើករណ្តៅកំណាយចំនួន២០រណ្តៅទំហំ១x២ម នៅតាមទួល និងត្រពាំងក្នុងបរិវេណប្រាសាទអង្គរវត្ត។ ក្រៅពីនេះដើម្បីទទួលទិន្នន័យបន្ថែមទៀតអ្នកស្រាវជ្រាវបានខួងដីចំនួន១០៤រណ្តៅបន្ថែមទៀត។ គម្រោងស្រាវជ្រាវនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ ហើយនឹងបញ្ចប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។
លោក ទិន ទីណា ពន្យល់ថា ទិន្នន័យដែលទទួលបានពីការធ្វើកំណាយនេះអាចឱ្យយើងយល់ពីសហគមន៍មនុស្សរស់នៅក្នុងរាជធានីអង្គរ ដែលអាចឆ្លើយតបនឹងកត្តាប្រវត្តិសាស្ត្រធំៗមួយចំនួនដូចជា ការផ្លាស់ប្តូរមកកាន់ពុទ្ធសានាថេវាទវិញការធ្លាក់ចុះអំណាចកណ្តាលរបស់អង្គរការធ្លាស់ប្តូររាជធានីទៅភាគខាងត្បូង (ជុំវិញភ្នំពេញ) និងការវិលត្រឡប់នៃអំណាចកណ្តាលមួយរយៈខ្លីនៅសតវត្សរ៍ទី១៦នៃព្រះមហាក្សត្រសម័យលង្វែក។ លោកបន្ថែមថា នៅឆ្នាំ២០១៩-២០២០ក្រុមស្រាវជ្រាវទាំងពីរស្ថាប័នក៏បានធ្វើកំណាយស្រាវជ្រាវនៅគោកដូនប៉ុក គោកបាក់ និងគោកគង់ នៅតំបន់វត្តអធ្វា នៅគោករកា និងគោកព្រៃអំពិលកើត នៅតំបន់វត្តចេតិយ និងនៅគោកព្រៃអំពិលលិចនៅតំបន់វត្តព្រៃផ្តៅ។ គោលបំណងធ្វើកំណាយស្រាវជ្រាវនេះគឺដើម្បីប្រមូលទិន្នន័យពីសហគមន៍មនុស្សរស់នៅក្នុងតំបន់ជនបទរាជធានីអង្គរ។
លោក ហេង ពិភាល់ បណ្ឌិតបុរាណវិទ្យានៃសាកលវិទ្យាល័យហាវ៉ៃ និងជាប្រធានគម្រោងស្រាវជ្រាវបានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវនេះក្នុងគោលបំណងរកមើលពីការផ្លាស់ប្តូររចនាសម្ព័ន្ធទីក្រុងការផ្លាស់ប្ដូរវិទ្យាសាស្ត្រមានន័យថា គឺជាការស្វែងរកទីតាំងដែលមនុស្សធ្លាប់រស់នៅទូទៅ។ ការផ្លាស់ប្ដូរវិទ្យាសាស្ត្រនេះគឺវាទាក់ទងទៅនិងទេសភាព (ស្ថានដីទូទៅ) ថា តើសណ្ឋានដីដែលមនុស្សធ្លាប់រស់នៅមានការផ្លាស់ប្ដូរយ៉ាងណាខ្លះ?។ ទាក់ទងទៅនឹងប្រវត្តិសាស្ត្រធំៗមានដូចជា ការផ្លាស់ប្ដូរជំនឿសាសនាពីព្រហ្មញ្ញមកគោរពពុទ្ធសាសនាមហាយាននិងពុទ្ធសាសនាថេរវាទវិញនៅសតវត្សរ៍ទី១៣ តើបានជះឥទ្ធិពលអីខ្លះដល់ភូមិមនុស្សដែលធ្លាប់រស់នៅកណ្ដាលទីក្រុងអង្គរ និងតំបន់ជនបទជុំវិញអង្គរ? មួយវិញទៀតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលយើងធ្លាប់ដឹងតៗគ្នាគឺការផ្លាស់ប្តូររាជធានីអង្គរថា តើវាពិតជាការបោះបង់ចោលទីក្រុងអង្គរមែនឬយ៉ាងណា?។
ចាប់តាំងតែពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតមកដល់ត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្រុមអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញមកពីសកលវិទ្យាល័យ Hawai នៃសហរដ្ឋអាមេរិកបានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាចំនួន២០រណ្តៅ។ នៅតាមរណ្តៅកំណាយទាំងនោះគេបានរកឃើញខឿនវិហារនៃព្រះពុទ្ធសាសនា ថេរវាទធ្វើពីថ្មបាយក្រៀម ដែលមានបង្គោលសីម៉ាធ្វើពីថ្មភក់នៅព័ទ្ធជុំវិញជា៨ទិសព្រមទាំងរកឃើញបំណែកកុលាលភាជន៍ និងកំទេចធ្យូងដែលមនុស្សបុរាណបានប្រើប្រាស់ ដែលអាចយកសំណាកទាំងនោះទៅធ្វើការពិសោធន៍រកចម្លើយទិន្នន័យបាននៅពេលខាងមុខ។ ចាប់តាំងពីអំឡុងឆ្នាំ២០១៣មកក្រុមការងារស្រាវជ្រាវធ្លាប់បានធ្វើកំណាយនៅបរិវេណទួលខាងកើតនៃប្រាសាទអង្គរវត្តដោយគេបានរកឃើញសំបកក្រូចថ្លុង គ្រាប់ស្រូវ និងគ្រាប់កប្បាសដែលបន្សល់ទុកពីសម័យបុរាណប្រើប្រាស់៕