លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នេះបានដឹកនាំកិច្ចប្រជុំមន្ត្រីជំនាញរបស់ក្រសួង និងតំណាងរដ្ឋបាលខេត្តព្រះសីហនុដើម្បីពិនិត្យ និងដាក់ទិសដៅការងារសំខាន់ៗសំដៅត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារទេសចរណ៍មេគង្គលើកទី៥១ និងរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣។ ព្រឹត្តិការណ៍ទាំងនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៤ដល់២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុក្រោមប្រធានបទ “គិតគូរឡើងវិញពីភាពធន់ និងបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍"។
លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិបានគូសបញ្ជាក់ថា វេទិកាទេសចរណ៍មេគង្គគឺជាកម្មវិធីមួយស្ថិតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសមហាអនុតំបន់មេគង្គ (GMS) ដោយផ្តោតសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូររដ្ឋនិងឯកជន (PPP) ក្នុងវិស័យទេសចរណ៍ សំដៅអភិវឌ្ឍផលិតផល និងជំរុញការផ្សព្វផ្សាយទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គឲ្យក្លាយជាគោលដៅទាក់ទាញរួមគ្នា និងផ្តល់នូវបទពិសោធន៍ថ្មីនិងល្អឯកដល់ភ្ញៀវទេសចរ។
នៅក្នុងកិច្ចប្រជុំនោះលោក ថោង រដ្ឋសក្តិបានបង្ហាញពីរបៀបវារៈសំខាន់ៗក្នុងកម្មវិធីវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ដោយបានគ្រោងរៀបជាបទបង្ហាញរបស់អ្នកជំនាញអន្តរជាតិលើប្រធានបទចំនួន២រួមមាន៖ ១, ការគិតគូរឡើងវិញពីវិស័យទេសចរណ៍ និង២, គិតគូរឡើងវិញពីប្រព័ន្ធចំណីអាហារក្នុងវិស័យទេសចរណ៍។ ក្រៅពីនេះកម្មវិធីមានរៀបចំកិច្ចពិភាក្សាចំនួន៣រួមមាន៖ ១, ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា ២, គិតគូរឡើងវិញពីវិស័យម្ហូបអាហារដើម្បីការពារភពផែនដី ៣, ការពង្រឹងមូលធនមនុស្សដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍ដោយមានមានការចូលរួមពីអ្នកសម្របសម្រួល និងវាគ្មិនជាតិ និងអន្តរជាតិ មកពីស្ថាបនសាធារណៈ ឯកជន និងអ្នកជំនាញការអន្តរជាតិនានា។
នៅក្នុងកិច្ចប្រជុំនោះលោក ថោង ខុន បានផ្តល់អនុសាសន៍គន្លឹះនានាដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ខាងលើក្នុងនោះរួមមាន៖
១. រៀបចំបង្កើតគណៈកម្មការ និងអនុគណៈកម្មការអន្តរក្រសួងដើម្បីចែកតួនាទី និងភារកិច្ចឲ្យបានច្បាស់លាស់សំដៅនាធាដល់សុខសុវត្ថិភាព ផាសុកភាព និងបដិសណ្ឋារកិច្ចល្អដល់ប្រតិភូវាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ។
២. រៀបចំពិធីការទទួលស្វាគមន៍ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិនៅព្រលានយន្តហោះអន្តរជាតិ និងការជូនដំណើរតាមផ្លូវល្បឿនលឿន ឆ្ពោះទៅខេត្តព្រះសីហនុ និងដំណើរត្រឡប់វិញ។
៣. ឯកភាពលើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំក្រុមការងារទេសចរណ៍មេគង្គលើកទី៥១ និងរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ និងការរៀបចំទទួលអាហារស្វាគមន៍ និងពិធីលៀងសាយភោជន៍ដល់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិនៅព្រលានយន្តហោះអន្តរជាតិ។
៤. ជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើឲ្យបានកាន់តែទូលំទូលាយទាំងកម្រិតជាតិ និងអន្តរជាតិ។
៥. រៀបចំដំណើរទស្សនកិច្ចសម្រាប់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារ ព័ត៌មានជាតិ និងអន្តរជាតិ ដោយគ្រោងរៀបចំកញ្ចប់ទស្សកិច្ចជាពីរជម្រើសរួមមាន៖ ទស្សនាក្រុងព្រះសីហនុ និងគោលដៅទាក់ទាញទេសចរណ៍លើគោក និងទស្សនាដកបទពិសោធន៍សកម្មភាពមុជទឹកបាតសមុទ្រ៕