ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខភិបាលបានដាស់តឿនដល់សាធារណជនឱ្យមានថែរក្សាសុខភាព និងប្រុងប្រយ័ត្នអំពីចំណីអាហារដែលប្រារព្ធធ្វើក្នុងពិធីសែនដូនតាផ្សេងៗ ខណៈពិធីចូលឆ្នាំថ្មីប្រពៃណីចិនជិតចូលមកដល់នាពេលខាងមុខ។ នៅក្នុងសេចក្ដីណែនាំក្រើនរំលឹកមួយរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ជារៀងរាល់ឆ្នាំមានប្រជាពលរដ្ឋមួយចំនួនបានប្រារព្ធពិធីសែនដូនតាផ្សេងៗ ដែលមានការទិញទំនិញនិងការចរាចរនូវបសុបក្សីជាច្រើនដែលអាចមានហានិភ័យនៃការចម្លងនូវរសផ្តាសាយបក្សី ដែលមាននៅលើសត្វ និងនៅក្នុងបរិស្ថានមកមនុស្សបានគ្រប់ពេលវេលា។
សេចក្ដីណែនាំបានលើកឡើងថា ប្រសិនបើមិនមានការបង្ការបានត្រឹមត្រូវទេនោះនឹងអាចកើតមានជំងឺដង្កាត់ផ្សេងៗ និងការពុលចំណីអាហារ ឬពុលស្រា ស ផងដែរ ដែលចាំបាច់ត្រូវបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ដោយបុគ្គលម្នាក់ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ និងចៀសវាងការពុលចំណីអាហារនៅគ្រប់កាលៈទេសៈ។
ជាមួយគ្នានេះលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខភិបាលបានជំរុញឱ្យត្រួតពិនិត្យទីតាំងបិទស្រា ស ឬផលិតស្រា ស ហើយអ្នករៀបចំ ឬអ្នកផលិតស្រា ស ត្រូវធានានូវការអនុវត្តន៍តាមក្បួនបច្ចេកទេសត្រឹមត្រូវដោយមិនយកសារធាតុមេតាណុលមកលាយធ្វើជាស្រា ស ផ្តេសផ្តាសនោះឡើយហើយដាច់ខាតមិនត្រូវទិញ ឬផលិត ឬបរិភោគស្រា ស ដែលមិនមានប្រភពផលិតច្បាស់លាស់ ហើយមិនគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ឬយកមេតាណុលមកលាយធ្វើជាស្រា ស ដែលបង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត៕