បច្ចុប្បន្នពីមួយថ្ងៃទៅមួយថ្ងៃវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើន ហើយរាល់ការអភិវឌ្ឍនៅតាមតំបន់រមណីដ្ឋាននានាក៏ដូចជានៅតាមបណ្តាខេត្តសុទ្ធតែទទួលបានការគាំទ្រ និងមានអ្នកទេសចរទៅកម្សាន្តយ៉ាងច្រើនផងដែរ។ ជាក់ស្តែងកន្លែងសម្រាកលំហែកាយជាមួយធម្មជាតិមួយដែលមានឈ្មោះថា អារែង ខេមភីង (ARENG Camping) ក៏កំពុងអង្រួនចិត្តគ្រប់គ្នាឲ្យចង់ទៅលេងច្រើនណាស់ដែរ។ ដោយសារទីនោះពោរពេញទៅដោយធម្មជាតិពណ៌បៃតងខ្ចី ទឹកអូរហូរជាប់ជើងភ្នំ ពពកអ័ព្ទ ហើយនៅជុំវិញខ្លួនសុទ្ធតែធម្មជាតិមើលទៅពិតជាស្អាត និងស្រស់ស្រាយបំផុត។ ទីតាំងសម្រាកលំហែកាយជាមួយធម្មជាតិ អារែង ខេមភីង នេះមានទីតាំងស្ថិតក្នុងតំបន់ព្រៃធម្មជាតិដ៍ស្ងប់ស្ងាត់ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។
ក្រោយពីញាំញីដោយសារវិបត្តិជំងឺកូវីដ១៩តំបន់អារ៉ែងត្រូវបានអភិវឌ្ឍន៍ជាទីកន្លែងកម្សាន្តបែបធម្មជាតិពីសំណាក់វិស័យឯកជនដើម្បីបំពេញតម្រូវការសេវាកម្មស្នាក់នៅ និងលំហែកាយរបស់ភ្ញៀវទេសចរណ៍ស្ទើរគ្រប់រដូវកាល។ តំបន់ Areng Camping ស្ថិតនៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ។ ទីនេះត្រូវបានកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍យ៉ាងម៉ត់ចត់រហូតដល់ផ្តើមបើកទ្វារទទួលគ្រប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលលេងកម្សាន្តជាប់មិនដាច់។ លោក ភោគ សុខេម អ្នកគ្រប់គ្រង Areng Camping ធ្លាប់បានបញ្ជាក់កាលពីថ្មីៗនេះថា មូលហេតុដែលលោកកែច្នៃជាតំបន់ទេសចរណ៍ដ៏គួរទាក់ទាញនេះឡើងព្រោះថា តំបន់អារ៉ែងសំបូរទៅដោយសក្តានុពលអេកូទេសចរធម្មជាតិបែបលក្ខណៈនឹងទឹកជ្រោះព្រៃភ្នំបើធៀបខេត្តតំបន់ភ្នំដ៏ទៃទៀតក្នុងប្រទេសកម្ពុជា។
លោកបន្ថែមថា Areng Camping បានកំពុងតែក្លាយជាតំបន់ដ៏និយមមួយសម្រាប់អ្នកទេសចរគ្រប់មជ្ឈដ្ឋានដែលមានបំណងមកលំហែកាយកម្សាន្តដោយបម្រើសេវាកម្មដូចជា៖ កែច្នៃរថយន្តឱ្យក្លាយជាបន្ទប់ស្នាក់នៅផ្ទះតង់មានអាងទឹក ជិះខ្សែរ៉ត ជិះទូកតាមដងស្ទឹងអារ៉ែង បោះតង់ ជិះម៉ូតូទៅកាន់តំបន់កម្សាន្តផ្សេងៗ លេងបាញ់ធ្នូ និងទទួល ទានអាហារបែបអ្នកតំបន់អារ៉ែងជាដើម។ ជាមួយគ្នានោះលោកបានផ្តល់ឱកាសការងារដល់ពលរដ្ឋអ្នកភូមិផ្នែកសេវាកម្មក្នុងតំបន់អារ៉ែងប្រមាណ៥០នាក់ និងចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋបាលខេត្តកោះកុងផងដែរ។ ដោយឡែកក្រុមអ្នកទេសចរដែលមកពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗបង្ហាញក្តីចំណាប់អារម្មណ៍ចំពោះទេសភាពបៃតងនៃតំបន់អារ៉ែងថា ពិតជាស្រស់ស្រាយអាចបំបាត់ទុក្ខកង្វល់បានមួយចំនួនធំសម្រាប់ការសាកថ្មជីវិត។
ដោយឡែកលោក សុខ ចាន់គ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងបានមើលឃើញថា វិស័យទេសចរណ៍នៅខេត្តកោះកុងហាក់ងើបឡើងវិញបន្ទាប់ពីបញ្ហាជំងឺកូវីដ១៩បានធូរស្រាលដែលការបង្កើតតំបន់ទេសចរណ៍កាន់តែច្រើនគឺផ្តល់ឱកាសការងារ សេដ្ឋកិច្ចចំណូល និងទាក់ទាញភ្ញៀវទេសចរបានមកស្គាល់ទឹកដីអារ៉ែង។ លោកថា តំបន់អារ៉ែងលែងឯកោដូចពេលមុនៗហើយដោយសារតែរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តមន្ទីរពាក់ព័ន្ធផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍផ្លូវថ្នល់ ស្ពាន និងភ្លើងអគ្គិសនីដើម្បីផ្តល់ប្រយោជន៍ជូនពលរដ្ឋ និងអ្នកទេសចរផងដែរ។
លោកជឿជាក់ថា តំបន់ទេសចរណ៍មិនទាន់កែច្នៃដ៏ទៃទៀតនៅក្នុងខេត្ត នឹងត្រូវបានអភិវឌ្ឍន៍បន្ថែមក្នុងន័យទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តទៅរដូវកាលនីមួយៗ។Areng Camping ត្រូវបានវិនិយោគពង្រឹកអាជីវកម្មលើផ្ទៃដីសរុបជាង៣ហិកតាក្រោយការបើកប្រទេសស្តារសេដ្ឋកិច្ចឡើងវិញ។ បច្ចុប្បន្នអ្នកទេសចរជិត១ម៉ឺននាក់ហើយដែលមកលេងកម្សាន្តសុទ្ធតែកោតសរសើរមិនដាច់ពីមាត់ថា ភាពស្អាតប្លែកមិនចាញ់នឹងបរទេសតាមរយៈពង្រឹងគុណភាព និងសេវាកម្មទេសចរណ៍។ សូមបញ្ជាក់ថា តំបន់អេកូទេសចរណ៍អារ៉ែងមានសក្តានុពល ទី១. ព្រៃភ្នំ ២. ទឹកជ្រោះ ៣. សត្វព្រៃ ៤. ត្រីនាគ ៥. ក្រពើភ្នំ ៦. រូងភ្នំបូរាណ និង៧. របាំប្រពៃណី។ តំបន់អារ៉ែងមានទឹកជ្រោះ៣ កន្លែងគឺទឹកជ្រោះ ឆាយតាហ៊ីង ទឹកជ្រោះឆាយពួរប្រាំបួន និងទឹកជ្រោះឆាយអារ៉ែង។ នៅទីនោះគេអាចឡើងភ្នំម្រេចកង្កែបមើលទេសភាពសមុទ្រឈើនៅតំបន់អារ៉ែងទៀតផង។
ទីនោះសំបូរកន្លែងកំសាន្តបែបធម្មជាតិទេសភាពស្អាតៗ។ អារ៉ែងសំបូរទៅដោយសក្តានុពលទេសចរណ៍ធម្មជាតិល្អឯកមានគោលដៅទេសចរណ៍ជាង៦០ ដែលគួរទៅទស្សនាដូចជា តំបន់ទឹកធ្លាក់ឆាយអារ៉ែង ឆាយហ៊ីង អូរពោធិ៍ប្រាំបួន តំបន់ដើរផ្សងព្រេង (Trekking) តំបន់មើលថ្ងៃលិច ជម្រកសត្វក្រពើភ្នំ ជម្រកត្រីនាគ តំបន់ពាងក្រឡបុរាណតំបន់ជនជាតិភាគតិចកំពុងរស់នៅ។ តំបន់អេកូទេសចរណ៍អារ៉ែងមានចម្ងាយប្រមាណ២៤គីឡូម៉ែត្រពីទីរួមស្រុកថ្មបាំងដែលស្ថិតក្នុងភូមិសាស្ត្រភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង៕